ការ​តវ៉ា​នៅ​ចិន​នាំ​ឱ្យ​មាន​ការ​ចង​ចាំ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ឆ្នាំ ១៩៨៩ ​នៅ​ទីលាន Tiananmen

រូបឯកសារ៖ បាតុករប្រមូលផ្តុំគ្នានៅលើដងផ្លូវក្នុងអំឡុងបាតុកម្មមួយតវ៉ាប្រឆាំងគោលនយោបាយ «គ្មានកូវីដ» របស់រដ្ឋាភិបាលចិននៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។

យុវជន​មួយ​ចំនួន​ដែល​ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​គោល​នយោបាយ​«គ្មាន​កូវីដ»​ របស់​ប្រទេស​ចិន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ពួកគេ​មាន​អារម្មណ៍​ថា​ វា​ជា​ទំនួល​ខុសត្រូវ​របស់​ពួកគេ​ក្នុង​ការ​ធ្វើ​បាតុកម្ម ​ដែល​នេះ​ជា​ការ​រំឭក​ពី​អារម្មណ៍​ដែល​បង្ហាញ​ដោយ​អ្នក​ចូលរួម​មួយ​ចំនួន​នៅ​ក្នុង​ការ​តវ៉ា​នៅ​ទីលាន​ធានអានមេន​ (Tiananmen) នៅ​ឆ្នាំ ១៩៨៩។

វីដេអូ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អំពី​ការ​តវ៉ា​ នៅ​ថ្ងៃ​ទី​ ២៧ ​ខែ​វិច្ឆិកា​ ដោយ​យុវជន​ប្រហែល​ ១.០០០ នាក់​ ដែល​ភាគ​ច្រើន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​បង្ហាញ​អ្នក​យក​ព័ត៌មាន​ម្នាក់​បាន​សួរ​អ្នក​តវ៉ា​ខ្លះ​ថា​ «ហេតុអ្វី​បាន​ជា​អ្នក​មក​ទី​នេះ?»

យុវជន​ម្នាក់​ ពាក់​មួក​កីឡា​បេស្បល​ និង​អាវ​យឺតមាន​ឃ្លុប​ក្បាល​ពណ៌​ក្រហម​ក្រមៅ​ ឆ្លើយ​ថា៖ «វា​ជា​កាតព្វកិច្ច​របស់​យើង»។

នារី​វ័យ​ក្មេង​ម្នាក់​ដែល​ឈរ​ក្បែរ​បុរស​នោះ​បន្ថែម​ថា៖ «ខ្ញុំ​មក​ពី​ប្រទេស​ចិន»។

ការ​ផ្ដោះផ្ដង​នេះ​ត្រូវ​បាន​ចែក​រំលែក​រាប់​ពាន់​ដង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ប្រទេស​ចិន​ ដែល​យុវជន​ និង​នារី​វ័យ​ក្មេង​នោះ​ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ «យុវជន​កាតព្វកិច្ច»​(Brother Duty) និង​ «យុវតី​កាតព្វកិច្ច»​ (Sister Duty) ​ប្រចាំ​ឆ្នាំ​ ២០២២។

អ្នក​ខ្លះ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​នេះ ​អម​នឹង​ទិដ្ឋភាព​មួយ​កាល​ពី​ឆ្នាំ ១៩៨៩។ ក្នុង​ឆ្នាំ​នោះ ​យុវជន​រាប់​ពាន់​នាក់​បាន​កាន់កាប់​ទីលាន​ Tiananmen ​កណ្ដាល​ទីក្រុង​ប៉េកាំង​អស់​រយៈពេល​ជាង​ប្រាំ​មួយ​សប្ដាហ៍​ មុន​ពេល​ត្រូវ​បាន​បំបែក​ដោយ​ហិង្សា​ដោយ​កងទ័ព​ដែល​មាន​រថក្រោះ​មក​ជាមួយ។

វីដេអូ​ឃ្លីបដែល​មាន​ «យុវជន​កាតព្វកិច្ ច​ឆ្នាំ​ ១៩៨៩» មិន​បង្ហាញ​ពី​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​ ឬ​ឈុត​ឆាក​នៃ​ទីលាន​ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​អ្នក​តវ៉ា​ទាំងស្រុង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​បាន​បង្ហាញ​យុវជន​ម្នាក់​កំពុង​ជិះ​កង់​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ប៉េកាំង ​ដោយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​មួយ។

យុវជន​ម្នាក់​ពាក់​ខ្សែ​រុំ​ក្បាល​ពណ៌​ក្រហម​ និង​វ៉ែនតា បាន​និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ថា៖ «ទៅ​ធ្វើ​បាតុកម្ម​នៅ​ទីលាន Tiananmen»។​

«ហេតុអ្វី?» អ្នកកាសែត​សួរ។

«តើ​លោក​គិត​ថា​ដូច​ម្ដេច​ដែរ?» គាត់​សួរ​វិញ​មុន​ពេល​ផ្ដល់​ចម្លើយ​របស់​គាត់។

«វា​ជា​កាតព្វកិច្ច​របស់​ខ្ញុំ» ​យុវជន​នោះ​និយាយ​ទាំង​មុខ​ញញឹម​ មុន​ពេល​ជិះកង់​ជាមួយ​សិស្ស​ជាច្រើន​នាក់​ទៀត​ចេញ​ទៅ។

