រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នឹងធ្វើទស្សនកិច្ចនៅសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជាក្នុងសប្តាហ៍នេះ ដើម្បីស្វះស្វែងកសាងទំនាក់ទំនងក្នុងតំបន់។ នេះបើយោងតាមរដ្ឋាភិបាលក្រុងប៉េកាំងដែលរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធនេះ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិន បាននិយាយថា លោក Wang ដែលបានវិលមកកាន់តំណែងនេះវិញកាលពីខែមុន ក្រោយពីការបាត់មុខអ្នកស្នងតំណែងបន្តពីលោកគឺ លោក Qin Gang ដោយគ្មានការពន្យល់មូលហេតុនោះ នឹងធ្វើដំណើរទៅកាន់ប្រទេសទាំងបីចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ។
ក្រសួងការបរទេសចិន និយាយថា៖ «ចិនសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយប្រទេសអាស៊ីអាគ្នេយ៍ទាំងបីតាមរយៈទស្សនកិច្ចនេះ»។
កម្ពុជា បានក្លាយជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លាបំផុតមួយរបស់ចិនក្នុងតំបន់នេះ ក្រោមការត្រួតត្រារបស់លោក ហ៊ុន សែន ដែលជិតចេញពីអំណាច ដោយទទួលបានវិនិយោគទុនចិនដ៏សម្បើម។
តែរំហូរចូលលុយចិន ក៏បាននាំមកនូវបញ្ហាជាច្រើនដែររួមទាំងកាស៊ីណូព្រោងព្រាតនិងប្រតិបត្តិការបោកប្រាស់តាមអនឡាញ ដែលដំណើរការដោយបុគ្គលិកបរទេស។
ទំនាក់ទំនងរបស់ចិនជាមួយតំបន់អាស៊ីអាគ្នេយ៍ មានលក្ខណៈស្មុគស្មាញដោយសារការគ្រប់គ្រងដែលចិនប្រកាសដោយខ្លួនឯងលើផ្នែកភាគច្រើននៃដែនសមុទ្រចិនខាងត្បូង ទោះបីជាមានការទាមទារត្រួតគ្នាពីបណ្តាប្រទេសមួយចំនួនរួមទាំងឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីននិងម៉ាឡេស៊ី។
ការមិនយល់ស្របគ្នាខាងលម្ហសមុទ្រ បានធ្វើឲ្យប្រទេសខ្លះជាសមាជិកអាស៊ាន ប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំង និងជំរុញឲ្យមានការតវ៉ារបស់សហរដ្ឋអាមេរិកចំពោះភាពគឃ្លើនកាន់តែខ្លាំងឡើងរបស់ចិន។ ប្រទេសខ្លះទៀត គាំទ្ររដ្ឋាភិបាលចិន។
រាប់ទសវត្សរ៍មកហើយ សិង្ហបុរី បានព្យាយាមរក្សាទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកឲ្យមានលំនឹង ដោយធ្វើឲ្យមានតុល្យភាពក្នុងពេលមានការប្រជែងគ្នាកាន់តែខ្លាំងរវាងមហាអំណាចទាំងពីរនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក៕