ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវការ ដើម្បីជជែកសន្ទនាផ្នែកនយោបាយជាន់ខ្ពស់ជាមួយថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន នៅទីក្រុងប៉េកាំង លោកបានទទួលការសន្យាពីសំណាក់ក្រុមហ៊ុនចិនចំនួនពីរថា នឹងដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារអាមេរិក ក្នុងគម្រោងយ៉ាងហោចណាស់ចំនួនបួននៅប្រទេសកម្ពុជា។
បណ្ដាញផ្សព្វផ្សាយផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីខ្មែរ ដែលបានរាយការណ៍បន្តតាមទំព័រហ្វេសប៊ុករបស់លោកបានឱ្យដឹងថា គម្រោងទាំងបួននោះរួមមាន ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ការកសាងទីក្រុងរណប ការកសាងមជ្ឈមណ្ឌលផ្ដល់សេវាទេសចរណ៍ និងការវិនិយោគខ្នាតធំលើវិស័យធនាគារ។
ការប្រកាសឡើងអំពីការសន្យាវិនិយោគនេះធ្វើឡើងក្នុងជំនួបរវាងលោក ហ៊ុន សែន និងលោក Zhang Yuliang ប្រធានក្រុមហ៊ុន Greenland Holding Group និងក្រោយមកជាមួយលោក Cheng Risheng ប្រធានក្រុមហ៊ុន Henan Transport Investment Group នៅឯផ្ទះសំណាក់រដ្ឋចិន នាទីក្រុងប៉េកាំង ដែលប្រធានក្រុមហ៊ុនទាំងពីរបានបញ្ជាក់ថា ការវិនិយោគខាងលើធ្វើទៅក្នុងក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមផ្លូវមួយខែ្សក្រវ៉ាត់មួយ (BRI) របស់លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ដែលកំពុងក្រសោបអំណាចមហាសាលក្លាយជាបុរសខ្លាំងនៅប្រទេសចិនកុម្មុយនិស្ត។
បណ្ដាញផ្សព្វផ្សាយផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីបានផ្សាយថា៖
«សម្ដេចតេជោ ហ៊ុន សែន បានរីករាយស្វាគមន៍ដល់ការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ ចំពោះប្រទេសកម្ពុជា។ ចំពោះការបើកធនាគារ គឺសម្ដេចតេជោ ហ៊ុន សែន នឹងផ្ដល់អាជ្ញាប័ណ្ណធនាគារដល់ក្រុមហ៊ុន ហើយសម្ដេចបានបញ្ជាក់សារជាថ្មីអំពីភាពអនុគ្រោះរបស់ប្រទេសកម្ពុជា ពោលគឺក្រុមហ៊ុនបរទេសអាចប្រើប្រាស់ទុនខ្លួនឯង១០០% ដោយមិនចាំបាច់មានដៃគូវិនិយោគនៅក្នុងស្រុកឡើយ»។
បណ្ដាញផ្សព្វផ្សាយផ្លូវការដដែលបានឱ្យដឹងទៀតថា នឹងមានការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបើកផ្លូវ និងសម្រួលផ្លូវច្បាប់ដល់ការចាក់បញ្ចូលទឹកប្រាក់វិនិយោគខាងលើ ឱ្យបានរួចរាល់នៅត្រឹមខែមករា ឆ្នាំ២០១៨ ពេលដែលលោកនាយករដ្ឋមន្ត្រីចិន Li Keqiang មកបំពេញដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា គម្រោងទាំងពីរខាងលើនឹងបង្កើតការងារជាង ២ម៉ឺនកន្លែងជូនប្រជាជនកម្ពុជា។
