របាយការណ៍៖ វត្តមាន​ក្រុមហ៊ុន​សន្តិសុខ​ឯក​ជន​ចិន​កំពុង​រីក​ដុះដាល​នៅ​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ

រូប​ថត​​​​បង្ហាញ​ទំព័រ​មួយ​នៃ​របាយ​ការណ៍​ថ្មី​​របស់​​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​និង​សិក្សា​ជាន់​ខ្ពស់​លើ​កិច្ចការ​ការពារ​ជាតិ ​(C4ADS) ថត​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១។

ស្រប​ពេល​ដែល​ការ​វិនិយោគ​របស់​ចិន​មាន​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​ប្រទេស​កម្ពុជា របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​អន្តរ​ជាតិ​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅ​អាមេរិក​បាន​លើក​ឡើង​អំពី​កំណើន​នៃ​វត្ត​មាន​ក្រុម​ហ៊ុន​សន្តិសុខ​ឯក​ជន​របស់​ចិន​(Chinese Private Security Company)​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​និង​សិក្សា​ជាន់​ខ្ពស់​លើ​កិច្ចការ​ការពារ​ជាតិ​ (C4ADS) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​។

របាយ​ការណ៍​ប្រមាណ​៨០ទំព័ររបស់​អង្គការ​អន្តរ​ជាតិ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​បង្ហាញ​ការ​វាយ​តម្លៃនៃ​ឥទ្ធិពល​គ្រប់​ជ្រុង​ជ្រោយ​នៃ​តំបន់​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​តំបន់​ទន្លេ​មេគង្គ ដែល​មាន​មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជានិង​វៀត​ណាម។ របាយការណ៍​បាន​លើក​ឡើង​អំពី​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ និង​លំហូរ​វិនិ​យោគ​ចិន​នៅ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ដែល​កំពុង​ត្រូវ​បាន​អាមេរិក​សង្ស័យ​ថា​ចិន​នឹង​ស្ថាបនា​ហេដ្ឋរចនា​សម្ព័ន្ធ​មួយ​សម្រាប់​វត្ត​មាន​កង​ទ័ពចិន​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម។

នៅ​ពេល​មាន​កំណើន​វិនិយោគ​ច្រើន ហើយ​ជា​គោល​ដៅ​ការពារ​ការ​រក​ស៊ី​របស់​ចិន មាន​ការ​បង្កើត​ក្រុម​ហ៊ុន​សន្តិ​សុខឯក​ជន​ចិន។ នេះ​បើ​តាម​របាយ​ការណ៍។ បន្ថែម​ពី​លើ​គោលដៅ​ការ​ការពារ​ជំនួញ របាយការណ៍​បញ្ជាក់​ថា​វា​អាច​ជា​ការ​ពង្រឹង​ឥទ្ធិពល​របស់​ចិន ក្នុងគោល​ដៅ​ភូមិ​សាស្រ្ត​នយោបាយ​នៅ​ក្នុង​ប្រទេស​ដែល​ស្និទ្ធ​ខ្លាំង​នឹង​ប្រទេស​ចិន ដូច​ជា​ប្រទេស​កម្ពុជា។

របាយ​ការណ៍​បន្ថែម​ថា​ការ​បង្កើត​ក្រុមហ៊ុន​សន្តិសុខ​ឯក​ជន​នេះ​ក៏​អាច​ជា​វិធី​មួយ​ក្នុង​ការ​ការ​ពារ​ការ​រក​ស៊ី​របស់​ក្រុម​ឧក្រិដ្ឋជន​ខុស​ច្បាប់​របស់​ចិន​ក្នុង​ប្រទេស​ទាំង​នោះ​ផង​ដែរ។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​សិក្សា​ជាន់​ខ្ពស់​លើ​កិច្ចការ​ការពារ​ជាតិ​ (C4ADS) ដែល​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ និង​ផ្តល់​ការ​វិភាគ បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ថា​ក្រុម​ហ៊ុនដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ចំនួន​២៩​ក្នុង​ចំណោម​៤៩​នៃ​ក្រុមហ៊ុន​សន្តិសុខ​បរទេស បាន​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​មីយ៉ាន់​ម៉ា ដែល​ជា​ប្រទេស​ពីរ​បានចុះបញ្ជី​ផ្លូវ​ការ និង​មាន​ព័ត៌​មាន​គ្រប់​គ្រាន់ដើម្បី​បញ្ជាក់​ការ​គ្រប់​គ្រង​របស់​ជន​បរ​ទេស។

