កងទ័ពជើងទឹកនៃប្រទេស Ecuador បានបញ្ជាក់ថានាវានេសាទត្រីចិនប្រមាណ៣០០គ្រឿងបានចាកចេញពីប្រជុំកោះ Galapagos ហើយកាលពីចុងខែកញ្ញា ហើយឥឡូវនេះកំពុងនេសាទត្រីក្នុងដែនទឹកអន្តរជាតិទល់មុខនឹងឆ្នេរសមុទ្រប្រទេស Peru។
លោកឧត្តមនាវី Daniel Ginez មេបញ្ជាការកិច្ចប្រតិបត្តិការនៃកងទ័ពជើងទឹក Ecuador បាននិយាយកាលពីចុងខែកញ្ញាថានៅពេលនេះកប៉ាល់ចិនទាំងនេះ«ឋិតនៅក្នុងដែនទឹកខាងក្រៅតំបន់សេដ្ឋកិច្ចដាច់មុខនៃប្រទេសPeru»។
លោកបាននិយាយបន្ថែមថានាវានេសាទចិននៅឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំមុនៗ។
លោក Ginez បាននិយាយឱ្យប្រុងប្រយ័ត្នថា«ជាមួយនាវានេសាទត្រីច្រើនបែបនេះយើងមានការប្រថុយប្រថានថាត្រីប្រភេទខ្លះនឹងមានចំនួនចុះថយ»។
ពួកអ្នកជំនាញបាននិយាយប្រាប់វីអូអេថាសកម្មភាពគឃ្លើនរបស់ប្រទេសចិនខាងការនេសាទមិនមែនគ្រាន់តែគំរាមកំហែងអធិបតេយ្យភាពនៃប្រទេសមានឆ្នេរសមុទ្រទាំងនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏នាំឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខអាហារសាកលនិងអេកូឡូស៊ីសមុទ្រផងដែរ។
ការត្អូញត្អែរពីពួកប្រទេសអាមេរិកខាងត្បូង
នាវានេសាទត្រីចិនជាច្រើនដែលធ្វើប្រតិបត្តិការតាមឆ្នេរមហាសមុទ្រ Pacificបាននាំឱ្យមានកង្វល់ពីប្រទេសមួយចំនួនក្នុងទ្វីបអាមេរិកខាងត្បូងកាលពីប៉ុន្មានខែមុននេះ។ កាលពីខែមិថុនា នាវានេសាទចិនប្រមាណ៣៤០គ្រឿងបានបើកចួកដែនសមុទ្រ ប្រទេស Ecuador បណ្តាលឱ្យមានការតវ៉ាអំពីលទ្ធភាពនៃការគំរាមកំហែងដល់ប្រជុំកោះ Galapagos ដែលជាកន្លែងកេរ្តិ៍ដំណែលពិភពលោកមួយនៃអង្គការ UNESCO និងជាកន្លែងរស់នៅរបស់សត្វច្រើនប្រភេទ។
បើតាមរបាយការណ៍នៃបណ្តាញផ្សាយព័ត៌មានថានាវានេសាទត្រីចិនទាំងនេះបានត្រូវចោទប្រកាន់ថាបានបិទប្រព័ន្ធសម្គាល់អត្តសញ្ញាណស្វ័យប្រវត្តិផ្អែកលើផ្កាយរណបវិទ្យាសាស្ត្ររបស់ខ្លួនហើយបានបើកចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេស Ecuador។ ក៏ប៉ុន្តែលោកឧត្តមនាវី Ginez នៃប្រទេស Ecuador បាននិយាយថាលើកនេះគ្មាននាវានេសាទចិនបានចូលក្នុងដែនទឹកនៃប្រទេស Ecuador នៅពេលធ្វើប្រតិបត្តិការនៅជិតប្រជុំកោះ Galapagos ទេ។
សេដ្ឋកិច្ចនៃប្រទេស Peru និងប្រទេស Ecuador ពឹងពាក់ខ្លាំងលើអាហារសមុទ្រ។ បើតាមស្ថិតិធានាគារពិភពលោកថាក្នុងឆ្នាំ២០១៨ ប្រទេសទាំងពីរនេះនេសាទត្រីបាន៤លាន៥សែនតោនគឺប្រហែលនឹងសហរដ្ឋអាមេរិកដែរ ប៉ុន្តែស្មើរតែប្រមាណ២៥%នៃអ្វីដែលចិនបាននេសាទក្នុងឆ្នាំដូចគ្នានេះ។
ប្រទេសទាំងពីរនេះនិយាយថាកងនាវានេសាទចិនធំៗគំរាមកំហែងសន្តិសុខប្រភពអាហារពួកគេ។
ប្រទេសចិនត្រូវការម្ហូបសមុទ្រច្រើនជាងគេក្នុងពិភពលោក។ ប្រជារាស្ត្រចិនបរិភោគត្រីចំនួនមួយភាគបីនៃការបរិភោគត្រីទាំងអស់ក្នុងពិភពលោកហើយមានអត្រាកំណើនប្រចាំឆ្នាំចំនួន៦%។
ការនេសាទដោយខុសច្បាប់ និងខុសបទបញ្ញ័ត្តិហៅ IUU
ពួកអ្នកវិភាគនិយាយថានាវាចិនច្រើនគ្រឿងបានធ្វើសកម្មភាពនេសាទ«ខុសច្បាប់ មិនរាយការណ៍និងដោយគ្មានបទបញ្ញ័ត្តិហៅ IUU ដែលគំរាមកំហែងអធិបតេយ្យភាពប្រទេសជាតិឯទៀតៗនិងនាំឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធសន្តិសុខម្ហូបអាហារសាកលថែមទៀតផង។
