បណ្តាញព័ត៌មានចិនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អតីតអ្នកចាត់ចែងកិច្ច ការប្រតិបត្តិជាន់ខ្ពស់ម្នាក់នៃធនាគារកណ្តាលប្រទេសចិនត្រូវបានកាត់ទោសឱ្យជាប់គុកជាង ១៦ ឆ្នាំ ដោយសារប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
បើតាមគេហទំព័រហិរញ្ញវត្ថុ Caixin ដែលនិយាយយោងដល់ឯកសារមួយចេញផ្សាយដោយរដ្ឋអាជ្ញាថា លោក Sun Guofeng អតីតប្រធានមន្ទីរគោលនយោបាយរូបិយបណ្ណនៃធនាគារនៃប្រទេសចិនរបស់ប្រជាជន (People's Bank of China) បានផ្តល់ព័ត៌មានដើម្បីប្រាក់សំណូក ២១ លានយាន់ ស្មើនឹង ៣លានដុល្លារ។
បើតាមគេហទំព័រ Caixin ថា លោក Sun ក៏បានប្រើព័ត៌មានផ្ទៃក្នុងអំពីក្រុមហ៊ុនមួយចុះបញ្ជីនៅក្រុង Shanghai ដើម្បីឱ្យបានចំណេញនៅផ្សារជួញដូរភាគហ៊ុន។
លោក Sun អាយុ ៥១ ឆ្នាំ ត្រូវបានស៊ើបអង្កេតកាលពីឆ្នាំទៅ អំពីការសង្ស័យថា លោកបាន«រំលោភធ្ងន់ធ្ងរលើវិន័យនិងច្បាប់» ដែលសំដៅលើការប្រព្រឹត្តអំពើពុករលួយ។
គេហទំព័រហិរញ្ញវត្ថុ Caixin និងបណ្តាញព័ត៌មានចិនមួយចំនួនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយយោងតាមអាជ្ញាធរតុលាការថា លោក Sun ត្រូវបានកាត់ទោសឱ្យជាប់គុក ១៦ឆ្នាំ ៦ខែ។
ការកាត់ទោសនេះដែលធ្ងន់ធ្ងរបំផុតសម្រាប់ករណីបែបនេះ មានឡើងនៅពេលវិស័យហិរញ្ញវត្ថុនៃប្រទេសចិនស្ថិតនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោកប្រធានាធិបតី Xi Jinping។ ក្រុមជនត្រូវស៊ើបអង្កេតត្រូវបានទទួលទោសជាធម្មតា។
កាលពីខែវិច្ឆិកា លោក Sun Deshun អតីតប្រធានធនាគារ China Citic របស់រដ្ឋត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិត ដោយសារបានទទួលទ្រព្យធនមានតម្លៃជាង ១៣០លានដុល្លារ៕