ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីនៅក្នុងទីក្រុងហាណូយមិនបានធ្វើការតវ៉ាដោយចំហទៅនឹងប្រទេសឡាវ ដែលជាប្រទេសធ្វើការអភិវឌ្ឍទំនប់ទឹកនេះនោះទេ ដោយសារតែវៀតណាមដឹងថា ឡាវមានការគាំទ្រពីប្រទេសជិតខាងដែលមានអំណាចខ្លាំងជាងខ្លួន នោះគឺប្រទេសចិន។
ផ្ទុយទៅវិញ បណ្ដាមេដឹកនាំវៀតណាមកំពុងទាក់ទងជាមួយនឹងប្រទេសឡាវដោយប្រុងប្រយ័ត្នអំពីបញ្ហាទំនប់ទឹកនេះ។ ក្រុមអ្នកស្រាវជ្រាវនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយថា ដោយសារតែការព្រួយបារម្ភរបស់ខ្លួន ប្រទេសដីគោកតូចមួយនេះនឹងស្វែងរកជំនួយបន្ថែមពីរដ្ឋាភិបាលក្រុងប៉េកាំង។ ប្រទេសវៀតណាមមិនសូវចុះសម្រុងជាមួយនឹងប្រទេសចិននោះទេ ហើយមានការខឹងសម្បាចំពោះការពង្រីកអំណាចរបស់ចិននៅក្នុងផ្នែកផ្សេងៗក្នុងតំបន់អាស៊ី។
អ្នកជំនាញទាំងនោះនិយាយថា ការព្រួយបារម្ភថ្មីនៅក្នុងទីក្រុងហាណូយបង្ហាញថា វៀតណាមមិនអាចចាត់ទុកប្រទេសឡាវជាប្រទេសទទួលការណែនាំពីវៀតណាម ដូចដែលខ្លួនធ្លាប់ធ្វើពីមុននោះទេ។
លោក Murray Hiebert ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននិយាយថា៖ «វៀតណាមមានការព្រួយបារម្ភថា ឡាវកំពុងស្វះស្វែងដើម្បីសង់ទំនប់នៅទន្លេមេគង្គ។ ទោះជាវៀតណាមបានជជែកដោយស្ងាត់ៗជាមួយនឹងប្រទេសឡាវក៏ដោយ ក៏វៀតណាមមិនទាន់មានជម្រើសច្បាស់ណាមួយដើម្បីចាត់វិធានការជាសាធារណៈ និងថ្កោលទោសប្រទេសឡាវនោះទេ»។
ឡាវធ្លាប់ដើរតាមវៀតណាម
ពីមុនប្រទេសវៀតណាមទទួលបានផលចំណេញពីប្រទេសឡាវ។ វិទ្យាស្ថានស្រាវជ្រាវរបស់អាមេរិកដែលមានឈ្មោះថា GlobalSecurity.org បានឲ្យដឹងថា នៅក្នុងសតវត្សរ៍ទី១៩ ស្តេចឡាវ «បានបង្ហាញការគោរពដល់តុលាការវៀតណាម» ក្នុងទំនាក់ទំនងមួយដែលគាំទ្រដល់ជំហររបស់វៀតណាមចំពោះប្រទេសចិននៅពេលនោះ។
វិទ្យាស្ថានអាមេរិកនេះបានឲ្យដឹងទៀតថា ប្រទេសឡាវបានក្លាយជា «ប្រទេសស្តាប់តាមការណែនាំ» របស់វៀតណាម នៅក្នុងទសវត្សរ៍១៩៨០ បន្ទាប់ពីប្រទេសវៀតណាមបានជួយគាំទ្រដល់គណបក្សកុំម្មុយនិស្តឡាវ។ នៅក្នុងសង្គ្រាមវៀតណាមក្នុងទសវត្សរ៍១៩៦០ ទាហានវៀតណាមខាងជើងរាប់ពាន់នាក់ឈរជើងនៅក្នុងប្រទេសឡាវ ដើម្បីរក្សាបណ្តាញទំនាក់ទំនង Ho Chi Minh Trail ដ៏សំខាន់មួយ។ សព្វថ្ងៃនេះ មេដឹកនាំឡាវដែលស្ថិតនៅក្នុងគណបក្សកុំម្មុយនិស្តនៅតែសិក្សានៅក្នុងសាលាវៀនក្នុងទីក្រុងហាណូយ។
