ក្នុងពេលដែលមន្រ្តីជាន់ខ្ពស់ផ្នែកយោធារបស់ចិនបំពេញទស្សនកិច្ចនៅកម្ពុជា នាវាចម្បាំងរបស់ចិនក៏បានចូលមកមូលដ្ឋានកងទ័ពរាមក្នុងខេត្តព្រះសីហនុផងដែរ។ ការចូលមកនេះ ខណៈចិនកំពុងជួយធ្វើទំនើបកម្មមូលដ្ឋានកងទ័ពនេះ ដែលកំពុងបង្កជាភាពចម្រូងចម្រាស ដោយមានក្តីបារម្ភពីសហរដ្ឋអាមេរិកថាមូលដ្ឋាននេះនឹងត្រូវបានប្រើប្រាស់ដោយកងទ័ពចិន។
នាយឧត្ដមសេនីយ៍ លោក ហឺ វ័យទុង (He Weidong) អនុប្រធាន គណៈកម្មាធិការយោធាមជ្ឈិមបក្សចិន ដែលជាមន្រ្តីយោធាជាន់ខ្ពស់បំផុតរបស់ចិនបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។
បើតាមហ្វេសប៊ុករបស់លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា បានអមដំណើរឪពុករបស់លោក គឺលោក ទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិទៅស្វាគមន៍នាវាដែលបានចូលសំចតនៅកំពង់ផែសមុទ្ររាម ដើម្បីត្រៀមហ្វឹកហ្វឺននាយនាវឹកកងទ័ពជើងទឹកកម្ពុជា។ នេះបើតាមហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលបង្ហោះសារអមជាមួយរូបភាពមួយចំនួន។ លោក ទៀ បាញ់ ក៏បានត្រួតពិនិត្យការសាងសង់មូលដ្ឋាននានា «ដែលជាសំណង់ដ៏ធំមួយនឹងលើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកមានភាពរីកចម្រើនមួយកម្រិតថែមទៀត»។
បើតាមរូបភាព គេឃើញមាននាវាចម្បាំងរបស់ចិន២គ្រឿងចូលចត ហើយក៏មានមន្រ្តីយោធាចិនក្នុងសម្លៀកបំពាក់ពណ៌សផងដែរ។
សារព័ត៌មានThe South China Morning Post ចុះផ្សាយថានាវាចម្បាំងដែលចូលមកនេះ មានឈ្មោះថាWenshan ប្រភេទ056A។
លោក ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាលោកមិនទាន់មានរបាយការណ៍ផ្លូវការអំពីការចូលសំចតរបស់នាវាចម្បាំងអ្វីឡើយ។ ដូច្នេះលោកបដិសេធមិនអត្ថាធិប្បាយ។
លោកថ្លែងថា៖ «ខ្ញុំអត់ទាន់មានយោបល់ ព្រោះអត់មានរបាយការណ៍អ្វីមកដល់ខ្ញុំ»។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកបានលើកឡើងថាខ្លួនកំពុងតាមដានរបាយការណ៍នៃនាវាចម្បាំងចិនដែលចូលមកមូលដ្ឋានទ័ពរាមនេះ។ នេះបើតាមសារព័ត៌មានReuters។ អ្នកនាំពាក្យបញ្ជាក់ទៀតថាអាមេរិកមាន«ក្តីបារម្ភជាខ្លាំងអំពីគម្រោងរបស់ចិនក្នុងការគ្រប់គ្រងផ្តាច់មុខផ្នែកណាមួយនៃមូលដ្ឋានជើងទឹករាមនេះ»។
បើតាមសារព័ត៌មាន Reuters សហរដ្ឋអាមេរិកបានជំរុញឱ្យកម្ពុជាធានាថាចិននឹងមិនត្រូវបានអនុញ្ញាតឱ្យមានវត្តមានឬបំពាក់បច្ចេកវិទ្យាសម្ងាត់នៅមូលដ្ឋានរាម ដែលអាមេរិកថា«នឹងធ្វើឱ្យអធិបតេយ្យភាពរបស់កម្ពុជាចុះខ្សោយ បំពានរដ្ឋធម្មនុញ្ញ និងប៉ះពាល់សន្តិសុខតំបន់»។ បច្ចេកវិទ្យាសម្ងាត់នេះសំដៅលើសមត្ថភាពតាមដាន ឬក៏ការដាក់ប្រព័ន្ធរ៉ាដាផ្សេងៗ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ និងស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបាននៅឡើយទេ។
ចំណែកលោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលមានវត្តមាននៅពេលទទួលស្វាគមន៍នាវាចិន អះអាងថាលោកកំពុងនៅតាមផ្លូវមិនសូវមានសេវាទូរស័ព្ទ ដូច្នេះលោកមិនអាចអត្ថាធិប្បាយអ្វីបានឡើយ។
លោក ឈុំ សុជាត លើកឡើងថាកម្ពុជាធ្លាប់បានបដិសេធជាច្រើនដងហើយលើការចោទប្រកាន់របស់អាមេរិក ដូច្នេះលោកថាមិនមានអ្វីត្រូវបកស្រាយច្រើនឡើយ។
កាលពីខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលកាន់អំណាចជានាយករដ្ឋមន្រ្តី បានជាង៣ខែ បានថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិថាកម្ពុជាប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែករដ្ឋឯករាជ្យ និងមិនអនុញ្ញាតឱ្យបរទេសណាមួយសាងសង់មូលដ្ឋានទ័ពនៅកម្ពុជាឡើយ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «កម្ពុជាប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងឈ្លានពានរដ្ឋឯករាជ្យណាមួយ។ កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងប្រទេសផ្សេងទៀត»។
អ្នកជំនាញលើផ្នែកសមុទ្រចិនខាងត្បូង លោក Gregory Poling នៅមជ្ឈមណ្ឌលCenter for Strategic and International Studies (CSIS) សហរដ្ឋអាមេរិកលើកឡើងថាក្តីបារម្ភចម្បងមួយសម្រាប់អាមេរិក និងដៃគូរបស់គេ គឺការបំពាក់ប្រព័ន្ធរ៉ាដា ដែលចិនអាចដាក់នៅមូលដ្ឋានទ័ពរាម។ នេះបើតាមសារព័ត៌មានReuters។
លោក មាស នី អ្នកតាមដាន និងអ្នកវិភាគនយោបាយម្នាក់ ថ្លែងថាការបំពេញទស្សនកិច្ចរបស់កងយោធានៃប្រទេសមួយក្នុងប្រទេសកម្ពុជាជារឿងធម្មតានៃទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេស។ ប៉ុន្តែលោកថាដោយសារកម្ពុជាកំពុងស្ថិតនៅក្រោមខ្សែភ្នែកនៃភូមិសាស្រ្តនយោបាយ ដូច្នេះការចូលសំចតនៃនាវាចិន បង្កជា«មន្ទិលសង្ស័យ»ថែមទៀតពីសហរដ្ឋអាមេរិក។ លោកបន្ថែមថាកម្ពុជាត្រូវបង្ហាញជំហរថាខ្លួនស្ថិតនៅកណ្តាលរវាងមហាអំណាចទាំងពីរ។
បើតាមលោក មាស នី កម្ពុជាស្ថិតក្នុង«ភាពលំបាកបំផុត» ដោយសារតែកម្ពុជាបានធ្លាក់ចូលក្នុងគន្លងមួយដែលធ្វើឱ្យមានការសង្ស័យ។
លោកប្រាប់វីអូអេថា៖ «វាអាស្រ័យលើកម្ពុជាថាតើកម្ពុជានឹងបង្ហាញអ្វីនៅពេលខាងមុខ ដើម្បីឱ្យមានជាទំនុកចិត្តពីសហរដ្ឋអាមេរិក។ ហើយខ្ញុំគិតថាវាមានការពិបាកណាស់នៅក្នុងការលាក់ ប្រសិនបើកម្ពុជាព្យាយាមលាក់ ឬក៏លាក់វាមិនជិត រឿងហ្នឹងវាចេះតែធ្លាយម្តងបន្តិចៗ»។
លោកបន្ថែមថាប្រសិនបើកម្ពុជាអាចលាក់បាំងបានពីសហរដ្ឋអាមេរិក ប៉ុន្តែវាក៏ពិបាកនឹងលាក់បានពី«ចារកម្មរបស់វៀតណាម»៕