គ្រិស្តសាសនិក​ប្រារព្ធ​ពិធី​បុណ្យ​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​

ក្រុម​អ្នក​កាន់​គ្រិស្ត​សាសនា​និកាយ​កាតូលិក​កាន់​ទៀន​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ព្រះ​យេស៊ូ​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​​ព្រះវិហារ​គ្រិស្ត​សាសនា​ Holy Sepulcher ទីក្រុង​ហ្ស៊េរុយសាឡិម​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៥។

នៅ​ថ្ងៃ​អាទិត្យ​នេះ​ ក្រុម​គ្រិស្ត​សាសនិក​នៅ​ទូទាំង​ពិភពលោក​ប្រារព្ធ​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ជំនឿ​សាសនា​របស់​ពួកគេ​គឺ​ ​ថ្ងៃ​បុណ្យ​ដែល​ក្រុម​អ្នក​កាន់​គ្រិស្ត​សាសនា​មាន​ជំនឿ​ថា ​ជា​ការ​រស់​ទ្បើង​វិញ​នៃ​ព្រះយេស៊ូ​ បី​ថ្ងៃ​ក្រោយ​ពី​ព្រះអង្គ​ត្រូវ​បាន​ដំ​ដែក​គោល​ចង​ឈើឆ្កាង​។

ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​ជា​ច្រើន​នាក់​ ដោយ​រួម​មាន​បញ្ចូល​និកាយ​ប្រូតេស្តង់ និង​កាតូលិក ​បាន​ទៅ​កាន់​ព្រះវិហារ​គ្រិស្ត​នៅ​ថ្ងៃ​បុណ្យ​នេះ​ ​ទោះ​បី​ជា​ពួក​គេ​មិន​សូវ​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ផ្សេង​ទៀត​ក៏​ដោយ។​

មាន​ទំនៀម​ទម្លាប់​មួយ​ចំនួន​ក្នុង​ពិធី​បុណ្យ​ព្រះយេស៊ូ​មាន​ព្រះ​ជន្ម​រស់​ ​ដោយមាន​រួម​បញ្ចូល​ទាំង​ការចូលរួម​ក្នុង​ពិធី​សូត្រធ៌ម​ក្នុង​ព្រះវិហារ​គ្រិស្ត​នៅ​ពេល​ថ្ងៃ​រះ​និង​មាន​ការ​លាប​ពណ៌​ពង​មាន់​ផង​ដែរ។

សម្តេច​ប៉ាប Francis ប្រារព្ធ​ថ្ងៃ​ពិសិដ្ឋ​នេះ​ដោយ​ព្រះអង្គ​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិ​ធី​សូត្រ​ធម៌​ Mass Roman Catholic មួយ​នៅ​ក្នុង​ទីលាន​ St. Peter។​

ក្រុម​អ្នក​កាន់​គ្រិស្ត​សាសនា​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ជិត​ព្រះវិហារ​គ្រិស្ត​សាសនា​ Holy Sepulcher ​ នៅ​ត្រង់​កន្លែង​ដែល​អ្នក​គោរព​គ្រិស្ត​សាសនា​ច្រើន​នាក់​ជឿ​ថា​ព្រះយេស៊ូ​ត្រូវ​បាន​ដំ​ដែក​គោល​ចងឈើ​ឆ្កាង​ហើយ​ត្រូវ​បញ្ចុះ​សព​នៅ​ទី​នោះ​។

ក្រុម​អ្នក​កាន់​គ្រិស្ត​សាសនា​ និកាយ​ Eastern Orthodox នឹង​ប្រារព្ធ​បុណ្យ​ព្រះ​យ៉េស៊ូ​មាន​ព្រះជន្ម​រស់​នៅ​សប្តាហ៍​ក្រោយ៕