លោក Xi Jinping អបអរសាទរ​លោក Biden ចំពោះ​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក

រូបឯកសារ៖ កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចាប់ដៃ​ជាមួយ​លោក Joe Biden ដែល​នៅ​ពេល​នោះ លោក​ជា​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​វិមាន Great Hall of the People ក្នុង​ទីក្រុង​ប៉េកាំង។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​អបអរសាទរ​លោក Joe Biden ចំពោះ​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

លោក Xi Jinping បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​ថា ទំនាក់ទំនង​រវាង​ប្រទេស​ចិន ​និង​សហរដ្ឋ​អាមេរិក ​នឹង​មាន​ភាព​ប្រសើរ​ឡើង។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន។

ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយសារ​ជម្លោះ​ទាក់ទិន​នឹង​រឿង​ពាណិជ្ជកម្ម ជំងឺ​កូវីដ១៩ និង​បច្ចេកវិទ្យា ចាប់តាំង​ពី​លោក​ប្រធានាធិបតី Donald Trump បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​តាំង​ពី​ដើម​ឆ្នាំ ២០១៧ មក។

ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ស្រង់​សម្តី​របស់​លោក Xi Jinping ដូច្នេះ​ថា៖ «ការ​ជំរុញ​ឲ្យ​មាន​នូវ​ការ​អភិវឌ្ឍ​ដ៏​រឹងមាំ​ និង​មាន​ស្ថិរភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក មិន​ត្រឹមតែ​បម្រើ​ដល់​ផល​ប្រយោជន៍​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ថែម​ទាំង​ស្រប​ទៅ​តាម​ក្តី​រំពឹង​ជា​ទូទៅ​របស់​សហគមន៍​អន្តរជាតិ​ផងដែរ»។

លោក Xi Jinping ក៏​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ផងដែរ​ថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​ទាំង​ពីរ​នៅ​លើ​ពិភពលោក​នេះ នឹង​ធ្វើការ​ដើម្បី​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា ហើយ​នឹង «រួម​ដៃ​គ្នា​ជាមួយ​ប្រទេស​ដទៃ​ទៀត​និង​សហគមន៍​អន្តរជាតិ​ដើម្បី​លើក​តម្កើង​នូវ​បុព្វហេតុ​ដ៏​ថ្លៃថ្លា​នៃ​សន្តិភាព​និង​ការ​អភិវឌ្ឍ​នៅ​លើ​ពិភពលោក»។

កន្លង​មក ក្រសួង​ការបរទេស​ចិន​ បាន​អបអរសាទរ​លោក Biden ១០ ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក គឺ​ក្នុង​ពេល​ជិត​មួយ​សប្តាហ៍​បន្ទាប់ពី​សម្ព័ន្ធមិត្ត​ភាគ​ច្រើន​របស់​សហរដ្ឋ​អាមេរិក​បាន​អបអរសាទរ​លោក Biden៕