នៅថ្ងៃពុធ ពលរដ្ឋចិននៅទីក្រុងប៉េកាំង បាននាំគ្នាស្តុកទុកស្ពៃក្តោប អង្ករ និងម្សៅសម្រាប់រដូវរងា បន្ទាប់ពីរដ្ឋាភិបាលបានជំរុញឲ្យប្រជាជនស្តុកទំនិញសំខាន់ៗក្នុងករណីមានគ្រោះអាសន្ន ទោះបីជារដ្ឋាភិបាល បានធានាថា មានការផ្គត់ផ្គង់គ្រប់គ្រាន់បន្ទាប់ពីមានការភ័យស្លន់ស្លោទិញស្បៀងទុកក៏ដោយ។ នេះ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីជូនដំណឹងប្រចាំឆ្នាំកាលពីថ្ងៃចន្ទ ជំរុញឱ្យអាជ្ញាធរធ្វើការងារឱ្យបានល្អដើម្បីធានាថា នឹងមានម្ហូបអាហារគ្រប់គ្រាន់ និងទំនិញមិនឡើងថ្លៃ មុនចូលដល់រដូវរងា បន្ទាប់ពីមានការឡើងថ្លៃបន្លែកាលពីពេលថ្មីៗនេះ និងការរាលដាលនៃនៃជំងឺកូវីដ១៩ ថ្មីៗនេះ។
ប៉ុន្តែការណែនាំរបស់ក្រសួងឱ្យគ្រួសារនានាស្តុកទុកស្បៀងចាំបាច់ប្រចាំថ្ងៃក្នុងករណីមានគ្រោះអាសន្ននោះ ក៏បានជំរុញឱ្យមានភាពច្របូកច្របល់យ៉ាងខ្លាំង ហើយបាននាំឱ្យមនុស្សប្រញាប់ប្រញាល់ទៅផ្សារទំនើបដើម្បីទិញប្រេងឆា និងអង្ករថែមទៀត៕