ចាប់តាំងពីទសវត្សរ៍១៩៨០មក ប្រទេសវៀតណាមមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងលើការវិនិយោគផ្នែករោងចក្រផលិតកម្ម ខណៈដែលប្រទេសឡាវភាគច្រើនពឹងផ្អែកលើកសិកម្ម។ ធនាគារអភិវឌ្ឍន៍អាស៊ីនិយាយថា ប្រមាណ២៣%នៃប្រជាជនឡាវចំនួន៦លាន៩សែននាក់រស់នៅក្នុងភាពក្រីក្រ បើប្រៀបធៀបទៅនឹងចំនួន៦%នៃប្រជាជនវៀតណាមដែលមានចំនួន៩៥លាននាក់។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនដែលមានប្រាក់ជាងវៀតណាម បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធដែលមិនងាយទទួលបាន ឲ្យប្រទេសឡាវ។ ហេដ្ឋារចនាសម្ព័ន្ធដែលគេកត់សម្គាល់ខ្លាំងមានដូចជាបណ្តាញផ្លូវរថភ្លើងល្បឿនលឿន និងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងមួយចំនួនស្ថិតនៅក្រោម «គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន ឬ BRI» រយៈពេល៦ឆ្នាំ ដែលមានគោលបំណងជំរុញពាណិជ្ជកម្មបរទេសរបស់ចិននៅជុំវិញតំបន់អាស៊ីនិងអឺរ៉ុប។ ប្រាក់ជំនួយរបស់ចិនក៏បានប្រើប្រាស់ដើម្បីកសាងផ្លូវ និងស្ពានមួយចំនួននៅក្នុងប្រទេសនេះផងដែរ។
គម្រោងវារីអគ្គិសនីរបស់ឡាវដែលមានឈ្មោះថា ទំនប់ Xayaburi ត្រូវបានគេរំពឹងថានឹងកាត់បន្ថយលំហូរទឹក ទិន្នផលត្រី និងធនធានផ្សេងៗសម្រាប់មនុស្សប្រមាណជា៥០លាននាក់នៅទន្លេប៉ែកខាងក្រោម ដែលភាគច្រើនស្ថិតនៅក្នុងប្រទេសវៀតណាម។
ភាពរកាំរកូសរវាងវៀតណាមនិងចិន
ប្រទេសចិននិងវៀតណាមមានជម្លោះដែនដីជាមួយនឹងគ្នាអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ ឥឡូវប្រទេសទាំងពីរកំពុងមានជម្លោះលើសមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធានត្រី។ ប្រទេសទាំងពីរមានទំនាក់ទំនងល្អតែលើក្រដាសប៉ុណ្ណោះ ប៉ុន្តែជម្លោះអធិបតេយ្យភាពដែនសមុទ្ររារាំងប្រទេសទាំងពីរមិនឲ្យមានទំនាក់ទំនងស្អិតរមួតនោះទេ។
លោក Stephen Nagy សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកសិក្សាអន្តរជាតិនិងនយោបាយនៅសាកលវិទ្យាល័យ International Christian University ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចដល់ប្រទេសឡាវនិងកម្ពុជា ដើម្បីធ្វើឲ្យប្រាកដប្រជាថា ចិនទទួលបានការគាំទ្រលើបញ្ហាតំបន់ រួមទាំងបញ្ហាមួយចំនួនដែលប្រទេសវៀតណាមមានជំហរផ្សេងផងដែរ។
ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសចិនបានវិនិយោគទឹកប្រាក់ចន្លោះពី៤០០លានទៅ៧០០លានដុល្លារក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០១០មក នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្រមួយនិងមានគោលនយោបាយគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងតាំងពីទសវត្សរ៍ឆ្នាំ១៩៦០។ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបង្ហាញថា នៅត្រឹមខែកញ្ញា ឆ្នាំ២០១៧ ប្រទេសចិនបានវិនិយោគទឹកប្រាក់សរុបប្រមាណ៦,៣ប៊ីលានដុល្លារនៅក្នុងប្រទេសឡាវ។
