លោកស៊ីជីនពីង ប្រធានាធិបតីចិន និយាយថា ខណៈដែលសេដ្ឋកិច្ចចិនប្រឈមបញ្ហា វាមិនមានការភ័យខ្លាចដូចមនុស្សខ្លះបានគិតនោះទេ។ នៅក្នុងសុន្ទរកថាមួយទៅកាន់ពួកមេដឹកនាំពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃអាទិត្យ លោកស៊ីក៏បានអំពាវនាវធ្វើឲ្យមានការជឿនលឿនថែមទៀតដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ហើយនឹងសង្កត់ពីផែនការរបស់ចិនដើម្បីបង្កើតមូលនិធិដែលមានថវិកា៤០ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់។
ប្រធានាធិបតីស៊ីជីនពីងនិយាយថា នៅពេលដែលចិនកែសម្រួលអ្វីដែលលោកហៅថា ភាពធម្មតាថ្មីនៃការរីកចម្រើនខ្សោយជាងមុនហើយនឹងការធ្លាក់ចុះនៃការនាំទំនិញចេញនោះ អត្រារីកលូតលាស់របស់ប្រទេសនេះនៅតែមានចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោកគឺមានប្រហែល៧ភាគរយ។
«លោកស៊ីនិយាយថា អ្នកខ្លះព្រួយបារម្ភថា សេដ្ឋកិច្ចចិននឹងធ្លាក់ចុះកាន់តែខ្លាំង ឬថាតើសេដ្ឋកិច្ចអាចឡើងកម្រិតកំណើនសេដ្ឋកិច្ចឬទេ? លោកនិយាយទៀតថា មានហានិភ័យពិតប្រាកដ ក៏ប៉ុន្តែ វាមិនមានការភ័យខ្លាចទេ»។
សេដ្ឋកិច្ចចិនបានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយក្នុងត្រីមាសទី៣។ ឥឡូវនេះ សេដ្ឋកិច្ចចិនបាននៅចំណុចទាបបំផុតចាប់តាំងពីឆ្នាំ២០០៨ហើយនឹងវិបត្តិហិរញ្ញវត្ថុសាកលលោកឆ្នាំ២០០៩។
កំណត់សម្គាល់របស់លោកស៊ីបានធ្វើឡើងនៅឯការថ្លែងបើកពិធីមួយនៃសន្និសីទកំពូលរបស់នាយកប្រតិបត្តិនៃអង្គការកិច្ចសហប្រតិបត្តិតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក។ នៅក្នុងសុន្ទរកថានេះ លោក បានកត់សម្គាល់ថា នៅពេលដែលចិនធ្វើការដើម្បីធ្វើឲ្យប្រសើរឡើងនូវរបៀបវារៈនៃការធ្វើកំណែទម្រង់ដ៏ខ្លាំងមួយនៅក្នុងប្រទេសខ្លួននោះ គេបានមើលឃើញការរីកចម្រើនរួចទៅហើយ ដូចជាការប្រើប្រាស់ទំនិញក្នុងស្រុកកាន់តែខ្លាំងឡើង។
លោកក៏និយាយដែរថា របៀបវារៈនៃកំណែទម្រង់ដ៏ធំមួយនឹងមិនត្រឡប់ថយក្រោយទេ។ ហើយរបៀបវារៈនៃកំណែទម្រង់នោះបានចាប់ផ្តើមកាលពីចុងឆ្នាំទៅ។
«ប្រធានាធិបតីចិននិយាយថា នៅពេលដែលគេទាញធ្នូបាញ់ហើយនោះ ព្រួញមិនអាចដាក់ចូលក្នុងបំពង់វិញទេ។ លោកនិយាយទៀតថា ចិនបានតាំងចិត្តធ្វើកំណែទម្រង់ហើយនឹងធ្វើឲ្យទីផ្សារមានឥទ្ធិពលកាន់តែខ្លាំងឡើងក្នុងសេដ្ឋកិច្ច»។
នៅពេលដែលចិនកំពុងធ្វើកំណែទម្រង់ខ្លួនឯង ចិនក៏កំពុងទាក់ទងខាងសេដ្ឋកិច្ចយ៉ាងខ្លាំងជាមួយតំបន់ដែរ។ លោកស៊ីនិយាយថា ចិននឹងដាក់ប្រាក់៤០ពាន់លានដុល្លារនៅក្នុងមូលនិធិមានឈ្មោះថា មូលនិធិផ្លូវសូត្រ Silk Road Fund ដើម្បីជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់៕
ប្រែសម្រួលដោយជឹង ប៉ូជីន