ចំនួនអ្នកទេសចរអន្តរជាតិដែលមកកាន់កម្ពុជាគិតត្រឹមខែកញ្ញាឆ្នាំនេះបន្តកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយចំនួនអ្នកទេសចរចិនស្ថិតនៅក្នុងចំណាត់ថ្នាក់ទីមួយ ខណៈចំនួនភ្ញៀវទេសចរពីបស្ចិមប្រទេសធ្លាក់ចុះ។ នេះបើយោងទៅតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍។
លោកគង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ បានប្រាប់ VOA នៅថ្ងៃពុធនេះថា គិតមកត្រឹមខែកញ្ញាឆ្នាំនេះ ចំនួនអ្នកទេសចរអន្តរជាតិមកកម្ពុជាមានចំនួនប្រមាណជាង៤លាន៨សែននាក់ដែលនេះជាកំណើន១០ភាគរយធៀបនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។ លោកបានបន្តថា ក្រសួងសង្ឃឹមថា នៅដំណាច់ឆ្នាំ២០១៩នេះ ចំនួនអ្នកទេសចរអន្តរជាតិនឹងកើនដល់ប្រមាណ៦លាន៧សែននាក់។
ប្រធាននាយកដ្ឋានស្ថិតិក្រសួងទេសចរណ៍រូបនេះបានថ្លែងប្រាប់ VOA ថា កំណើនអ្នកទេសចរមកពីប្រទេសចិនមិនមែនជាមូលហេតុធ្វើឲ្យចំនួនអ្នកទេសចរមកពីតំបន់អឺរ៉ុបថយចុះនោះទេ ដោយសារតែវិស័យទេសចរណ៍នៅកម្ពុជាគឺអាស្រ័យទៅលើការផ្គង់ផ្គង់ដែលមាននៅក្នុងវិស័យនេះ។
«ប៉ុន្តែ ខ្ញុំគិតថា សម្រាប់កំណើនទេសចរចិនធ្វើឲ្យទេសចរអឺរ៉ុបថយចុះដែលមកលេងស្រុកយើង ខ្ញុំគិតថា ដូចជាមិនសូវត្រូវ និយាយតាមត្រង់។ ធម្មតានៅស្រុកយើង យើងមានផលិតផលទេសចរណ៍ខុសៗគ្នា ដែលតម្រូវទៅតាមទីផ្សារប្រកួតរបស់យើង»។
អ្នកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ VOA ថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានសង្កេតឃើញការថយចុះភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប ស្របពេលដែលភ្ញៀវទេសចរមកពីប្រទេសចិនមានការកើនឡើង។
អ្នកស្រីស៊ីវលីនបាននិយាយថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងកំណើនអ្នកទេសចរចិនដែលបង្កឲ្យមានបញ្ហាសណ្តាប់ធ្នាប់គឺជាមូលហេតុនៅពីក្រោយការថយចុះនៃអ្នកទេសចរពីតំបន់អឺរ៉ុបមកកម្ពុជា។
«ការខូចខាត ជាពិសេសការខូចខាតរចនាសម្ព័ន្ធផ្លូវថ្នល់ ការតភ្ជាប់មួយចំនួន ហើយនឹងការកើនឡើងនៃទេសចរចិនក៏បានធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ខ្លះ នៅតាមតំបន់ខ្លះដែលជាតំបន់ទាក់ទាញភ្លៀវទេសចរអឺរ៉ុប»។
លោកគង់ សុភារក្សប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ បានលើកឡើងថា នៅក្នុងឆ្នាំ២០១៩នេះ គិតមកត្រឹមខែកញ្ញា ចំនួនអ្នកទេសចរចិនមានប្រមាណ១សែន៨ម៉ឺន៦ពាន់នាក់ ដែលមានកំណើន២៩ភាគរយធៀបនឹងឆ្នាំមុន។ ផ្ទុយទៅវិញ ចំនួនអ្នកទេសចមកពីតំបន់អឺរ៉ុបមានប្រមាណ៥សែន៦ម៉ឺន២ពាន់នាក់ ដែលមានការថយចុះជិត៦ភាគរយធៀបនឹងឆ្នាំមុន។
ចំនួនអ្នកទេសចរអន្តរជាតិនៅឆ្នាំ២០១៨ មានប្រមាណ៦លាន២សែននាក់ដែលមានកំណើនជិត១២ភាគរយធៀបនឹងឆ្នាំ២០១៧ ដែលអ្នកទេសចរអន្តរជាតិមានប្រមាណ៥លាន៦សែននាក់។ នេះបើយោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ខែកញ្ញាឆ្នាំ២០១៩ ដែល VOA ទទួលបាន។
អ្នកស្រីឆាយ ស៊ីលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានអំពាវនាវឲ្យមានការវិនិយោគបន្ថែមទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងការផ្គត់ផ្គង់សេវាកម្មនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ដើម្បីទាក់ទាញឲ្យមានភ្ញៀវទេសចរបរទេសបន្ថែមមកកាន់ប្រទេសកម្ពុជា៕