លោក Nagy និយាយថា «ជាឧទាហរណ៍ ប្រទេសចិនអាចនឹងផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចបន្តិច និងធ្វើឲ្យប្រាកដប្រជាថា ប្រទេសទាំងពីរនេះមិនយល់ព្រមជាមួយនឹងគោលការណ៍សំឡេងតែមួយរបស់អាស៊ាន ឬនៅពេលផលប្រយោជន៍របស់ចិន និងវៀតណាមមានការប៉ះទង្គិចគ្នា។ រដ្ឋាភិបាលចិនអាចជះឥទ្ធិពលជាវិជ្ជមានលើប្រទេសឡាវ និងកម្ពុជា»។ អាស៊ានគឺជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកចំនួន១០ប្រទេស។
ប្រទេសវៀតណាមពឹងផ្អែកកាន់តែច្រើនលើប្រទេសជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង និងតៃវ៉ាន់ សម្រាប់ការវិនិយោគ។ ប្រាក់ជំនួយរបស់ជប៉ុនបានជួយកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសវៀតណាម។
នយោបាយក្នុងតំបន់
លោក Trung Nguyen ដែលជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រហូជីមិញ និយាយថា ប្រទេសវៀតណាមកំពុងតាមដានការកើនឡើងនៃការវិនិយោគចិននៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីអ្វីដែលអាចកើតឡើង ប្រសិនបើចិនបន្ថែមប្រាក់ជំនួយរបស់ខ្លួននៅក្នុងប្រទេសឡាវ។
ប្រទេសកម្ពុជាជាធម្មតាគាំទ្រចិនលើបញ្ហាអាស៊ាន រួមទាំងគោលនយោបាយដែនសមុទ្រ ពាក់ព័ន្ធនឹងជម្លោះអធិបតេយ្យភាពរវាងវៀតណាម និងចិនផងដែរ។
លោក Nguyen និយាយថា «ខ្ញុំគិតថា ស្ថានភាពនេះជាអ្វីដែលរដ្ឋាភិបាលវៀតណាមខ្លាច។ នេះហើយជាមូលហេតុដែលរដ្ឋាភិបាលចិននិងវៀតណាមលេងល្បែងប្រទាញយកប្រទេសឡាវ»។
ប្រទេសវៀតណាមកំពុងបង្ហាញថា ខ្លួនសង្ឃឹមថានឹងបន្តធ្វើការជាមួយនឹងប្រទេសឡាវក្រោមលក្ខខណ្ឌរបស់ខ្លួន។
កាលពីថ្ងៃទី៩ ខែតុលា សហភាពយុវជនមកពីប្រទេសទាំងពីរបានពិភាក្សាបន្ថែមសកម្មភាពសម្រាប់ក្មេងៗនៅតាមព្រំដែន ដើម្បីជាមធ្យោបាយមួយក្នុងការបង្កើនសហប្រតិបត្តិការនាពេលអនាគត។
កាលពីដើមខែតុលា នាយករដ្ឋមន្ត្រីរបស់ប្រទេសទាំងពីរបានយល់ព្រមរក្សាការផ្លាស់ប្តូរជាផ្លូវការនូវអ្វីដែលសារព័ត៌មានផ្លូវការរបស់វៀតណាម Viet Nam News ហៅថា «ជាមធ្យោបាយកាន់តែមានភាពងាយស្រួល មានប្រសិទ្ធភាព និងច្បាស់លាស់ជាងមុន ដោយផ្តោតលើការចែករំលែកបទពិសោធន៍ និងស្វែងរកដំណោះស្រាយដើម្បីដោះស្រាយឧបសគ្គ និងបញ្ហាលំបាកនានា»៕