មន្ត្រី​រដ្ឋាភិបាល​៖ ការ​ហាម​មិន​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ប្រទេស​ដោយ​សារ​ខ្លាច​ខូច​​ព្រលាន​យន្តហោះ‍​និង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ

រូបឯកសារ៖ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ទទួល​កម្រង​ផ្កា នៅពេល​លោក​បាន​មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០១៥។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ​បាន​ថ្លែង​នៅ​​ថ្ងៃ​ច័ន្ទ​នេះ​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​រដ្ឋ​មាន​ការ​ព្រួយបារម្ភ​នៃ​ការ​ផ្ទុះ​ឡើង​សកម្មភាព​ធ្វើ​បាតុកម្ម​នានា ទើប​អាជ្ញាធរ​សម្រេច​ហាម​ឃាត់​មិន​ឲ្យ​លោក ​សម រង្ស៊ី​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា។

លោក ​សម​ រង្ស៊ី ប្រឈម​នឹង​ការ​បាត់​ឱកាស​វិល​មក​ធ្វើ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​ យល់​ថា​ ជា​ការ​បំផ្លិច​បំផ្លាញ​ដល់​សន្តិសុខ​ជាតិ​ ប្រសិន​បើ​មាន​ការ​អនុញ្ញាត​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ជាន់​ទឹកដី​កម្ពុជា។​ ក្រុម​អ្នក​សង្កេតការណ៍​នយោបាយ​កម្ពុជា​លើក​ឡើង​ថា រដ្ឋាភិបាល​កាន់​តែ​បារម្ភ​ពី​កម្លាំង​គាំទ្រ​គណបក្ស​ប្រឆាំង​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​រាំង​ខ្ទប់​លោក​ សម រង្ស៊ី ​មិន​ឲ្យ​វិល​ចូល​ប្រទេស​កំណើត​លោក។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ​បាន​ថ្លែង​នៅថ្ងៃ​ច័ន្ទ​នេះ​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​រដ្ឋ​មាន​ការ​ព្រួយបារម្ភ​នៃ​ការ​ផ្ទុះ​ឡើង​សកម្មភាព​ធ្វើ​បាតុកម្ម​នានា ទើប​អាជ្ញាធរ​សម្រេច​ហាម​ឃាត់​មិន​ឲ្យ​លោក ​សម រង្ស៊ី​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​មេ​ដឹក​នាំ​រូប​នេះ​កំពុង​ធ្វើ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង។

ក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ​កម្ពុជា​យល់​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ ដោយ​ពួក​គេ​មើល​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កំពុង​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ពី​ភាព​ភ័យ​ខ្លាច​របស់​ខ្លួន​ចំពោះ​កម្លាំង​គាំទ្រ​លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា​ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ព្យាយាម​បញ្ចប់​ជីវិត​នយោបាយ​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ។

លោក​ តឹករ៉េត​ សំរេច​ រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ប្រាប់​ VOA​ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ឆ្លង​តាម​បទពិសោធន៍​នៃ​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​អ្នក​គាំទ្រ​លោក​ សម រង្ស៊ី​ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ពេល​កន្លង​មក​ អាជ្ញាធរ​បាន​សន្និដ្ឋាន​ថា ​សកម្មភាព​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បតិ្ត​ក្នុង​ព្រលាន​យន្តហោះ​អាច​នឹង​កើត​មាន​ឡើង​ ប្រសិន​បើ​ការ​មក​ដល់​របស់​លោក​ សម រង្ស៊ី​ បាន​កើត​ឡើង​ក្នុង​ស្ថានភាព​ចម្រូងចម្រាស។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​ពន្យល់​ថា៖

«ដូច​ជា​គាត់​មក​លើក​មុន​ គឺ​មាន​បាតុកម្ម​ មាន​កេណ្ឌ​មនុស្ស​ទៅ​ជាច្រើន​ ហើយ​លើក​នេះ​ក្នុង​នាម​ជា​អាជ្ញាធរ​រដ្ឋ​ហ្នឹង​ មិន​ពាក់ព័ន្ធ​គណបក្ស​អី​ទេ​ ព្រោះ​កាល​ណា​គាត់​ យើង​គិត​ថា ​គាត់​អាច​មាន​មនុស្ស​ច្រើន​ហួស​ហេតុ​ទៅ​កន្លែង​ហ្នឹង​ ហើយ​មាន​បញ្ហា។​ អញ្ចឹង​បើ​សិន​មា​ន​បញ្ហា​ណាមួយ​កើត​ឡើង​ គឺ​អាច​ប៉ះពាល់​ច្រើន​ណាស់​ ចំពោះ​ infrastructure (ហេដ្ឋារចនាសម្ព័ន្ធ) ​ចំពោះ​វាល​យន្តហោះ​ ចំពោះ​រចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​ រាប់​រយ​លាន​ដុល្លារ​ អញ្ចឹង​ដើម្បី​ទប់​ស្កាត់​ដើម្បី​កុំ​ឲ្យ​វា​មាន​បញ្ហា​ នៅ​ក្នុង​នាម​អាជ្ញាធរ​រដ្ឋ​គឺ​ យើង​ត្រូវ​ពិនិត្យ​ដោះស្រាយ​ជាមុន»។

