នៅសប្តាហ៍នេះ ក្រុមសិទ្ធិមនុស្សនៅប្រទេសកម្ពុជាអំពាវនាវឲ្យអ.ស.ប.ស៊ើបអង្កេតការចោទប្រកាន់រឿងរំលោភសិទ្ធិមនុស្សលើអ្នកភូមិរស់នៅតំបន់គម្រោងវារីអគ្គិសនីធំៗពីរ។ អ្នកភូមិចង់ឲ្យរដ្ឋាភិបាលលុបចោលគម្រោងចម្រូងចម្រាសពីរនេះ ដោយលើកឡើងថា ទំនប់នេះប៉ះពាល់ការរស់នៅរបស់ពួកគេធ្ងន់ធ្ងរ។ ការអំពាវនាវនេះធ្វើឡើងមុនទស្សនកិច្ចរបស់អ្នកតំណាងពិសេសរបស់អ.ស.ប.អំពីសិទ្ធិមនុស្ស។
ក្រុមសិទ្ធិមនុស្សនិយាយថា ទំនប់វារីអគ្គិសនីពីរនេះ មួយនៅភាគឦសាន មួយទៀតនៅនិរតីប្រទេសកម្ពុជានឹងប៉ះពាល់ខ្លាំងក្លាដល់ជីវភាពរស់នៅរបស់ប្រជាជននិងបរិស្ថាន។
អ្នកស្រី Ame Trandem នាយិកាកម្មវិធីប្រចាំតំបន់របស់អង្គការទន្លេអន្តរជាតិ ដែលជាអង្គការមិនរកកម្រៃនិយាយថា ពួកគេចង់ឲ្យអ.ស.ប.ស៊ើបអង្កេតការប៉ះពាល់ដល់មនុស្សដោយសារគម្រោងនេះ។ អ្នកស្រីប្រាប់វីអូអេតាម Skype ថា៖ «យើងគិតថា ទំនប់ពីរនេះធ្វើឲ្យអន្តរាយ ជាពិសេសដល់សហគមន៍មូលដ្ឋាន និងតំបន់ ហើយគួរតែលុបចោល»។
ទំនប់មួយទៀតដែលធំ និងកាន់តែនាំឲ្យព្រួយបារម្ភនោះគឺទំនប់សេសានក្រោម២ ដែលចំណាយទឹកប្រាក់៨០០លានដុល្លារ។ ទំនប់នេះគ្រោងធ្វើនៅទន្លេសេសានដែលជាដៃសំខាន់របស់ទន្លេមេគង្គ នៅភាគខាងជើងជិតព្រំដែនប្រទេសឡាវ។
ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាមុនទៅដល់សមុទ្រនៅភាគខាងត្បូងប្រទេសវៀតណាម ហើយមនុស្ស៦៥លាននាក់នៅក្នុងប្រទេសចំនួន៤រស់នៅដោយពឹងអាស្រ័យលើទន្លេនេះ។ អ្នកបរិស្ថាននិយាយថា ទំនប់សេសានក្រោម២នឹងធ្វើឲ្យអន្តរាយត្រីទឹកសាបក្នុងតំបន់ដែលអ្នកជំនាញម្នាក់ប្រមាណថា ផលនេសាទត្រីក្នុងតំបន់នឹងត្រូវធ្លាក់ចុះជិត១០% គឺប្រមាណ២០០ពាន់តោនក្នុងមួយឆ្នាំ ដោយសារទំនប់នេះ។
ការប៉ះពាល់ដល់អាហារូបត្ថម្ភនឹងមានទំហំធំធេង ព្រោះប្រជាជនកម្ពុជាទទួលបានជាតិប្រូតេអ៊ីនក្នុងរបបអាហាររបស់ខ្លួនពីការបរិភោគត្រីទឹកសាប។
ទំនប់សេសានក្រោម២ ដែលអ្នកស្រី Trandem និយាយថា មានការប៉ះពាល់បំផុតនៅក្នុងតំបន់នេះ ក៏នឹងបង្ខំឲ្យមនុស្សច្រើនពាន់នាក់រើផ្ទះសម្បែង ហើយវានឹងរាំងស្ទះលំហូរដីល្បប់ដល់ទៅ៨%ក្នុងទន្លេមេគង្គ។
អ្នកស្រី Trandem និយាយថា៖ «ហើយដីល្បប់មានសារៈសំខាន់ណាស់សម្រាប់កសិកម្ម ហើយវាក៏ជួយមិនឲ្យច្រាំងទន្លេមានការប្រែប្រួល ឬបាក់ច្រើនដែរ។ ដូច្នេះ នេះក៏ជាការគំរាមកំហែងដ៏ធំសម្រាប់ប្រទេសវៀតណាម និងដីសណ្តរមេគង្គផងដែរ។
តំបន់នេះមានបណ្តាញទន្លេ ស្ទឹងជាច្រើន ដែលជាប្រភពចំណីអាហារផងដែរ។ តំបន់នេះជាឆ្នាំងបាយសម្រាប់មនុស្សនៅតំបន់អាស៊ីអាគ្នេយ៍។ ទំនប់ទន្លេសេសានក្រោម២នេះនឹងគំរាមកំហែងឆ្នាំងបាយនេះ»។
ទំនប់វារីអគ្គិសនីមួយទៀតគឺទំនប់ស្ទឹងជាយអារ៉ែង នៅខេត្តកោះកុង នៅភាគនិរតីប្រទេសកម្ពុជា។ ប្រសិនបើគម្រោងទំនប់វារីអគ្គិសនីនេះបន្តធ្វើនោះ ប្រជាជនជនជាតិដើម១៥០០នាក់ ដែលរស់នៅតំបន់ជ្រលងជាយអារ៉ែងនឹងត្រូវបង្ខំឲ្យចាកចេញ។ ក្រុមសិទ្ធិមនុស្សនិយាយថា ទំនប់នេះនឹងមានការប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននៅក្នុងតំបន់។
