ជនជាតិចិនជាច្រើនមានបំណងចង់វិនិយោគលើលំនៅដ្ឋាននៅក្រៅប្រទេស និងចង់បានការការពារក្នុងករណីមានការផ្ទុះឡើងការរាតត្បាតជំងឺម្តងទៀតដើម្បីកាត់បន្ថយហានិភ័យសេដ្ឋកិច្ចនៅស្រុកកំណើត។
លោក Daniel Bian អ្នករស់នៅទីក្រុងសៀងហៃផឹកស្រាមើលទិដ្ឋភាពដ៏ស្រស់ត្រកាលរាជធានីថៃ ខណៈដែលលោកដេកលើកៅអីបត់ក្បែរអាងហែលទឹកនៅជាន់ទី១៩ នៃខុនដូដ៏ប្រណីតមួយ។
លោក Bian ដែលមានអារម្មណ៍រំភើប ពាក់វ៉ែនតាការពារកម្តៅថ្ងៃ មួកពណ៌ខៀវទឹកសមុទ្រ និងអាវគ្របចង្កេះ ហើយសក់របស់លោកធ្លាក់ជាប់ស្មារបស់លោកបាននិយាយថា «ខ្ញុំមានអារម្មណ៍ថា វារស់រវើក។ ខ្ញុំមានអារម្មណ៍ថា មានសេរីភាព។ នេះគឺជាសុបិនរបស់ខ្ញុំ»។
ដោយជាប់នៅក្នុងប្រទេសចិនអស់រយៈពេល ៣ឆ្នាំដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ១៩ដ៏តឹងតែងបំផុតក្នុងពិភពលោក លោក Bian ស្ថិតក្នុងចំណោមពលរដ្ឋចិនដីគោកជាច្រើនដែលប្រមាញ់ទិញអចលនទ្រព្យនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចាប់តាំងពីពេលរដ្ឋាភិបាលក្រុងប៉េកាំងបានបើកព្រំដែនរបស់ខ្លួននៅឆ្នាំនេះ។
ជនជាតិចិនជាច្រើនមានបំណងចង់វិនិយោគលើលំនៅដ្ឋាននៅក្រៅប្រទេស និងចង់បានការការពារក្នុងករណីមានការផ្ទុះឡើងនៃជំងឺរាតត្បាតស្រដៀងគ្នាណាមួយម្តងទៀតដើម្បីការពារហានិភ័យសេដ្ឋកិច្ចនៅស្រុកកំណើត។
ទិន្នន័យពីគេហទំព័រ Trip.com បានបង្ហាញថា ប្រទេសថៃគឺជាទិសដៅដ៏ពេញនិយមបំផុតសម្រាប់អ្នកធ្វើដំណើរចិនក្នុងអំឡុងថ្ងៃឈប់សម្រាកនៃទិវាពលកម្មនៅខែឧសភានេះ ដែលនៅលេខរៀងបន្ទាប់គឺប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
សាលាអន្តរជាតិល្អៗ និងបរិក្ខារពេទ្យមានគុណភាពក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងទាក់ទាញចំនួនអ្នកដែលចង់ទិញផ្ទះទីពីរកាន់តែច្រើន។
ប្រទេសថៃរំពឹងថា នឹងមានភ្ញៀវទេសចរចិនយ៉ាងហោចណាស់៥លាននាក់នៅឆ្នាំ ២០២៣ ដែលអ្នកខ្លះគ្រោងនឹងទិញអចលនទ្រព្យ ទោះបីជាតួលេខនេះនៅតែខុសគ្នាឆ្ងាយពីចំនួននៅមុនពេលមានជំងឺកូវីដ១៩ ដែលនៅពេលនោះមានចំនួនជិត១/៣ ភ្ញៀវទេសចរចំនួន៤០លាននាក់។
លោក Mesak Chunharakchot ប្រធានសមាគមអចលនទ្រព្យថៃបាននិយាយថា៖ «ច្បាស់ណាស់ មានតម្រូវការមកពីប្រទេសចិន ដែលចង់ទិញអចលនទ្រព្យក្នុងប្រទេសថៃ»។
លោកបានប្រាប់សារព័ត៌មាន Reuters ថា បញ្ជីទីតាំងពេញនិយមរបស់អ្នកទិញគឺនៅក្នុងទីក្រុងធំៗដូចជា ទីក្រុងបាងកក ទីក្រុងឈៀងម៉ៃនៅតំបន់ភ្នំភាគខាងជើង រមណីយដ្ឋានប៉ាតាយ៉ានៅឆ្នេរខាងកើត និងតំបន់ Isan នៅភាគឦសាននៃប្រទេស។
លោក Mesak Chunharakchot បាននិយាយថា «ជនជាតិចិនទិញផ្ទះ បញ្ជូនកូនទៅសាលាអន្តរជាតិ និងឱ្យឪពុកម្តាយពួកគេមកស្នាក់នៅក្នុងប្រទេសថៃដើម្បីមើលថែចៅៗ»។
ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ភ្ញៀវទេសចរចិនជិត២៧០.០០០ នាក់បានមកលេងប្រទេសថៃក្នុងខែមីនា ដែលជាតួលេខដ៏ខ្ពស់មួយរយៈពេលបីឆ្នាំ បើទោះបីវាជាតួលេខទាបជាងចំនួន ៩៨៥.២២៧ នាក់ក្នុងខែមីនានៅឆ្នាំ២០១៩ មុនពេលផ្ទុះជំងឺរាតត្បាតក៏ដោយ។
ចំនួននិស្សិតចិននៅសាលាអន្តរជាតិសិង្ហបុរីបាងកក (Singapore International School Bangkok) បានកើនឡើងពី ១២% ទៅ១៣% នៅដើមឆ្នាំនេះ ឬកើនឡើងចំនួន ៤០០ នាក់ពី ៣.១០០ នាក់នៅក្នុងបរិវេណសាលាចំនួន៤កន្លែងដែលនេះលើសពីចំនួន៦% នៅមុនការរាតត្បាតជំងឺក្នុងឆ្នាំ២០១៩។
នាយកប្រតិបត្តិសាលាលោក Kelvin Koh បានប្រាប់សារព័ត៌មាន Reuters ថា «នៅក្នុងប្រទេសចិន នៅពេលអ្វីៗត្រូវបានបិទភ្លាមៗ គ្មាននរណាម្នាក់អាចចេញទៅក្រៅបានទេ។ ការណ៍នេះប៉ះពាល់ដល់ការគិតរបស់គ្រួសារចិន»។
ទោះបីជាមានច្បាប់ថៃដែលរឹតត្បិតកម្មសិទ្ធិរបស់ជនបរទេសបានត្រឹមតែ ៤៩% នៃចំណែកឯកជនក្នុងគម្រោងអភិវឌ្ឍន៍ខុនដូណាមួយក៏ដោយ ក៏អ្នកទិញនាពេលអនា គតកំពុងនាំគ្នាចូលក្នុងប្រទេសថៃ ដោយនាំយកអាជីវកម្មមកឱ្យភ្នាក់ងារអចលនទ្រព្យដែលយកអ្នកទិញជនជាតិចិនជាគោលដៅ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន