ក្រសួងការពារជាតិតៃវ៉ាន់និយាយថា ខ្លួនបានប្រទះឃើញបាឡុងឈ្លបការណ៍យោធាចិនមួយ ហោះនៅច្រកសមុទ្រតៃវ៉ាន់ និងឃើញចិនកំពុងចល័តយន្តហោះនិងនាវាយោធាក្នុងទ្រង់ទ្រាយធំជាច្រើនគ្រឿងទៀតផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ក្រសួងការពារជាតិតៃវ៉ាន់និយាយថា បាឡុងឈ្លបការណ៍របស់ចិននោះ បានហោះកាត់ទីក្រុងកំពង់ផែ Keelungនៅភាគខាងជើងតៃវ៉ាន់កាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយបន្តដំណើរទៅទិសខាងកើតមុនពេលបាត់ខ្លួន ដែលប្រហែលជាចូលអាចទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
បើទោះបីជាយ៉ាងនេះក្តី ក៏គេនៅមិនដឹងច្បាស់នៅឡើយទេថា តើបាឡុងនោះត្រូវបានបញ្ជាដោយកងទ័ពរំដោះប្រជាជនចិនរបស់គណបក្សកំម្មុយនីស្តចិនឬយ៉ាងណានោះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់និយាយថា គេពុំមានព័ត៌មានលម្អិតបន្ថែមជុំវិញបាឡុងហោះនោះឡើយ។ ប្រទេសចិនមិនបានបែងចែកឱ្យដាច់ពីគ្នាឡើយ រវាងមុខងារយោធានិងស៊ីវិល ដែលក្នុងនោះក៏រួមមានសកម្មភាពក្នុងសមុទ្រចិនខាងត្បូងផងដែរ ដែលខ្លួនបានធ្វើសកម្មភាពជាលក្ខណៈកងជីវពល ដោយបង្ហាញពីសកម្មភាពទូកនេសាទស៊ីវិល ប៉ុន្តែស្ថិតនៅក្រោមបញ្ជារបស់រដ្ឋាភិបាលចិន ក្នុងការបង្កើនភាពគឃ្លើនរបស់ខ្លួនដើម្បីកាន់កាប់ទឹកដីរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
កោះតៃវ៉ាន់បានគំរាមបាញ់ទម្លាក់បាឡុងឈ្លបយកការណ៍របស់ចិន ប៉ុន្តែក្រសួងការពារជាតិតៃវ៉ាន់មិនបាននិយាយលម្អិតថា តើខ្លួនបានចាត់វិធានការដូចនេះនោះទេ។ ក្រសួងការពារជាតិតៃវ៉ាន់ថា ខ្លួនបានតាមដានត្រួតពិនិត្យបាឡុងហោះរបស់ចិននោះ ដែលបានហោះក្នុងរយៈកម្ពស់ប្រមាណ៦.៤០០ម៉ែត្រពីដី។
ក្រសួងការពារជាតិតៃវ៉ាន់ក៏បាននិយាយផងដែរថា ខ្លួនបានពិនិត្យឃើញមានការចល័តយន្តហោះចម្បាំងយោធាចិនចំនួន២៦គ្រឿង នឹងនាវាចម្បាំងកងទ័ពជើងទឹកចិនចំនួន១០គ្រឿង ក្នុងរយៈពេល២៤ម៉ោង មុនម៉ោង៦ព្រឹកថ្ងៃសុក្រនេះ។ ក្នុងចំណោមយន្តហោះចម្បាំងយោធាទាំងនោះ មានយន្តហោះ១៥គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់ខណ្ឌមិនផ្លូវការ ដែលបែងចែករវាងកោះតៃវ៉ាន់និងប្រទេសចិន ហើយដែលចិនមិនបានទទួលស្គាល់ខ្សែបន្ទាត់ខណ្ឌចែកនេះឡើយ៕