រូបឯកសារ៖ សិស្សនិស្សិតចិនប្រារព្ធពិធីឧទ្ទិសដល់អតីតមេដឹកនាំបក្សកុម្មុយនីស្តចិនលោក Hu Yaobang នៅទីលាន Tiananmen ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ១៩៨៩។

ការ​បង្ហាញ​វីដេអូ​ទន្ទឹមគ្នាបាន​ផ្ដល់​នូវ​អារម្មណ៍​នៃ​ការ​អះអាង​មុតមាំ​សម្រាប់​លោក Wei Jingsheng អ្នក​ប្រឆាំង ​ដែល​កើត​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ​ ១៩៥០ ​ដែល​បាន​និយាយ​ជាមួយ ​VOA ​តាម​ទូរស័ព្ទ​ពី​ជាយ​នៃ​រដ្ឋធានី ​Washington ​ជា​ទី​ដែល​គាត់​រស់នៅ​និរទេស​ខ្លួន។

លោក Wei ​ដែល​បាន​ក្លាយ​ជា​អ្នក​ទោស​នយោបាយ​ក្នុង​ទសវត្សរ៍​ ១៩៧០ និង​បាន​ចំណាយ​ពេល​សរុប ១៨ ​ឆ្នាំ​ជាប់​គុក​បាន​និយាយ​ថា៖​

«ខ្ញុំ​តែងតែ​ជឿ​ថា​ យើង​គួរតែ​មាន​ជំនឿ​លើ​មនុស្ស​ជំនាន់​ក្រោយ»។ លោក​បាន​បន្ថែម​ថា​៖ «​យុវជន​របស់​ប្រទេស​ចិន​ជំនាន់​នីមួយៗ​កំពុង​រីកចម្រើន​ខ្លាំង​និង​មាន​សមត្ថភាព​ជាង​ជំនាន់​មុន»។

លោក Wei ​បាន​និយាយ​ថា​ ទោះបីជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​ខ្លាំង​បំផុត​ពី​អាជ្ញាធរ​ដើម្បី​រឹត​បន្តឹង​ការ​ចូល​ប្រើប្រាស់​ព័ត៌មាន​ដែល​គ្មាន​ការ​អនុញ្ញាត​ក៏ដោយ​ ក៏​អ៊ីនធឺណិត​បាន​ផ្ដល់​ឱ្យ​យុវជន​ចិន​នា​ពេល​បច្ចុប្បន្ន​នេះ​នូវ​បញ្ហា​ពិភពលោក​កាន់តែ​ទូលំទូលាយ​ជាង​ជំនាន់​មុនៗ។

លោក​បាន​ថ្លែង​ថា​៖ «​ពួកគេ​មាន​ព័ត៌មាន​ច្រើន​ជាង​យើង ហើយ​មាន​ភាព​ក្លាហាន​មិន​តិច​ជាង​អ្នក​មុន​ទេ»។

លោក Orville Schell ​ដែល​ជា​អ្នក​ឃ្លាំ​មើល​ប្រទេស​ចិន​យូរ​មក​ហើយ​ និង​ជា​នាយក​មជ្ឈមណ្ឌល​ទំនាក់ទំនង​អាមេរិក-ចិន​នៅ​អង្គការ​ Asia Society ថ្មីៗ​នេះ​បាន​សរសេរ​អត្ថបទ​មួយ​ដោយ​និយាយ​ថា​ការ​តវ៉ា​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ឱ្យរស់​ឡើងវិញ​នូវ​ «ប្រពៃណី​ដ៏​យូរ​អង្វែង​នៃ​ការ​មិន​ចុះសម្រុង​របស់​ចិន» ។

លោក​បាន​រំលឹក​ពី​ចលនា​ដែល​មាន​អាយុកាល​តាំង​ពី​ឆ្នាំ ១៩១៩ ​ហើយ​បន្ត​រហូត​ដល់​ចុង​ទសវត្សរ៍​ ១៩៧០ ​នៅ​ពេល​ដែល​ លោក ​Wei ​និង​អ្នក​ផ្សេង​ទៀត​នៃ​ជំនាន់​របស់​គាត់​សកម្ម។ លោក​Schell ក៏​បាន​លើក​ឡើង​ពី​ការ​មិន​ពេញចិត្ត​ដែល​សម្ដែង​ដោយ​អ្នកវិទ្យាសាស្ត្រ​រូបវិទ្យា ​លោក​ Fang Lizhi នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​១៩៨០ ​និង​ចលនា​ធម្មនុញ្ញ​ទី ០៨ ​ឆ្នាំ ២០០៨ ​ដែល​ដឹកនាំ​ដោយ លោក ​Liu Xiaobo​ ដែល​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​គុក​ដោយសារ​ដឹកនាំ​ការ​តវ៉ា ក្នុង​ពេល​មួយ​ឆ្នាំ​ក្រោយ​មក និង​បន្ទាប់​មក​បាន​ស្លាប់​នៅ​ក្នុង​គុក។