ការទទួលបានការវិនិយោគទំហំ ៧ពាន់លានដុល្លារនេះ មានឡើងខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងស្ថិតក្នុងអំណាច ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំស្ដីអំពីការសន្ទនាកម្រិតខ្ពស់ជាមួយនឹងថ្នាក់ដឹកនាំគណបក្សនយោបាយមកពីទូទាំងសាកលលោក ដែលរៀបចំធ្វើឡើងដោយគណបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំង។
ទីភ្នាក់ងារកាសែតផ្លូវការ People’s Daily របស់រដ្ឋចិនបានរាយការណ៍ថា ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា និងទាំងអ្នកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី (Aung San Suu Kyi ) នៃប្រទេសមីយ៉ាន់ម៉ា សុទ្ធតែបានពោលសរសើរវាយតម្លៃខ្ពស់មកលើការរៀបចំកិច្ចសន្ទនាកម្រិតខ្ពស់នេះ ថា បាននាំគណបក្សនយោបាយរបស់ខ្លួនទាញភ្ជាប់ការប្រាស្រ័យទាក់ទងកាន់តែជិតស្និទ្ធជាមួយនឹងគណបក្សកុម្មុយនិស្តចិន។
ការទទួលការសន្យាអំពីការវិនិយោគក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ និងការសន្ទនានយោបាយកម្រិតខ្ពស់នេះ ធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងស្ថិតក្នុងយុទ្ធនាការបង្ក្រាបក្រុមជំទាស់នៅក្នុងផ្ទះជាមួយនឹងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងដ៏មានថាមភាពរបស់គណបក្សប្រជាជនកម្ពុជារបស់លោក និងការបាញ់រះដោយប្រើសំណាញ់ច្បាប់លើបណ្ដាអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដែលមិនចំណុះឥស្សរជននយោបាយក្នុងអំណាច។
ខណៈដែលការបង្ក្រាបផ្នែកនយោបាយខាងលើកំពុងទទួលការថ្កោលទោស និងការកាត់ជំនួញហិរញ្ញវត្ថុជាបណ្ដើរៗពីបណ្ដារដ្ឋាភិបាលលោកខាងលិច រួមមានសហរដ្ឋអាមេរិក និងប្រទេសសមាជិកមួយចំនួននៃសហភាពអឺរ៉ុប ប្រទេសចិនបានប្រកាសអំពីការគាំទ្រឥតងាករេចំពោះទីក្រុងភ្នំពេញ ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈការសន្យាផ្ដល់ការគាំទ្រផ្នែកនយោបាយ និងហិរញ្ញប្បទានក្នុងរូបភាពជាកម្ចី និងការអភិវឌ្ឍជាច្រើនឥតដាច់។ ទោះជាយ៉ាងណាក៏ដោយមានពេលមួយនោះ សារព័ត៌មានរដ្ឋចិនបានព្រមានពីហានិភ័យផ្នែកសេដ្ឋកិច្ចដែលរងឥទ្ធិពលពីកលយុគនយោបាយនៅកម្ពុជាផងដែរ។
ប្រទេសចិនបានក្លាយជាប្រភពវិនិយោគទាំងផ្នែកសាធារណៈនិងផ្នែកឯកជនធំជាងគេនៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែង បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឲ្យដឹងថា ក្នុងឆ្នាំ២០១៦ ប្រទេសចិនមានចំណែកវិនិយោគដល់ទៅប្រមាណ៣០%នៃមូលធនវិនិយោគសរុបពេញមួយឆ្នាំនៅកម្ពុជា ដែលមានតម្លៃ ៣.៦ពាន់លានដុល្លារ។
