សាលាដំបូងខេត្តកោះកុង បានកោះហៅ ប្រជាពលរដ្ឋពីរនាក់រស់នៅក្នុងស្រុកគិរីសាគរឲ្យចូលខ្លួន ដើម្បីឆ្លើយបំភ្លឺដំណើររឿងដែលក្រុមហ៊ុនចិន Union Development Group (UDG) ប្តឹងទាមទារឲ្យប្រជាពលរដ្ឋទាំងពីរនាក់ រុះរើផ្ទះ របង និងសម្ភារៈផ្សេងទៀត ចេញពីដីកម្មសិទ្ធិរបស់ក្រុមហ៊ុន។ នេះបើយោងតាមឯកសារនៃដីកាកោះ ដែល VOA ទទួលបាននៅថ្ងៃអង្គារនេះ និងតាមការបញ្ជាក់របស់មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង។
បន្ទាប់ពីពួកគេត្រូវបានសាកសួរអស់ជាច្រើនម៉ោងតាំងពីព្រឹករហូតដល់រសៀលថ្ងៃអង្គារ ដោយ ព្រះរាជអាជ្ញារងម្នាក់នៃសាលាដំបូងខេត្តកោះកុងនោះមក ពួកគេទាំងពីរបានវិលត្រឡប់មកលំនៅដ្ឋានវិញទាំងមានក្តីបារម្ភថា ផ្ទះសម្បែងរបស់ពួកគេនឹងត្រូវឈូសឆាយ បើពួកគេនៅចចេសមិនព្រមចាកចេញនោះ។
យោងតាមដីកាកោះដាច់ដោយឡែកពីគ្នារបស់លោក អ៊ីវ ត្រាយ តំណាងអយ្យការសាលាដំបូងខេត្តកោះកុង ប្រជាពលរដ្ឋពីរនាក់ គឺលោក អ៊ុក សាវ៉ន វ័យ៥៦ ឆ្នាំ និងអ្នកស្រីលីវ ភួង វ័យ៥២ឆ្នាំ ត្រូវបានកោះឲ្យចូលខ្លួននៅថ្ងៃអង្គារនេះ។
លោក ហួរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា ពលរដ្ឋទាំងពីរនេះ គឺស្ថិតក្នុងចំណោមប្រជាពលរដ្ឋបួនគ្រួសារចុងក្រោយគេដែលមិនព្រមចាកចេញពីលំនៅដ្ឋានបច្ចុប្បន្នស្ថិតក្នុងតំបន់ពយជប៉ុន ក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ បន្ទាប់ពីពួកគេទទួលបានសំណងពីក្រុមហ៊ុនចំពោះដីធ្លីដែលពួកគេបានកាន់កាប់នៅក្រៅដីលំនៅដ្ឋានរបស់ពូកគេ។
លោកនិយាយថា ពួកគេបានព្យាយាមតវ៉ា រកសំណងបន្ថែមពីក្រុមហ៊ុនចិនUDG នេះ ជាដីទំហំមួយហិកតាសម្រាប់មួយគ្រួសារ មុននឹងសម្រេចចាកចេញពីលំនៅដ្ឋានបច្ចុប្បន្ន ដែលក្រុមហ៊ុនមិនព្រមផ្តល់សំណងឲ្យនោះ។
«ដំណើររឿងគឺវាអីចេះ ពីមុនគាត់ធ្លាប់បានទទួលសំណង តែដីចំការ ហើយនឹងដីធ្លីផ្ទះគាត់ តែវានៅកន្លែងផ្សេង កន្លែងផ្សេងទៀត។ អ៊ីចឹងគាត់បានទទួលមែន បានមួយគ្រួសារ ១០០០ [ដុល្លារ] ជាង។ ១០០០ជាងអ៊ីចឹង ក៏ប៉ុន្តែ ខាងក្រុមហ៊ុន គេប្តឹងទាមទារ ទាំងដីលំនៅដ្ឋានរបស់គាត់នៅពយជប៉ុននេះទៀត។ អ៊ីចឹងមានន័យថា ដីលំនៅដ្ឋានរបស់គាត់នៅពយជប៉ុននេះ គឺអត់ទាន់បានទទួលសំណងពីក្រុមហ៊ុនទេ ប៉ុន្តែក្រុមហ៊ុនគេប្តឹងទាមទារយក។ គេសំអាងថា គេបានប្រគល់សំណងហើយ ប៉ុន្តែសំណងហ្នឹងគឺប្រគល់ហ្នឹង គឺសងដីនៅកន្លែងផ្សេងទេ មិនមែនជាដីលំនៅដ្ឋាន ដែលគាត់កំពុងតែរស់នៅហ្នឹងទេ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ការប្តឹងផ្តល់របស់ក្រុមហ៊ុនចិន UDG នេះ គឺជាការរំលោភបំពានសិទ្ធិលំនៅដ្ឋានរបស់ពលរដ្ឋ។
ក្រុមហ៊ុន Union Development Group នេះបានទទួលដីសម្បទានសេដ្ឋកិច្ចសរុបចំនួន៤៥.១០០ហិកតាពីរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់៣,៨ពាន់លានដុល្លារកាលពីឆ្នាំ២០០៨។ គម្រោងទីក្រុងទេសចរណ៍ដ៏ស្កឹមស្កៃនេះកំពុងដំណើរការនៅចំកណ្ដាលឧទ្យានជាតិបុទុមសាគរ ក្នុងខេត្តកោះកុង។
អ្នកស្រីលីវ ភួង វ័យ៥២ ឆ្នាំ ដែលបានចូលទៅបំភ្លឺជាមួយលោក អ៊ុក សាវ៉ន នៅសាលាដំបូងខេត្តកោះកុង ថ្លែងថាអ្នកស្រីមិនព្រមចាកចេញពីលំនៅដ្ឋានបច្ចុប្បន្ន ដោយសារតែអ្នកស្រីបានព្រមកាត់ដីលំនៅដ្ឋានបច្ចុប្បន្នតែកន្លះហិកតាលើផ្ទៃដីសរុបមួយហិកតាទៅឲ្យក្រុមហ៊ុន។ ដូច្នេះអ្នកស្រីថា ទាល់តែក្រុមហ៊ុនផ្តល់សំណងដល់ដីទំហំកន្លះហិកតាទៀត និងដីចម្ការចំនួន៥ហិកតា ទើបអ្នកស្រីអាចចាកចេញពីលំនៅដ្ឋានបច្ចុប្បន្នបាន។
អ្នកស្រីប្រាប់ VOA បន្ថែមថា ក្រុមហ៊ុនបានយកដីចំការរបស់អ្នកស្រីជាងបួនហិកតា រួចទៅហើយ ដោយបានផ្តល់លុយជាង១០០០ដុល្លារ ហើយបានសន្យាថា នឹងផ្តល់ដីប្រាំហិកតាផ្សេងទៀតជាថ្នូរនឹងការបាត់បង់ដីចំការនោះ។ តែអ្នកស្រីថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនបានធ្វើតាមសន្យាទេ ហើយថែមទាំងចង់បានដីភូមិដ្ឋានសព្វថ្ងៃដែលស្ថិតនៅក្នុងតំបន់ពយជប៉ុន ទល់មុខកោះស្តេចនេះទៀត។
«គាត់ថា ខ្ញុំមិនអាចសុំដី សុំធ្លីគេបានទៀតទេ...យើងខ្ញុំយកអីទៀត បើខ្ញុំយករួចហើយ ត្រូវតែដើរចេញទៅ មានតែខ្ញុំហ្នឹងសុំថវិកាគេបន្តិចបន្តួច រុះរើ ថ្លៃរុះរើទៅនៅអាកន្លែងខ្ញុំយក មួយកន្លែងហ្នឹងទៅ បើ[មិន]ចឹង គេត្រូវធ្វើតាមច្បាប់ ច្បាប់គេដាក់តាមចិនហ្នឹងដាក់មកឲ្យគេ មើលតាមសំណងគេហ្នុងទៅ គេថា ខ្ញុំត្រូវតែចេញចឹងហ្មង»។
អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីព្រមចាកចេញពីលំនៅដ្ឋានបច្ចុប្បន្ន ប្រសិនបើក្រុមហ៊ុនផ្តល់ដីចំនួន៥ហិកតា ដែលបានសន្យាថាឲ្យកាលពីពេលមុននោះ និងសំណងសម្រាប់ដីភូមិដែលក្រុមហ៊ុនចង់បាន។ អ្នកស្រីបានបង្ហាញក្តីបារម្ភចំពោះការឈូសឆាយដីពីសំណាក់ក្រុមហ៊ុន ព្រោះតំណាងអយ្យការលោកអ៊ីវ ត្រាយប្រាប់ថា អ្នកស្រីមិនអាចតវ៉ាបានទៀតទេ។
«គេថា យើងមិនអាចតវ៉ាបាន យើងត្រូវតែចេញ បើមិនចេញគេដាក់ដីកាទៅឈូសចោលចឹងហ្មង ចឹងភ័យចឹងហ្មង ភ័យកន្លែងហ្នឹង ដល់ពេលគេឈូសចោល យើងមិនដឹងធ្វើម៉េចកើត? យើងទៅតតាំងគេម៉េចកើត បើគេសុទ្ធតែគ្រឿងចក្រ»។
VOA ព្យាយាមសុំការអធិប្បាយពីក្រុមហ៊ុន UDG តាមទូរស័ព្ទលើតុ តែទូរស័ព្ទនោះរោទិ៍គ្មានអ្នកទទួល។
លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកោះកុង បដិសេធមិនផ្តល់ការអធិប្បាយដោយលោកជាប់រវល់។
គម្រោងរបស់ក្រុមហ៊ុន UDG ដើម្បីអភិវឌ្ឍទីក្រុងទេសចរណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាង១.០០០គ្រួសារ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេជាយូរមកហើយ។ ប៉ុន្តែនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅមិនទាន់បានដំណោះស្រាយសមស្របសម្រាប់ដីដែលពួកគេកាន់កាប់ បន្ទាប់ពីពួកគេបានយល់ព្រមថានឹងចាកចេញពីភូមិដ្ឋានចាស់ ទៅតាំងលំនៅដ្ឋាននៅភូមិដ្ឋានថ្មី។
គម្រោងសាងសង់ទីក្រុងទេសចរណ៍របស់ក្រុមហ៊ុន UDG នេះ អាចនឹងប្រើពេល២៥ឆ្នាំដើម្បីបញ្ចប់គម្រោង។ ទីក្រុងនេះ ប្រសិនបើសាងសង់រួច នឹងមានវាលព្រលានយន្តហោះ មណ្ឌលពាណិជ្ជកម្ម កំពង់ផែ និងទីកន្លែងកំសាន្តផ្សេងទៀត ដូចជាកន្លែងវាយកូនគោលជាដើម។ នេះបើតាមការបញ្ជាក់ពីមន្ត្រីខេត្តកោះកុង កាលពីពេលកន្លងមក។
ក៏ប៉ុន្តែ លោកហ៊ួរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកលីកាដូ ប្រចាំខេត្តកោះកុង ថ្លែងថា មានការវិវត្តន៍យ៉ាងយឺតយ៉ាវចំពោះគម្រោងដ៏ធំនេះ ដោយសារតែដីធ្លីដែលបានមកពីការផ្តល់សម្បទានសេដ្ឋកិច្ចរបស់រដ្ឋ និងដីដែលទាមទារបានពីប្រជាពលរដ្ឋជិត៤៦០០០ហិកតានោះ ត្រូវបានទុកឲ្យនៅទំនេរចោល ឬធ្វើសកម្មភាពដាំដុះបន្តិចបន្តួចតែប៉ុណ្ណោះ៕