នាយករដ្ឋមន្រ្តីចិន លោក លី គឺឈាំង (Li Keqiang) បានថ្លែងនៅទីក្រុងភ្នំពេញ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទីពីរ (LMC) ថាប្រទេសចិននឹងមានទំនួលខុសត្រូវបន្ថែមទៀត ដើម្បីជួយឲ្យប្រទេសទាំង៥នៃទន្លេមេគង្គ ទទួលបានផលប្រយោជន៍រួម ដោយសមភាព។
មេដឹកនាំប្រទេសចិន និងប្រទេស៥ទៀត រួមមានប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ កាលពីថ្ងៃពុធ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅវិមានសន្តិភាព នាយករដ្ឋមន្រ្តីចិនកុម្មុយនីស្ត លោក លី គឺឈាំង ដែលជាប្រធានអចិន្រ្តៃយ៍នៃកិច្ចប្រជុំនេះ បានថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំនៃប្រទេសទន្លេមេគង្គថា ប្រទេសចិនមានទន្លេឡានឆាង ដែលជាប្រភពទឹកមកទន្លេមេគង្គ ដូច្នេះភាគីទាំងអស់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នា។ លោកបន្តថា ប្រទេសចិនត្រូវការបរិយាកាសនឹងនរ និងមានស្ថិរភាពនៅក្នុងតំបន់នេះ។
នាយករដ្ឋមន្រ្តីចិនបានថ្លែង ដោយមានការបកប្រែជាភាសាខ្មែរថា៖
«រវាងចិន និងបណ្តាប្រទេសមេគង្គទាំង៥ យើងមានភាពបំពេញគ្នាទៅវិញទៅមក ហើយមានអ្វីៗជាច្រើនដែលអាចជួយគ្នាទៅវិញទៅមក ហើយដូច្នេះហើយទើបយើងបានផ្តួចផ្តើមនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាងនេះ»។
លោក លី គឺឈាំង បានបញ្ជាក់ទៀតថា ប្រទេសចិនត្រូវការ«សកម្មភាពជាក់ស្តែង» មិនមែននិយាយតែមាត់នោះទេ។ លោកបានថ្លែងបន្តថា៖
«យើងជាសហប្រធានអចិន្ត្រៃយ៍ យើងចង់ផ្តល់នូវការគោរពពាក្យពេចន៍របស់យើង ហើយទទួលខុសត្រូវរបស់យើង ហើយចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយបណ្តាប្រទេសទាំង៥ ដើម្បីសម្រេចការអភិវឌ្ឍឈ្នះ-ឈ្នះ»។
លោកបានបញ្ជាក់បន្ថែមថា៖
«សហប្រតិបត្តិការមេគង្គ ឡានឆាង មិនមែនជាកន្លែងនិយាយតែបបូរមាត់នោះទេ គឺយើងនិយាយលើគោលការណ៍សំខាន់នៅក្នុងកិច្ចប្រជុំនេះ យើងត្រូវគោរពគ្នាទៅវិញទៅមក ចាត់ទុកគ្នាទៅវិញទៅមក ដោយស្មើភាព ដើម្បីការអភិវឌ្ឍរួម»។
នាយករដ្ឋមន្រ្តីចិនបានអះអាងទៀតថា ប្រទេសចិនត្រូវការគោលការណ៍សមភាព ដែលត្រូវពិគ្រោះគ្នា និងគោរពនូវភាពស្មោះត្រង់ទៅវិញទៅមក និងចាត់ទុកគ្នាជាបងប្អូនក្នុងគ្រួសារតែមួយ។ លោកបានសន្យាថាប្រទេសចិននឹងបង្កើនការនាំចូលផលិតផលកសិកម្មពីប្រទេសទាំង៥ ដោយសារចិនជាអ្នកវិនិយោគដ៏ធំនៅបណ្តាប្រទេសទាំងនោះ។