​យោង​ទៅ​តាម​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចុះ​ហត្ថលេខា​ដោយ​លោក​ តឹករ៉េត​ សំរេច​ នៅ​ថ្ងៃ​ទី​១២ ​ខែ​តុលា​ បាន​លើក​ឡើង​វិធានការ​បួន​សំខាន់ៗ​នៃ​ការ​រារាំង​មិន​ឲ្យ​លោក​ សម រង្ស៊ី ដែល​ចាត់​ទុក​ថា​ ជា​បុគ្គល​ម្នាក់​មិន​ឲ្យ​វិល​ចូល​ក្នុង​ទឹកដី​កម្ពុជា។​ វិធានការ​ទី​មួយ​ គឺ​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់​ដែល​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​មក​កម្ពុជា​ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បុគ្គល​ [លោក​ សម រង្ស៊ី] ​នេះ​ឡើង​យន្តហោះ​មក​កម្ពុជា​ទេ​ ហើយ​ត្រូវ​ផ្តល់​របាយការណ៍​ទៀងទាត់​ក្នុង​ករណី​បុគ្គល​នេះ​ទិញ​សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​មក​កម្ពុជា។

វិធានការ​ទី​ពីរ​ ក្នុង​ករណី​ដែល​បុគ្គល​ សម​ រង្ស៊ី​ ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​តាម​រយៈ​យន្តហោះ​ណា​មួយ​ យន្តហោះ​នោះ​នឹង​ត្រូវ​បង្ខំ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​អាកាស​យានដ្ឋាន​ដើម​វិញ​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ចុះចត​នៅ​កម្ពុជា​ឡើយ។

វិធានការ​ទីបី​ ក្នុង​ករណី​យន្តហោះ​ដឹក​បុគ្គល​ សម រង្ស៊ី​ ចុះចត​ដល់​អាកាស​យានដ្ឋាន​ណាមួយ​នៅ​កម្ពុជា​ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចាក​ចេញ​ពី​យន្តហោះ​ឡើយ​ និង​ត្រូវ​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ។​ វិធានការ​ចុងក្រោយ​គឺ​ ក្នុង​ករណី​ដែល​បុគ្គល​នេះ​ បាន​ចាក​ចេញ​ផុត​ពី​យន្តហោះ​ នគរបាល​អន្តោប្រវេសន៍​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​កុំ​ឲ្យ​បុគ្គល​នេះ​ចូល​ក្នុង​កម្ពុជា​បាន និង​ចាត់​វិធានការ​ផ្សេង​ទៀត​តាម​ការ​ចាំបាច់។

នៅ​ពេល​ VOA ​សួរ​លោក​ថា​ តើ​ការ​រារាំង​មិន​ឲ្យ​លោក​ សម រង្ស៊ី​ ជាន់​ទឹកដី​កម្ពុជា​ ជា​ចេតនា​ធ្វើ​ឲ្យ​កម្លាំង​បក្ស​ប្រឆាំង​ចុះ​ខ្សោយ​ និង​ជា​ទង្វើ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ដែរ​ឬទេ​ លោក​ តឹករ៉េត សំរេច​ បាន​បញ្ជាក់​ថា​ ការ​វិលត្រឡប់​របស់​លោក​ សម រង្ស៊ី​ ចូល​ក្នុង​ទឹកដី​កម្ពុជា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។​ លោក​ថ្លែង​ថា៖

«មិន​ដឹង​ជា​អ្នក​នយោបាយ​លើក​ឡើង​ក្នុង​បំណង​បែប​អី​ទេ​បាទ​ បើ​យើង​ដឹង​ថា​ គាត់​មក​បញ្ហា​ធំ​ ឧទាហរណ៍​ថា​ បើ​ឆេះ​ព្រលាន​យន្ត​ហោះ​ ឬ​ក៏​ខូច​កប៉ាល់​ហោះ​គេ​មួយ​ ១០០​ ២០០​លាន​ដុល្លារ​មួយ​គ្រឿង​ តើ​អ្នក​ណា​ទទួល​ខុស​ត្រូវ?​ បើ​សិន​យើង​គិត​ថា​ អនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់​មក​បង្ក​ចលាចល​ ហើយ​រដ្ឋធម្មនុញ្ញ​ត្រូវ​តែ​ធ្វើ​អញ្ចឹង​ បើក​ឲ្យ​មនុស្ស​ហ្នឹង​បំផ្លាញ​ទៀត​ អា​ហ្នឹង​ឲ្យ​គេ​បកស្រាយ​អញ្ចឹង​ចុះ។ ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​នេះ​ គឺក្នុង​នាម​ជារដ្ឋ គឺ​ក្នុង​នាម​ជា​អាជ្ញាធរ​រដ្ឋ​ ដែល​ត្រូវ​តែ​ការពារ​ នូវ​ការ​អ្វី​ដែល​ស្ថិត​ក្រោម​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន»។

រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) ប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​អ្នក​គាំទ្រ​ស្វាគមន៍​នៅ​ពេល​ដែល​លោក​បាន​មក​ដល់​កន្លែង​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ​២០១៣។

​កាល​ពី​ឆ្នាំ​២០១៣ លោក​ សម រង្ស៊ី​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​មុនការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស។ ប្រជារាស្ត្រ​ខ្មែរ​ជា​ច្រើន​សែន​នាក់​ បាន​ទៅ​ទទួល​ស្វាគមន៍​ និង​ហែរហម​រូប​លោក​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដែល​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ តែ​ពុំ​មាន​អំពើ​ហិង្សា​ណា​មួយ​បាន​កើត​ឡើង​នោះ​ទេ។

លោក មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ ប្រាប់​ VOA ថា​ រដ្ឋាភិបាល​មិន​មាន​ចេតនា​អនុញ្ញាត​ឲ្យ​លោក​ សម រង្ស៊ី​ មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ព្រោះ​ថា​ គណបក្សប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋាភិបាល​កំពុង​ភ័យ​ខ្លាច​ពី​ការ​កើន​ឡើង​ខ្លាំង​នៃ​ប្រជាប្រិយភាព​របស់​លោក​ សម រង្ស៊ី។​ លោក​ថា​ រដ្ឋាភិបាល​ក៏​មិន​អាច​ចាប់​លោក​ សម រង្ស៊ី​ បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ផង​ដែរ​ ព្រោះ​បារម្ភ​ក្រែង​មាន​ចលនា​តស៊ូ​ណាមួយ​កើត​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល។

លោក​បញ្ជាក់​បន្ថែម​ថា​ រដ្ឋាភិបាល​កំពុង​តែ​ប្រើ​គ្រប់​មធ្យោបាយ​ ក្នុង​ការ​គាប​សង្កត់​ និង​ធ្វើ​ឲ្យ​ក្រុម​បក្ស​ប្រឆាំង​កាន់​តែ​ចុះ​ខ្សោយ​ទៅ​ ដូច​គ្រា​ចុង​ឆ្នាំ​១៩៤០​ ដែល​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​បាន​រំលាយ​ចោល​ នៅ​ពេល​ពួក​គេ​ព្យាយាម​នាំ​លទ្ធិប្រជាធិបតេយ្យ​មក​កាន់​កម្ពុជា។

អ្នក​វិភាគ​រូប​នេះ​បញ្ជាក់​ថា៖

«អញ្ចឹង​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​មើល​ទៅ​ក៏​ វា​ហាក់​ដូច​មាន​ជីវិត​ដូច​ប្រហែល​គ្នា​ ដែល​ថា​ គំនាប​ទាំង​ឡាយ​បាន​ធ្វើ​មក​លើ​អ្នក​ប្រជាធិបតេយ្យ​ ឬ​ក៏​គណបក្ស​ប្រឆាំង​ហ្នឹង​គឺ​ស្រដៀង​គ្នា​ ហើយ​វា​អាច​នឹង​ឈាន​ចូល​ទៅ​ ការ​រំលាយ​គណបក្ស​ធំៗ​ ដែល​ជា​គណបក្ស​ប្រឆាំង​ហ្នឹង​ ក៏​អាច​ថា​បាន​ដែរ​ បើ​សិន​ជា​ស្ថានភាព​នៅ​តានតឹង​បែបនេះ»។

លោក​ សម រង្ស៊ី​ បាន​គេច​ទៅ​រស់​នៅ​ប្រទេស​បារាំង​ បន្ទាប់​ពី​សភា​ដែល​មាន​តែ​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៥​ លុបចោល​សមាជិកភាព​របស់​លោក​ ជា​អ្នក​តំណាងរាស្ត្រ ដើម្បី​ឲ្យ​លោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​ ក្នុង​សំណុំ​រឿងបរិហារកេរ្តិ៍​ទាក់ទង​នឹង​ការ​ថ្លែង​របស់​លោក​ដែល​ថា​ លោក ​ហោ ណាំហុង​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ឃុបឃិត​ជាមួយ​នឹង​ក្រុម​ខ្មែរក្រហម ​ពេល​ដែល​លោក ហោ ណាំហុង​ នៅ​ជាប់​ក្នុង​ពន្ធនាគារ​បឹងត្របែក។