វីដេអូ​នៃ​ការ​តវ៉ា​នៅ​ថ្ងៃ​ទី ២៧ ​ខែ​វិច្ឆិកា ​និងនៅ​ទីលាន​ Tiananmen​ ត្រូវ​បាន​លុប​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ចិន​ ប៉ុន្តែ​នៅតែ​អាច​មើល​ឃើញ​ដោយសារ​ អង្គការ​នានា​ដូចជា ​China Digital Times ​ដែល​ជា​ក្រុម​មិន​ស្វែងរក​ប្រាក់​ចំណេញ​ដែល​មាន​មូលដ្ឋាន​នៅ​ សាកលវិទ្យាល័យ​រដ្ឋ​កាលីហ្វញ៉ា​ UC-Berkeley ​ដែល​រក្សា​ការ​បង្ហោះ​តាម​អ៊ីនធឺណិត​របស់​ចិន មុន​ពេល​ដែល​ឯកសារ​ទាំងនោះ​បាត់​ទៅវិញ​ដោយសារតែ​ការ​ត្រួត​ពិនិត្យ​របស់​រដ្ឋាភិបាល។

ការ​អត្ថាធិប្បាយ​មួយ​នៅ​លើ​គេហទំព័រ​ Digital Times​ ដោយ​សំដៅ​ទៅ​លើ​វីដេអូ ​ទីលាន ​Tiananmen ​ឆ្នាំ​១៩៨៩ ​បាន​សរសេរ​ថា៖​ «នៅ​ប្រហែល​ខួប​លើក​ទី​ ៣០ ​នៃ​ថ្ងៃ​ទី ៤ ​ខែ​មិថុនា​ ខ្ញុំ​បាន​បង្ហាញ​វីដេអូ​ឃ្លីប​នេះ​ដល់​ប្ដី​របស់​ខ្ញុំ។ គាត់​បាន​និយាយ​ថា​គាត់​មិន​ជឿ​ថា​ កាល​ពី​ ៣០ ​ឆ្នាំ​មុន​មាន​រឿង​ដូច​នេះ​សោះ​ ហើយ​គាត់​រំជើប​រំជួល។ ក្រោយមក​គាត់​បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ស្វែង​រក​វីដេអូ​នៅ​លើ​ YouTube ​អំពី​ថ្ងៃ​ទី​ ៤ ​ខែ​មិថុនា​ ហើយ​បន្ត​មើល​តាម​ផ្លូវ​ទៅ​ធ្វើការ​ និង​តាម​ផ្លូវ​មក​ផ្ទះ​វិញ»។

ការ​រក​ឃើញ​នោះ​បាន​ដឹកនាំ​ស្វាមី​របស់​អ្នកស្រី​ឱ្យ​ស្វែងរក​ការ​ពិត​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ផ្សេង​ទៀត​ រួម​ទាំង ​«ចលនា​មហា​លោត​ផ្លោះ» ​និង​គ្រោះ​ទុរ្ភិក្ស​ដ៏​ធំ​ ដែល​មនុស្ស​រាប់​សិប​លាន​នាក់​បាន​ស្លាប់​ដោយសារ​ការ​អត់ឃ្លាន។

លោក Wei ​បាន​និយាយ​ថា​ លោក​ជឿ​ថា​អ្នក​ដែល​ចេញ​មុខ​មក​តវ៉ា​នា​ពេល​ថ្មីៗ​នេះ​បាន​ «ដឹង​ពី​ហានិភ័យ​ចំពោះ​ខ្លួន​គេ​ហើយ​នៅតែ​មាន​ឆន្ទៈ​ក្នុង​ការ​លះបង់​ខ្លួន​ឯង​ចំពោះ​បុព្វហេតុ​នៃ​សេរីភាព​នៅ​ក្នុង​ប្រទេស​ចិន» គឺ​លះបង់​ច្រើន​ដូច​ដែល​លោក​បាន​ធ្វើ​ដោយ​ខ្លួនឯង​ក្នុង​ទសវត្សរ៍​ ១៩៧០។

លោក​បាន​បន្ថែម​ថា៖ ​«ការពិត​ដែល​ថា​រដ្ឋាភិបាល​បាន​ផ្លាស់ប្ដូរ​គោល​នយោបាយ​គ្មាន​កូវីដ​របស់​ខ្លួន​ដោយ​សារ​មាន​ការ​តវ៉ា ​អាចបណ្ដុះ​អារម្មណ៍​ជ័យជម្នះ​នៅ​ក្នុង​ចិត្ត​របស់​បាតុករ។ ជាមួយ​នឹង​អារម្មណ៍​នៃ​ជ័យជម្នះ​នេះ​ អារម្មណ៍​នៃ​ការ​ភ័យខ្លាច​នឹង​រសាយ​នៅ​ក្នុង​ចិត្ត​មនុស្ស​កាន់តែ​ច្រើន​ឡើង»៕

ប្រែ​សម្រួល​ដោយ​លោក​ ម៉ែន គឹមសេង