បក្សកុម្មុយនិស្ត ចិនបានអនុម័តបទបញ្ជាថ្មីមួយដែលនឹងដាក់អ្នកស៊ើបអង្កេតអំពើពុករលួយ៥សែននាក់របស់បក្ស ឲ្យស្ថិតក្រោមការគ្រប់គ្រងកាន់តែតឹងរ៉ឹងជាងមុន។
បទបញ្ញត្តិសម្រាប់អនុវត្តក្នុងបក្សនេះ ត្រូវបានអនុម័តកាលពីថ្ងៃទី៨ ខែមករា នៅក្នុងពិធីបិទបញ្ចប់ការប្រជុំពេញអង្គប្រចាំឆ្នាំរបស់គណកម្មការមជ្ឈិមសម្រាប់ការត្រួតពិនិត្យវិន័យ ហៅកាត់ថា CCDI។ បទបញ្ញត្តិនេះមានគោលបំណងធ្វើឲ្យការស៊ើបអង្កេតអំពើពុករលួយមានស្តង់ដារតែមួយ ដើម្បីធានាឲ្យបាននូវក្រុមវិន័យមួយដែលគ្មានមន្ទិល។
ក៏ប៉ុន្តែក្រុមអ្នកវិភាគមានមន្ទិលសង្ស័យអំពីរឿងនេះ ដោយពួកគេនិយាយថា ច្បាប់សម្រាប់គ្រប់គ្រងខ្លួនឯងបែបនេះ ប្រហែលជាមិនមានប្រសិទ្ធភាពក្នុងការរកមុខអ្នកស៊ើបអង្កេតដែលប្រព្រឹត្តអំពើពុករលួយនោះទេ បើទោះជាច្បាប់នេះមានតួនាទីធានាថា សមាជិកគណបក្សគោរពតាមមេដឹកនាំកាន់អំណាចបច្ចុប្បន្នក្រោមការដឹកនាំរបស់ប្រធានាធិបតីចិនគឺលោក Xi Jinping។
នីតិវិធីស៊ើបអង្កេតដែលមានស្តង់ដារតែមួយ
ដោយសារតែសេចក្តីលម្អិតនៃបទបញ្ញត្តិនេះមិនទាន់ត្រូវបានបញ្ចេញឲ្យដឹងនៅឡើយ ច្បាប់នេះត្រូវបានគេរាយការណ៍ថា នឹងដាក់ចេញនូវស្តង់ដារច្បាស់លាស់ អំពីរបៀបដោះស្រាយតម្រុយព័ត៌មានអំពីអំពើពុករលួយ របៀបត្រួតពិនិត្យ និង ពិនិត្យឡើងវិញនូវសំណុំរឿង និងរបៀបគ្រប់គ្រងផលចំណេញឬទ្រព្យសម្បត្តិដែលបានដោយអំពើទុច្ចរិត។ នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើវិបសាយរបស់គណកម្មការវិន័យកាលពីខែមករា។
របាយការណ៍នោះបានឲ្យដឹងថា អ្នកស៊ើបអង្កេតនឹងតម្រូវឲ្យរក្សាទុកឯកសារសំឡេង និងវីដេអូគ្រប់ដំណាក់កាលនៃការសួរចម្លើយ ស្របពេលដែលពួកគេ ក៏ត្រូវបង្កើតប្រព័ន្ធចុះបញ្ជីមួយ សម្រាប់អ្នកទាំងឡាយណាដែលស្នើសុំសួរ ឬព្យាយាមរំខានដល់សំណុំរឿងរបស់ពួកគេ។
សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំដែលត្រូវបានផ្សព្វផ្សាយកាលពីខែមករានិយាយថា៖ «ភាពជឿទុកចិត្តលើមន្ត្រីអនុវត្តវិន័យមិនអាចជំនួសឲ្យការត្រួតពិនិត្យបានឡើយ។ យើងត្រូវធ្វើឲ្យប្រាកដថា អំណាចដែលផ្តល់ដោយបក្ស និងប្រជាពលរដ្ឋមិនត្រូវបានរំលោភបំពានជាដាច់ខាត»។
ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ខែមករាកន្លងទៅ លោក Wu Yuliang អនុរដ្ឋលេខាធិការនៃគណកម្មការមជ្ឈិមសម្រាប់ត្រួតពិនិត្យវិន័យ បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី Xi ដែលជាប្រធានបក្ស ដើម្បីបង្ក្រាប ទាំង «ខ្លា» និង «រុយ» ពោលគឺទាំងមេដឹកនាំដែលមានឥទ្ធិពល និងអ្នកធ្វើការនៅតាមការិយាល័យថា្នក់មូលដ្ឋាន។
លោកបានបន្ថែមថា ការប្រយុទ្ធរបស់គណបក្សប្រឆាំងនឹងអំពើពុករលួយទទួលបាន ការលើកទឹកចិត្តយ៉ាងខ្លាំងក្លាមួយ និងការវិវឌ្ឍយ៉ាងធំ បន្ទាប់ពីមានការស្ទាបស្ទង់មតិមួយដែលបង្ហាញថា អត្រាយល់ព្រមក្នុងការប្រឆាំងនឹងអំពើពុករលួយមួយរបស់គណបក្សមានចំនួន៩៣ភាគរយ កើនឡើងពីចំនួន៧៥ ភាគរយនៅឆ្នាំ២០១២។
លោក Wu បានលើកយកសម្តីដើមរបស់លោក Xi ដោយនិយាយថា៖ «គោលបំណងនៃការធានាមិនឲ្យមន្ត្រីហ៊ានប្រព្រឹត្តអំពើពុករលួយ ទទួលបានភាពជោគជ័យ ហើយប្រព័ន្ធនៃការធានាថាមន្ត្រីទាំងនោះនឹងមិនប្រព្រឹត្តអំពើពុករលួយ ត្រូវបានគេបង្កើតរួចហើយ។ យើងកំពុងកសាងទំនប់ដើម្បីធានាថា មន្ត្រីទាំងនោះនឹងមិនប៉ងប្រព្រឹត្តអំពើពុករលួយ»។
យោងតាមលោក Wu គណបក្សបានដាក់វិន័យលើសមាជិកបក្សចំនួន០.៤៣ ភាគយកក្នុងចំណោមសមាជិក ទាំង៨៨លាននាក់របស់បក្ស នៅក្នុងឆ្នាំ២០១៦ បើធៀបទៅនឹងឆ្នាំ២០១២ ការដាក់វិន័យមានចំនួន០.១៨ ភាគរយ ក្នុងចំណោមសមាជិករបស់បក្ស ៨៥លាននាក់។ លោកបន្ថែមថា មន្ត្រីពុករលួយប្រហែល ២.៥០០នាក់ ដែលបានរត់គេចខ្លួនទៅក្រៅប្រទេស ត្រូវបានធ្វើបត្យាប័ន ត្រឡប់មកប្រទេសចិនវិញ ហើយត្រូវបានគេរកឃើញទឹកប្រាក់ ចំនួន ៨.៦៤ពាន់លានយ័ន ប្រហែលនឹង (១.២៥ ពាន់លានដុល្លារអាមេរិក) ពីប្រាក់នៃអំពើលួចបន្លំ ក្នុងរយៈពេល៤ឆ្នាំកន្លងទៅ។
នៅពេលសួរថា តើប្រទេសចិននឹងជួយសម្របសម្រួលប្រព័ន្ធគ្រប់គ្រង ដែលប្រព័ន្ធនេះនឹងធ្វើការដោយឯករាជ្យដោយមិនចាំបាច់ត្រូវរាយការណ៍ឲ្យគណបក្សនោះឬយ៉ាងណា លោក Wu និយាយថា ប្រព័ន្ធបែបនេះនឹងមិនសាកសមក្នុងប្រព័ន្ធបែបសង្គមនិយមរបស់ចិនទេ។ ក្នុងប្រព័ន្ធបែបនេះ ទាំងគណកម្មការវិន័យរបស់បក្ស ទាំងគណកម្មាធិការគ្រប់គ្រង់ថ្នាក់ជាតិនឹងត្រូវស្ថិតក្រោមការដឹកនាំរបស់បក្ស។
ដោយត្រូវរាយការណ៍ទៅរដ្ឋសភា គណកម្មាធិការគ្រប់គ្រងថ្នាក់ជាតិត្រូវបានគេកំណត់ឲ្យគ្រប់គ្រង មន្ត្រីដែលធ្វើការនៅការិយាល័យសាធារណៈ រួមទាំងប្រព័ន្ធតុលាការផងដែរ ។