កាលពីថ្ងៃទី២២កញ្ញា លោកប្រធានាធិបតី Donald Trump បានផ្តោតទៅលើការនេសាទរបស់ប្រទេសចិននៅក្នុងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដោយលោកបានថ្លែងថារដ្ឋាភិបាលប៉េកាំង«បានចាក់ចោលប្ល៉ាស្ទីកនិងសំរាមរាប់លានតោនក្នុងមហាសមុទ្រហើយបាននេសាទហួសកម្រិតក្នុងដែនទឹកនៃប្រទេសឯទៀតៗ»។
លោក Rashid Sumaila ជានាយកនៃអង្គភាពស្រាវជ្រាវខាងសេដ្ឋកិច្ចនេសាទនៅឯវិទ្យាស្ថានមហាសមុទ្រនិងនេសាទនៃសាកលវិទ្យាល័យ British Columbia។ លោកបាននិយាយប្រាប់វីអូអេថាដោយសារត្រីក្នុងសមុទ្រនៅជិតប្រទេសចិនជិតអស់ហើយ ទើបចិនត្រូវទៅនេសាទនៅកន្លែងឯទៀតៗវិញ។
លោក Rashid Sumaila បានថ្លែងទៀតថា«ការចូលចិត្តបរិភាគត្រីច្រើននៅក្នុងប្រទេសចិនជាហេតុផលខាងសេដ្ឋកិច្ចដែលនាំឱ្យចិនធ្វើការនេសាទត្រីដោយខុសច្បាប់ មិនរាយការណ៍និងដោយគ្មានបទបញ្ញ័ត្តិ ហៅកាត់ថា IUU នោះ។ ប្រទេសចិនក៏គ្មានគោលនយោបាយនេសាទត្រីខ្លាំងនិងមានប្រសិទ្ធិភាពប្រឆាំងនឹង IUU ទេហើយថែមទាំងមានការផ្តល់ប្រាក់ជំនួយបន្ថែមដូចជាប្រាក់សម្រាប់ទិញប្រេងឥន្ធនៈជាដើម»។
វិទ្យាស្ថានខាងការអភិវឌ្ឍន៍នៅឯប្រទេសក្រៅហៅកាត់ថា ODI ដែលមានមូលដ្ឋានក្នុងក្រុងឡុងបានកត់ត្រានាវានេសាទចិនជិត១ម៉ឺន៧ពាន់គ្រឿងដែលជាចំនួនច្រើនលើសលប់មិនអាចធ្វើឱ្យវិទ្យាស្ថាននេះឃ្លាំមើលនាវាទាំងអស់នេះនៅក្នុងពិភពលោកបានឡើយ។
លោកស្រី Tabitha Mallory ជាសាស្ត្រាចារ្យខាងគោលនយោបាយការបរទេសនិងបរិដ្ឋាននៅឯសាកលវិទ្យាល័យរដ្ឋ Washington។ លោកស្រីបាននិយាយប្រាប់វីអូអេថាពួកប្រទេសកំពុងអភិវឌ្ឍន៍មានការពិបាកក្នុងការឃ្លាំមើលលំហសមុទ្រទល់មុខឆ្នេរសមុទ្ររបស់ពួកគេដែរ។
លោកស្រី Tabitha Mallory បានថ្លែងថា«ចិនទៅនេសាទត្រីនៅក្នុងប្រទេសដែលគ្មានសមត្ថភាពមាំមួនដើម្បីឃ្លាំមើលលំហសមុទ្រទល់មុខឆ្នេរសមុទ្ររបស់ពួកគេ។ នាវានៃកងឆ្មាំឆ្នេរសមុទ្រនិងប្រេងឥន្ធនៈសម្រាប់កងនាវាល្បាតទាំងនោះមានសោហ៊ុយច្រើនសម្រាប់ពួកប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះ»។
លោក Jim Risch ជាសមាជិកព្រឹទ្ធសភាស.រ.អ.ខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Idaho និងជាប្រធាននៃគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភា។ កាលពីសប្តាហ៍ទីបីនៃខែកញ្ញាលោកបានថ្លែងថាសហគមន៍អន្តរជាតិគួរដាក់សម្ពាធលើប្រទេសចិនឱ្យកែលម្អរបៀបនេសាទត្រីរបស់ផងខ្លួន។
លោក Jim Risch បាននិយាយថា«ការនេសាទត្រីយ៉ាងគឃ្លើននិងខុសច្បាប់ដោយប្រទេសចិនរំលោភលើបូរណភាពទឹកដីនៃពួកប្រទេសនានាក្នុងទ្វីបអាមេរិកឡាទីនដែលនៅជាប់នឹងសមុទ្រដោយបង្កើនការខ្វល់ខ្វាយខាងសន្តិសុខក្នុងរយៈពេលយូរ»។
ប្រទេសចិនបានសន្យាអំពីគោលនយោបាយ«គ្មានការអត់ឱន»ដល់ការនេសាទខុសច្បាប់ហើយបានស្នើឱ្យមានបម្រាមនេសាទបណ្តោះអាសន្ននៅក្នុងតំបន់ជិតប្រជុំកោះ Galapagos។
បើតាមក្រសួងកសិកម្មនិងកិច្ចការជនបទនៃប្រទេសចិនថាបម្រាមបណ្តោះអាសន្ននេះហាមប្រាមកងនាវានេសាទចិនទាំងអស់មិនឱ្យនេសាទត្រីក្នុងសមុទ្រជ្រៅក្នុងប៉ែកនិរតីនៃមហាសមុទ្រ Atlantic និងមហាសមុទ្រ Pacific ក្នុងរយៈពេលបីខែដោយចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា។
ប្រែសម្រួលដោយលោក ឈឹម សុមេធ