លោក​ សូ ចន្ថា​ សាស្រា្តចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ ​ប្រាប់​ VOA ​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​ បាន​កំពុង​បង្ហាញ​ចេតនា​របស់​ខ្លួន​ក្នុង​ការ​ផ្តាច់​ជីវិត​នយោបាយ​របស់​លោក​ សម រង្ស៊ី​ ដែល​លោក​យល់​ថា​ នៅ​មិន​ទាន់​មាន​សេចក្តី​ក្លាហាន​វិល​ចូល​ប្រទេស​ដើម្បី​ប្រឈម​នឹង​គំនាប​នានា​ពី​រដ្ឋាភិបាល។

លោក​សាស្ត្រាចារ្យ​ថ្លែង​បញ្ជាក់​ថា៖​

«ការណ៍​ដែល​រារាំង​បែប​នេះ​ ​គោលដៅ​ធំ​បំផុត​គឺ​ចង់​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក​ សម រង្ស៊ី​ ពីព្រោះ​នៅ​ពេល​ដែល​លោក​ សម រង្ស៊ី​ នៅ​ក្រៅ​ប្រទេស​ ​ហើយ​មិន​អាច​វិល​ត្រឡប់​មក​ស្រុក​វិញ​បាន​ អញ្ចឹង​មាន​ន័យ​ថា​ គាត់​ពិបាក​ក្នុង​ធ្វើ​នយោបាយ ​ហើយ​ក៏​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​មើល​ឃើញ​អំពី​ភាព​ជា​អ្នក​ដឹកនាំ​របស់​លោក សម​ រង្ស៊ី​ ដែល​លោក​ប្រកាស​ថា​ ត្រឡប់​មក​ស្រុក​វិញ​ជា​រឿយៗ​ ក៏​ប៉ុន្តែ​លោក​ហាក់​ដូច​ជា​មិន​អាច​ត្រឡប់​មក​បាន​ ហើយ​គួប​ផ្សំ​នឹង​ការ​រារាំង​របស់​រដ្ឋាភិបាល​ទៀត​នោះ​បាទ»។

លោក​សាស្ត្រាចារ្យ​ថ្លែង​បន្ត​ថា​ លោក​ សម​ រង្ស៊ី​ អាច​បង្ហាញ​សេចក្តី​កា្លហាន​របស់​លោក​ ក្នុង​ការ​វិល​ត្រឡប់​មក​ប្រទេស​ នៅ​គ្រា​មាន​ការ​រារាំង​នេះ​ ប្រយោជន៍​ដើម្បី​ទាញ​យក​សំឡេង​ឆ្នោត​ ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ខាង​មុខ។​ លោក​បន្ថែម​ថា​ សហគមន៍​អន្តរ​ជាតិ​ ក៏​នឹង​មិន​នៅ​ស្ងៀម​ចំពោះ​បម្រាម​ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ ដែល​មាន​បំណង​បិទ​ទាំងស្រុង​ច្រក​ចេញ​ចូល​ប្រទេស​កម្ពុជា​ដល់​លោក​ សម រង្ស៊ី​ ដែល​ជា​អ្នក​ទោស​នយោបាយ​និង​មិន​មែន​ជា​ឧក្រិដ្ឋ​ជន​នោះ។

​លោក​ សម រង្ស៊ី​ មិន​បាន​ឆ្លើយ​តប​សំណួរ​តាម​សារ​អេឡិចត្រូនិក​ ឬ​ Email ពាក់ព័ន្ធ​នឹង​ជំហរ​របស់​លោក​ក្នុង​ការ​វិលត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា។​ ប៉ុន្តែ​លោក​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា​ លោក​ប្តេជ្ញា​ចិត្ត​នឹង​វិល​មក​ប្រទេស​កម្ពុជា តែ​មិន​បាន​បញ្ជាក់​ថា​ តើ​លោក​នឹង​វិល​មក​វិញ​តាម​វិធី​ណា​នោះ​ទេ។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ក៏​បាន​បញ្ជាក់​កាល​ពី​ពេល​កន្លងមក​ថា​ ការ​រស់​នៅ​ក្រៅ​ប្រទេស​អាច​បើក​ផ្លូវ​ឲ្យ​លោក​ធ្វើការ​តស៊ូ​នយោបាយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ផង​ដែរ។​ លោក​បាន​លើក​ពី​លោក​ប្រធានាធិបតី​បារំាង Charles de Gaulle​ ដែល​គេច​ខ្លួន​ទៅ​ប្រទេស​អង់គ្លេស ដើម្បី​ធ្វើ​ការ​តស៊ូ​រំដោះ​ប្រទេស​បារាំង​ពី​ការ​គ្រប់គ្រង​របស់​ប្រទេស​អាល្លឺម៉ង់​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២៕