ការណ៍នេះនាំឱ្យអ្នកវិភាគមួយចំនួនបង្ហាញក្ដីបារម្ភថា ការពឹងផ្អែកលើច្រកចូលវិនិយោគពីចិនខ្លាំងពេក បង្កឱ្យមានការគំរាមកំហែងដល់ឯករាជ្យភាពផ្នែកសេដ្ឋកិច្ច និងនយោបាយ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយVOA បានហៅព័ត៌មាននៃការដាក់ទុនវិនិយោគថ្មីរបស់ចិននៅកម្ពុជានេះថាជា«ដំណឹងល្អ» តែលោកបានលើកឡើងនូវក្ដីបារម្ភអំពីការពឹងផ្អែកទៅលើប្រភពតែមួយនៃការគាំទ្រទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយពីសំណាក់ប្រទេសចិន មកលើប្រទេសកម្ពុជា។ លោកបញ្ជាក់ថា៖
«ខ្ញុំព្រួយបារម្ភអ៊ីចេះទេ បើសិនយើងពឹងផ្អែកលើមហាអំណាចតែមួយ ទៅលើប្រភពនៃ[លំហូរ]អ្នករកស៊ីតែមួយ យូរៗទៅប្រទេសហ្នឹងនឹងក្លាយជាអាណានិគមរបស់គេទៅណា»។
លោក ឡៅ ម៉ុងហៃ ក៏បានលើកឡើងផងដែរថា បើជ្រុលតែជាប្រទេសធំជាងគេផ្នែកជំនួយ និងវិនិយោគសេដ្ឋកិច្ចនៅកម្ពុជាទៅហើយ ប្រទេសចិនដែលស្ថិតក្នុងចំណោមប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពនៅកម្ពុជាកាលពីឆ្នាំ១៩៩១ ក៏គួរតែជំរុញរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យធានានូវប្រព័ន្ធអភិបាលកិច្ចល្អ និងប្រព័ន្ធយុត្តិធម៌ដែលប្រសើរជាងមុន លៃយ៉ាងណាជួយធានានូវស្ថិរភាពយូរអង្វែងប្រយោជន៍ដើម្បីទីធ្លាដ៏ស្ងប់សុខនៅកម្ពុជា សម្រាប់វិនិយោគិនចិនមកប្រកបរបរទទួលទាន។
ប៉ុន្តែអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានលើកឡើងថា ទីផ្សារកម្ពុជាទទួលវិនិយោគិនដោយសេរី និងគ្មានការរើសអើង ហើយកន្លងមកវិនិយោគិនមកពីប្រទេសចិន និងក៏មានជប៉ុនផងដែរ ឃើញភាពទាក់ទាញរបស់កម្ពុជា ជាងការមើលឃើញរបស់វិនិយោគិនមកពីតំបន់ដទៃ ម្ល៉ោះហើយទើបនាំឱ្យការវិនិយោគពីចិនមានចំណែកធំ។
«យើងអត់អាចថា ប្រទេសនេះគួរតែមកប៉ុណ្ណេះ មកប៉ុណ្ណោះទេ គឺថា អ្នកមើលឃើញទីផ្សារប្រទេសយើងល្អ មក គឺយើងទទួលទាំងអស់ហ្នឹង អ្នកណាក៏យើងទទួលដែរ មិនមានការរើសអើងទេ ផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ដែលគេចង់មករកស៊ីនៅកម្ពុជាយើង»។
លោក ស៊ាង ថៃ បានបន្ថែមថា ការវិនិយោគក្នុងទឹកប្រាក់ដ៏ធំមហាសាលមកលើខាងលើឆ្លើយតបនឹងតម្រូវការគន្លឹះៗ នៃក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដើម្បីជំរុញកំណើនជាបន្ត តួយ៉ាងដូចជា ការកសាងផ្លូវល្បឿនលឿនដែលអាចកាត់បន្ថយថ្លៃដើមផលិតកម្មទៅលើផ្នែកដឹកជញ្ជូនឱ្យទាបជាងមុន និងក៏ដូចជាការវិនិយោគលើវិស័យធនាគារដែលអាចជួយសម្រួលលំហូរសាច់ប្រាក់រវាងប្រទេសចិន និងប្រទេសកម្ពុជា ទាំងលើការទូទាត់ទំនិញតូចធំនានា និងការវិនិយោគនៅគ្រប់កម្រិត៕