ក្រោយកិច្ចប្រជុំកំពូលនេះ រដ្ឋាភិបាលនៃប្រទេសទាំង៦ បានសម្រេចជាឯកច្ឆន្ទនូវឯកសារចំនួនពីរ គឺសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ និងផែនការសកម្មភាព៥ឆ្នាំ (២០១៨-២០២២) នៃកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង។
នៅក្នុងសេចក្តីថ្លែងការណ៍នោះប្រមុខរដ្ឋាភិបាលទាំងអស់ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែក ជាពិសេសកិច្ចសហប្រតិបត្តិការលើសសរស្តម្ភទាំង៣នៃកិច្ចសហប្រតិបត្តិការដែលចិនបានផ្តួចផ្តើមចាប់តាំងពីឆ្នាំ២០១៥ គឺនយោបាយ និងសន្តិសុខ ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ឯកសារទាក់ទងនឹងផែនការសកម្មភាព៥ឆ្នាំ មិនត្រូវបានផ្តល់ជូនដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនោះទេ។
នៅក្នុងសន្និសីទសារព័ត៌មាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំកិច្ចប្រជុំនេះ បានថ្លែងថា ក្នុងរយៈពេលមិនដល់ពីរឆ្នាំផង ដែលកម្ពុជាធ្វើជាសហប្រធានជាមួយប្រទេសចិន ភាគីទាំងអស់បានជំរុញយន្តការអនុតំបន់ថ្មីនេះ ទៅជា«គម្រោងកិច្ចសហប្រតិបត្តិការពេញលេញមួយ»។ លោកបន្តថា ប្រទេសទាំង៦ បានបង្កើតលេខាធិការដ្ឋាន អង្គភាពសម្របសម្រួលថ្នាក់ជាតិនៅក្នុងប្រទេសជាសមាជិក និងបានជំរុញក្រុមការងាររួម សម្រាប់វិស័យអាទិភាពសំខាន់នៃកិច្ចសហប្រតិបត្តិនេះ។
លោក ហ៊ុន សែន បន្តថា ស្ថាប័នមួយចំនួនទៀត ក៏នឹងត្រូវបង្កើតឡើងផងដែរ រួមមានមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានមេគង្គ-ឡានឆាង និងមជ្ឈមណ្ឌលសិក្សាទន្លេមេគង្គសាកល។
កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។
លោក ហ៊ុន សែន បានបញ្ជាក់ស្មារតីនៃកិច្ចប្រជុំនេះ គឺមានការគោរពគ្នាទៅវិញទៅមក ចំពោះបូរណភាពទឹកដី និងអធិបតេយ្យរបស់ប្រទេសនីមួយៗ និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និងគោលការណ៍មតិជាឯកច្ឆន្ទ សមភាព ការពិគ្រោះយោបល់ និងការសម្របសម្រួលគ្នាទៅវិញទៅមក ការស្ម័គ្រចិត្ត ការចូលរួមជាមួយគ្នា និងផលប្រយោជន៍រួម ព្រមទាំងការគោរពចំពោះធម្មនុញ្ញសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។
បើតាមលោក ហ៊ុន សែន ជាមួយកិច្ចសហប្រតិបត្តិការនេះ គម្រោងខ្នាតតូច និងមធ្យមចំនួន១៣២ នៅក្នុងបញ្ជីគម្រោងដំណាក់កាលទី១ សម្រាប់ឆ្នាំ២០១៧ ត្រូវបានអនុវត្តជាលំដាប់ យ៉ាងខ្ជាប់ខ្ជួន ក្រោមមូលនិធិពិសេសមេគង្គឡានឆាង។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖
«ជាសរុបមក យើងមានមោទនភាពចំពោះរាល់សមិទ្ធិផលសម្រេចបានជាក់ស្តែង ហើយក៏ទន្ទឹងមើលប្រកបដោយសុទិដ្ឋិនិយមខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ»។
កម្ពុជាដែលជាសហប្រធានរយៈពេលពីរឆ្នាំ បានបញ្ចប់អាណត្តិនៅឆ្នាំ២០១៨ នេះ ហើយប្រគល់«ច្រវា»ទៅនាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisolith ដើម្បីធ្វើជាសហប្រធាន ជាមួយប្រទេសចិននៅពីរឆ្នាំបន្ទាប់។
បើតាមអង្គការទន្លេអន្តរជាតិ (International Rivers) ប្រទេសចិនបានសាងសង់ទំនប់វារីអគ្គិសនីចំនួន៨នៅតំបន់ខាងលើ និងគ្រោងសាងសង់ចំនួន២០ទៀត។ ចំណែកប្រទេសឡាវ ក៏កំពុងសាងសង់ទំនប់វារីអគ្គិសនីចំនួនពីរនៅលើតួទន្លេមេគង្គ គឺទំនប់សាយ៉ាប៊ូរី និងដន សាហុង។ ឡាវក៏គ្រោងនឹងសាងសង់ទំនប់មួយទៀត គឺទំនប់ប៉ាក់បេង នៅពេលខាងមុខ។
អ្នកស្រី Maureen Harris នាយិកាទទួលបន្ទុកកម្មវិធីនៅអាស៊ីអាគ្នេយ៍នៃអង្គការទន្លេអន្តរជាតិ បានថ្លែងប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកឬអ៊ីមែលថា អ្នកស្រីចង់ឃើញការប្តេជ្ញាពីរដ្ឋាភិបាលនៃប្រទេសទាំង៦ ដើម្បីធានាថាមានការរៀបចំជាចីរភាពនៃការអភិវឌ្ឍទន្លេមេគង្គ-ឡានឆាង។ អ្នកស្រីបញ្ជាក់ថា នេះមានន័យថា រដ្ឋាភិបាលទាំងនោះផ្តល់អាទិភាពទៅលើការការពារបរិស្ថាន និងសិទ្ធិមនុស្សនៃសហគមន៍នៅតាមទន្លេ ដោយទទួលស្គាល់តម្លៃជាសំខាន់នៃទឹកទន្លេសម្រាប់ការរស់នៅរបស់ពលរដ្ឋ និងសន្តិសុខអាហារសម្រាប់មនុស្សរាប់លាននាក់។
អ្នកស្រី Maureen Harris បានបញ្ជាក់បន្ថែមថា ការស្ថាបនាទំនប់វារីអគ្គិសនី កំពុងតែកើនឡើងនៅក្នុងទន្លេមេគង្គ-ឡានឆាង បើទោះជាមានការព្រមានពីផលប៉ះពាល់ក៏ដោយ។
អ្នកស្រីបានមានប្រសាសន៍ថា៖«
អំឡុងពេល២ទសវត្សរ៍ចុងក្រោយនេះ ទំនប់នៅផ្នែកខាងលើ បានផ្លាស់ប្តូរវដ្តនៃភាពរាំងស្ងួត ទឹកជំនន់ជាធម្មជាតិនៃទឹក និងបានទប់លំហូរនៃដីល្បាប់ ដែលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងត្រីនៅខាងក្រោម»។
អ្នកស្រីក៏បានលើកឡើងអំពីកង្វះការចូលរួមរបស់ចិននៅក្នុងយន្តការរបស់គណៈកម្មការទន្លេមេគង្គ(MRC) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៥ ដែលមិនមានភាគីចិន និងមីយ៉ាន់ម៉ា ចូលជាសមាជិកនោះទេ គឺមានតែថៃ ឡាវ កម្ពុជា និងវៀតណាម។ អ្នកស្រីបញ្ជាក់ថា ដំណើរការរបស់គណៈកម្មការទន្លេមេគង្គ ក៏មិនមានប្រសិទ្ធភាពធំធេង ក្នុងការធានាការរៀបចំដោយចីរភាព និងការអភិរក្សទន្លេមេគង្គ៕