ការ​បង្កើន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​របស់​ចិន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​មើល​ឃើញថា​ទំនង​កើតឡើង​ស្រប​ពេល​ដែល​មាន​កំណើន​នៃ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន (BRI)​ដែល​ជួយ​កសាងហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហនុ បាន​ចាប់​ផ្តើម​ពឹង​ផ្អែក​កាន់​តែ​ច្រើនលើ​ក្រុម​ហ៊ុន​សន្តិសុខ​ឯក​ជន​របស់​ចិន ដូច​ជា​ក្រុម​ហ៊ុន​ឈ្មោះ​ ZBHA​ ឬ​ហៅ​ថា​China Insurance Huaan [Cambodia] Security Services Co., Ltd. ដែល​ជា​អ្នករៀប​ចំ​សន្តិសុខ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៧។ ក្រុមហ៊ុននេះ​ក៏​មាន​ទំនាក់​ទំនង​ជាមួយ​ប៉ូលិសក្នុង​ស្រុក​ក៏​ដូច​ជា​មានកិច្ច​សហ​ប្រតិ​បត្តិ​ការ ដើម្បីជួយ​សង្រ្គោះ​ជន​ជាតិ​ចិន​ដែល​ជាប់​ឃុំ​ខ្លួន​ក្នុង​បទ​ល្មើស​អ្វី​មួយ។

រូប​ឯកសារ៖ ក្រុងព្រះសីហនុ ដែល​ទទួល​ការ​វិនិយោគ​ច្រើន​ពី​ចិន កាល​ពី​ខែ​ឧសភា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/ VOA)

លោក​ឧត្តម​សេនី​យ៍​ឯក អ៊ី សុខឃី អគ្គស្នង​ការរង​នគរ​បាល​ជាតិ ដែល​ទទួល​បាន​បន្ទុក​លើ​កិច្ចការ​សន្តិ​សុខ​ឯក​ជន​នេះ ថ្លែង​ថា​កម្ពុជា​មាន​អនុក្រឹត្យ​និង​ប្រកាស​ក្នុង​ការ​គ្រប់គ្រង​ការងារនេះ។ ប៉ុន្តែ​លោក​ថា​មាន​តែ​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​ដែល​អាច​ជា​ម្ចាស់ក្រុម​ហ៊ុន។ ហើយ​មិន​មាន​ជន​បរទេស​ណាអាច​ឈរ​ឈ្មោះ ដើម្បី​បើក​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​នៅ​កម្ពុជា​បាន​ទេ។

លោក​ប្រាប់​VOA​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «យើង​មិន​មាន​អនុញ្ញាត​ឲ្យ​ជន​បរទេស​ឈរ​ឈ្មោះ​ជា​ប្រធាន​ក្រុម​ហ៊ុន​ទេ​។ ព័ត៌មាន​នេះ ខ្ញុំ​ទើប​ទទួល​បាន​ពី​លោក​ដែរ។ អញ្ចឹង​ខ្ញុំ​នឹង​ពិនិត្យ​ថែម​ទៀត ក៏​ប៉ុន្តែជា​រួម​ដូច​ខ្ញុំ​បាន​បញ្ជាក់​អញ្ចឹង»។

លោកមិន​ទាន់​អាច​បញ្ជាក់​ថា​តើ​រហូត​មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុនសន្តិសុខ​ឯកជន​ប៉ុន្មានដែល​បាន​ចុះ​បញ្ជី​នោះ​ទេ ដោយ​ថាលោក​មិន​នៅ​ការិយា​ល័យ ពេល​ផ្តល់​បទ​សម្ភាសន៍​ដល់​VOA​។

ទោះ​ជា​យ៉ាងណា លោក ឆាយ គឹម​ខឿន អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ ថ្លែង​ប្រាប់​VOA​ថាកម្ពុជា​មិន​ប្រកាន់​ថា​ក្រុមហ៊ុន​សន្តិសុខ​ឯក​ជន​របស់​ជន​បរទេស​ណា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​អាស្រ័យ​លើ​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ។

លោក​បញ្ជាក់​ថា៖ «យើង​អត់​ផ្តោត​សំខាន់​លើ​ចិន ឬ​ខ្មែរ យួន វៀតណាម​អី អាមេរិកកាំង បារាំង​អី​ទេ។ សំខាន់​លើ​លក្ខខណ្ឌ។ តើ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ឯកភាព​ឲ្យ​ធ្វើ​សកម្មភាព​ដែរ​ឬ​អត់? បាន​ន័យ​ថា​យើង​អ្នក​កំណត់​លក្ខខណ្ឌ​ឲ្យ»។