រដ្ឋាភិបាលប្រកាន់ជំហរថា ប្រទេសកម្ពុជាត្រូវការបង្កើតថាមពលច្រើនថែមទៀត ដើម្បីបំពេញតម្រូវការច្រើនឡើងៗ ហើយថាការធ្វើទំនប់ដោយក្រុមហ៊ុនចិន គ្រប់គ្រងដោយរដ្ឋាភិបាលចិន និងផ្តល់មូលនិធិដោយប្រាក់កម្ចីពីរដ្ឋាភិបាលក្រុងប៉េកាំងនេះ គឺជាដំណោះស្រាយមានរឿងចម្រូងចម្រាសច្រើន។
រដ្ឋាភិបាលក៏បានទទូចដែរថា ទំនប់នេះផ្តល់ផលប្រយោជន៍ បើទោះជាមានការប៉ះពាល់ដល់សង្គម និងបរិស្ថានក្តី។
លោកសៅ សុភាព នាយកខុទ្ទកាល័យនៅក្រសួងបរិស្ថាននិយាយថា តាមការយល់ដឹងរបស់លោក មិនមានផែនការលុបចោលទំនប់វារីអគ្គិសនីសេសានក្រោម២ដែលមានកម្លាំងថាមពល៤០០មេហ្កាវ៉ាត់នេះទេ។ ចំណែកទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង លោកបានបន្ថែមថា ការសិក្សាវាយតម្លៃអំពីផលប៉ះពាល់ខាងបរិស្ថាននិងសង្គមនៅកំពុងដំណើរការនៅឡើយ ហើយការសម្រេចចិត្តថា តើគម្រោងនេះនឹងត្រូវបន្ត ឬក៏ត្រូវផ្អាកនោះ នឹងធ្វើជាក្រោយ។
«មិនមានការសម្រេចចិត្តផ្លូវការក្នុងការលុបគម្រោងនេះចោលទេ។ ឥឡូវនេះគឺយើងទុកឲ្យក្រុមហ៊ុនធ្វើការសិក្សាវាយតម្លៃអំពីការប៉ះពាល់ដល់បរិស្ថាន និងការប៉ះពាល់សង្គម។ ក្រុមហ៊ុនត្រូវធ្វើការវាយតម្លៃនេះជាមុនដើម្បីឲ្យរដ្ឋាភិបាលបានដឹងច្បាស់ មុនសម្រេចចិត្តថា គម្រោងនេះត្រូវបន្ត ឬលុបចោល»។
លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិរបស់អង្គការវេទិកាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា (NGO Forum on Cambodia) ដែលជាក្រុមចម្រុះនៃអង្គការមិនរកកម្រៃ។ លោកនិយាយថា មេរៀនកើតចេញពីជម្លោះនេះបង្ហាញថា រដ្ឋាភិបាល និងក្រុមហ៊ុនដែលទាក់ទងនឹងគម្រោងបែបនេះ ត្រូវចាប់ផ្តើមស្តាប់ប្រជាពលរដ្ឋសាមញ្ញ។
លោកនិយាយថា៖ «ដំណើរការចូលរួមពីប្រជាពលរដ្ឋនៅមានកម្រិតតិចតួចណាស់ សម្រាប់គម្រោងអភិវឌ្ឍទ្រង់ទ្រាយធំដូចជាទំនប់វារីអគ្គិសនី សម្បទានដីធ្លី និងសម្បាទានរ៉ែជាដើម។ ការចែករំលែកព័ត៌មានក៏មានតិចតួចដែរ ជាពិសេសការចែករំលែកព័ត៌មានពីថ្នាក់ជាតិមកថ្នាក់សហគមន៍។ នេះជាឫសគល់នៃការយល់ច្រឡំរវាងសហគមន៍ រដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា»។
កាលពីថ្ងៃចន្ទ ក្រុមអង្គការមិនរកកម្រៃដែលពាក់ព័ន្ធ បានបញ្ជូនរបាយការណ៍ចំនួន៤០ទំព័រទៅលោក Surya Subedi អ្នករាយការណ៍ពិសេសរបស់អ.ស.ប.អំពីសិទ្ធិមនុស្ស ដោយសរសេរអំពីការរំលោភបំពាន ដែលគេបានឃើញថា កើតមានទៅលើប្រជាជនក្នុងតំបន់ដែលទទួលផលប៉ះពាល់ដោយសារទំនប់ទាំងពីរនេះ។ គេចង់ឲ្យអ.ស.ប.ស៊ើបអង្កេត និងស្វែងរកដំណោះស្រាយសម្រាប់ផលប៉ះពាល់នេះ។
លោក Surya Subedi ដែលគ្រោងទៅប្រទេសកម្ពុជាធ្វើទស្សនកិច្ចរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី១៧មករា បានសរសេរតាមអ៊ីម៉េលថា លោកមិនអាចធ្វើអត្ថាធិប្បាយអំពីរបាយការណ៍នោះទេ លុះត្រាតែលោកធ្វើការបញ្ជាក់អំពីខ្លឹមសារ និងបានស្តាប់ភាគីរដ្ឋាភិបាលជាមុនសិន។ លោកនិយាយថា លោកនឹងពិនិត្យមើលស្ថានការណ៍នេះ ដែលលើកឡើងអំឡុងទស្សនកិច្ចរបស់លោក៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