ហ៊្វុនស៊ីនប៉ិច​អះអាង​ថា​ចិន​ប្រាប់​ឱ្យ​បក្ស​រាជានិយម​នេះ​កែទម្រង់​ដើម្បី​បាន​សន្លឹក​ឆ្នោត

នៅក្នុង​ការបោះឆ្នោត​កាលពី​ខែកក្កដា​ឆ្នាំ​២០១៣ ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​​បាន​បាត់បង់​អាសនៈ​ក្នុងរដ្ឋ​សភាជាតិ។​

ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ផ្តល់​យោបល់ដល់​គណបក្ស​រាជានិយម​ហ៊្វុន​ស៊ីនប៉ិច​ឲ្យ​ធ្វើ​ការ​កែ​ទម្រង់​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ម្ចាស់​ឆ្នោត​ឡើងវិញ។

គណបក្ស​ហ៊្វុន​ស៊ីន​ប៉ិច​ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​ដាច់​គេ​កាល​ពីឆ្នាំ​១៩៩៣ ​បានធ្លាក់​ដាំ​ក្បាលបាត់​ការគាំទ្រ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​ជាបន្ត​បន្ទាប់​ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​មុន​គណបក្ស​ដែល​សំបូរ​ទំនាស់​ផ្ទៃ​ក្នុង​នេះ​មិន​បាន​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា​មួយ​សោះ។

​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ព្រះ​អង្គម្ចាស់​ក្សត្រីយ៍​ នរោត្តម អរុណរស្មី ​នៅ​រសៀល​ថ្ងៃនេះ​លោក​ Guo Yezhou ​អនុរដ្ឋមន្ត្រី​នៃ​នាយកដ្ឋាន​អន្តរជាតិ​របស់​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ផ្តល់​អនុសាសន៍​ថា​ហ៊្វុនស៊ិនប៉ិច​ត្រូវ​តែ​ធ្វើ​ការ​កែទម្រង់​ជា​មុន​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​អណត្តិ​ក្រោយ។

​លោក​ញ៉ឹក ប៊ុនឆៃ ​អគ្គលេខាធិការ​គណបក្សហ៊្វុនស៊ីនប៉ិច​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ក្រោយ​ពី​ជំនួប​ជាមួយ​គណៈប្រតិភូ​ចិន​ថា​គណៈប្រតិភូ​ចិន​ថា​គណបក្ស​កុម្មុយនិស្ត​ចិន​ជំរុញ​ឲ្យ​ហ៊្វុនស៊ីនប៉ិច​ធ្វើ​ការ​កែទម្រង់​ដើម្បី​ប្រមូល​យក​ការ​ទុកចិត្ត​របស់​អ្នក​បោះឆ្នោត​ឡើង​វិញ។

«មាន​ការលើក​ឡើង​ក្នុង​ការ​ជំរុញ​ឲ្យ​គណ​បក្ស​ហ៊្វុនស៊ីន​ប៉ិច​ខិតខំ​ធ្វើ​យ៉ាងណា​កែទម្រង់ដើម្បី​ពង្រឹង​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​គាំទ្រ​ឡើង​វិញ»។
គណៈប្រតិភូ​ចិន​មិន​ផ្តល់​សេចក្តី​អត្ថាធិប្បាយ​ដល់ក្រុម​អ្នក​កាសែត​នោះ​ទេ។

លោកញឹក ប៊ុនឆៃ ​អះអាង​ថា​គណបក្ស​របស់​លោក​កំពុង​ធ្វើការ​កែទម្រង់​ជា​បណ្តើរៗ​នៅ​ក្នុង​ពេល​នេះ​ជា​ពិសេស​គឺ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅលើ​ក្រុម​យុវជន​ដែល​ជា​កម្លាំង​បោះឆ្នោត​យ៉ាង​សំខាន់។

គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិចបង្កើត​ឡើង​ដោយ​អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ​ដែល​ព្រះ​អង្គ​កៀកស្និទ្ធ​ជាមួយ​ប្រទេស​ចិន​យ៉ាង​ខ្លាំង។ គណបក្ស​នេះ​បាន​ឈ្នះ​ការ​បោះឆ្នោត​យ៉ាង​លើសលប់​កាលពី​ឆ្នាំ​១៩៩៣ ​ប៉ុន្តែ​គណបក្ស​នេះ​បាន​ធ្លាក់ចុះ​ប្រជាប្រិយ៍ភាព​ជា​បន្តបន្ទាប់​ដោយសារ​ជម្លោះ​ផ្ទៃ​ក្នុង​និង​ដោយសារ​មាន​ការចោទ​ប្រកាន់​ថា​ជា​គណបក្ស​ដែល​រណប​គណបក្ស​ប្រជាជន​កម្ពុជា។

នៅក្នុង​ការបោះឆ្នោត​កាលពី​ខែកក្កដា​ឆ្នាំ​២០១៣ ​គណបក្ស​ហ៊្វុនស៊ីនប៉ិចបាន​បាត់បង់​អាសនៈ​ក្នុងរដ្ឋ​សភាជាតិ។​

អ្នកស្រី​ ជា វណ្ណាត ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​យល់​ថា​គណបក្ស​ហ៊្វុនស៊ីនប៉ិច​អាចស្តារ​ប្រជា​ប្រិយ៍​ភាព​ឡើងវិញ​បាន​ខ្លះ​ប្រសិន​បើ​គណបក្ស​នេះ​កែទម្រង់​នយោបាយ​ឲ្យ​បានត្រឹមត្រូវ។

«កាលបោះឆ្នោត​ឆ្នាំ​១៩៩៣​(ហ៊្វុនស៊ីនប៉ិច)​ឈ្នះ​ដោយសារ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​មាន​គោល​នយោ​បាយ​ច្បាស់ចេញ​ពី​ខ្លួនឯង​ដល់​បោះឆ្នោត​ក្រោយៗ​មក​ហាក់​ដូចជា​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ហ្នឹង​មិន​ដឹង​ជា​ត្រូវ​បោះ​ឲ្យ​គណបក្ស​ណា​ដោយសារ​ថា​គោល​នយោបាយ​មិន​ច្បាស់​លាស់។ គេ​និយាយ​ថា​បើ​បោះ​ឲ្យ​ហ៊្វុនស៊ិនប៉ិច​ដដែល​គួរបោះឲ្យ​គណបក្ស​ប្រជាជន​ប្រសើរ​ជាង។​ ចឹង​បាន​ជា​ខ្ញុំ​ថា​នៅ​មាន​ឱកាស​សម្រាប់​ហ៊្វុនស៊ីនប៉ិច​ ប្រសិន​បើ​មាន​ការ​កែប្រែ​ជាក់​លាក់​អំពី​គោលនយោបាយ»។

គណៈប្រតិភូ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​តាំង​ពីថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៤​ខែកក្កដា។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គណៈ​ប្រតិភូ​នេះ​បាន​ជួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

ជំនួប​ជាមួយ​គណបក្ស​ទាំងពីរ​ដើម្បី​បញ្ជាក់​ពី​ការ​ធានា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​នៃ​គណបក្ស​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​បក្សកុម្មុយនិស្ត​ចិន។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ៕