ក្រុមហ៊ុន​សន្តិសុខ​ឯកជនត្រូវ​ចុះ​កិច្ច​សន្យា​ជាមួយ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​យ៉ាង​យូរ​៦​ខែ​ក្រោយ​ពី​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅក្រសួង​ពាណិជ្ជកម្ម​ត្រឹម​ត្រូវ​តាម​ច្បាប់។ នេះ​បើ​តាម​ប្រកាស​ស្តី​ពី​លក្ខខណ្ឌ​និង​ទម្រង់​បែប​បទ​នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ការ​អនុញ្ញាត​ប្រកប​អាជីវកម្ម​ផ្តល់​សេវាសន្តិសុខ​ឯកជន​និង​ការ​ជ្រើស​រើស​ភ្នាក់​ងារ​សន្តិសុខ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧។

អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថាក្រុមហ៊ុន​សន្តិសុខ​ឯក​ជន​ដែល​គ្រប់​គ្រង​ដោយ​ចិន ជា​«ការ​ជួយ​សម្រួល​សុវត្ថិភាព​របស់​សង្គម» ព្រោះ​មាន​អ្នក​វិនិ​យោគ​ចិន​ច្រើននៅ​កម្ពុជា។

លោក​ប្រាប់​VOA​ថា៖ «បើ​សិន​ជា​មាន​ក្រុមហ៊ុន​សន្តិ​សុខ​ចិន​ដែល​មកជួយ​រៀបចំ​ពាក់ព័ន្ធនឹង​ពាណិជ្ជកម្ម អាហ្នឹង​វា​ជួយ​សម្រួល​ដល់​កម្ពុជា​ដែរ»។ លោក​បន្ថែម​ថា៖ «កម្ពុជា​អត់​មាន​រើស​អើង​ទេ​នៅ​ក្នុង​សាច់​រឿង​ហ្នឹង។ បើ​សិន​ជា​សមត្ថកិច្ច​របស់​យើង​ហ្នឹង គាត់​មាន​ឧបសគ្គ​ក្នុង​ការ​ឆ្លើយ​ឆ្លងនៃ​ភាសា​ចិន។ វា​អត់​មាន​អី​ខុស​ទេ​នៅ​ស្រុក​ណា​ ក៏​គេ​អាច​ធ្វើ​បាន​ដែរ។ សហរដ្ឋ​អាមេរិក​ក៏​ធ្វើ​បាន​ដែរ។ ក៏​ប៉ុន្តែ​ត្រូវ​ស្ថិត​ក្នុង​ច្បាប់​របស់​នគរបាល»។

លោក ផៃ ស៊ីផាន បាន​ហៅ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​បរទេស​ជា «កម្លាំង​ការពារ​សន្តិភាព» ឬ​«មន្រ្តី​សន្តិភាព» ឬ​«ភ្នាក់​ងារ​សន្តិភាព» ដែល​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​កាំ​ភ្លើង​ខ្លី គ្រាន់​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​កម្ពុជា។

លោក ឃាង ភារម្យ​អ្នក​នាំពាក្យ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា​លោក​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​នេះ​ទេ។ លោក​បដិសេធ​មិន​អត្ថាធិប្បាយ​ដោយ​ស្នើ​ឲ្យ​សួរ​ស្ថាប័ន​ពាក់ព័ន្ធ​វិញ។

លោក​បណ្ឌិត អ៊ា សុផល​ដែល​ជា​សាស្ត្រា​ចារ្យ​ខាង​ការទូត​និង​កិច្ចការ​អន្តរជាតិ​នៃ​មហាវិទ្យាល័យ​Occidental College ​ក្នុង​ទីក្រុង​Los Angeles​ រដ្ឋ​California​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថារបាយការណ៍​នេះ​ជាការ​បង្ហាញ​ការ​រក​ឃើញ​ថ្មី​មួយ​ទៀត ទាក់ទង​នឹង​ក្រុម​ហ៊ុន​សន្តិសុខ​ឯក​ជន​របស់​ចិន ដែល​លោក​ចោទ​សួរ​ថា​«កម្ពុជា​មិន​មែន​ជា​តំបន់​សង្រ្គាម​នោះ​ទេ ដូច្នេះ​ថា​តើ​ហេតុ​អ្វី​វា​ចាំបាច់​[មាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​របស់​ចិន]?»។

លោក​ប្រាប់​VOA​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «ដូច្នេះ​នៅ​ពេល​អ្នក​ជំនួញ​ចិន​និយាយថា​សកម្ម​ភាព​រក​ស៊ី​របស់​ពួកគេ​ត្រូវ​បានរំខាន​ដោយ​ប្រជាជន​នៅ​មូល​ដ្ឋាន​ពួកគេ​មិន​ត្រឹម​តែ​អាចបញ្ជា​រដ្ឋា​ភិបាល​របស់​ប្រទេសនោះ ដើម្បី​ដាក់​កម្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែម​ទាំងអាចពង្រាយ​កម្លាំង​ពី​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​របស់​ចិន ដើម្បី​បំភិត​បំភិត​បំភ័យ​ប្រជាជន​កម្ពុជា...»៕