លោក Wu ក៏បានបង្ហាញឲ្យដឹងដែរថា សភាជាតិរបស់បក្សកំពុងធ្វើសេចក្តីព្រាងច្បាប់ជាតិមួយដើម្បីផ្តល់មូលដ្ឋានផ្លូវច្បាប់សម្រាប់យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយថា្នក់ជាតិ។
មន្ទិលសង្ស័យលើបទបញ្ជា
ដោយធ្វើអត្ថាធិប្បាយលើបទបញ្ជា គ្រប់គ្រងខ្លួនឯងរបស់បក្សនេះ លោក Jean-Pierre Cabestan សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Hong Kong Baptist University និយាយថា បទបញ្ជាទាំងនេះដោះស្រាយតែការព្រួយបារម្ភដែលថា អ្នកស៊ើបអង្កេត អំពើពុករលួយបានក្លាយជាអ្នកមានឥទ្ធិពលខ្លាំងជ្រុល ហើយគ្មានបទបញ្ជាណាដើម្បីកម្រិត ឬរារាំងពួកគេមិនឲ្យបំពានអំណាចរបស់ពួកគេ។
លោកសាស្ត្រាចារ្យបន្ថែមថា គេនៅរង់ចាំមើល ថាតើបទបញ្ជាទាំងនេះនឹងមានដំណើរការក្នុងការគ្រប់គ្រងសមាជិកគណកម្មការមជ្ឈិម CCDI ឲ្យបានល្អ ឬអាចបំបែកការស៊ើបអង្កេតនៃមន្ត្រីប្រឆាំងអំពើពុករលួយចេញពីការកាត់ទោសបានឬយ៉ាងណា។
នៅជួរមុខនៃទីលាននយោបាយ លោកនិយាយថា បទបញ្ជាបែបនេះនឹងជួយលោក Xi ពង្រឹងអំណាចរបស់លោក ដោយការប្រើប្រាស់អ្នកឃ្លាំមើលកំពូលក្នុងការងារប្រឆាំងអំពើពុករលួយ ដើម្បីជំរុញវិន័យនយោបាយ ស្របពេលដែលមានការវាយប្រហារទៅលើក្រុបបដិបក្ខផ្ទៃក្នុងបក្ស ដែលប្រឆាំងនឹងលោក ឬអ្នកដែលធ្វើឲ្យ ការអនុវត្តកំណែទម្រង់របស់លោកនៅទូទាំងប្រទេសយឺតយ៉ាវ។
លោក Cabestan បានថ្លែងប្រាប់ VOA ថា៖ «ការងារត្រួតពិនិត្យលើវិន័យមិនត្រឹមតែជាការងារជំនួញដើម្បីធ្វើឲ្យសមាជិកបក្ស និងមេដឹកនាំបក្សមានភាពស្អាតស្អំប៉ុណ្ណោះទេ ប៉ុន្តែការងារនេះថែមទាំងធ្វើឲ្យពួកគេស្តាប់បង្គាប់ថ្នាក់ដឹកនាំនយោបាយបច្ចុប្បន្នផងដែរ»។
លោក Ren Jianming នាយកមជ្ឈមណ្ឌលស្រាវជ្រាវការប្រឆាំងអំពើពុករលួយ និងអភិបាលកិច្ចនៃសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង ក៏មានការយល់ឃើញប្រហាក់ប្រែលនេះដែរ។ លោកបាននិយាយថា វាមិនអាចទៅរួចទេដែលបទបញ្ជាគ្រប់គ្រងខ្លួនឯងតែមួយប៉ុណ្ណឹង មានការត្រួតពិនិត្យដែលមានប្រសិទ្ធិភាព លើសមាជិកគណកម្មការមជ្ឈិមសម្រាប់ត្រួតពិនិត្យវិន័យ CCDI បើសិនជាគ្មានការគ្រប់គ្រងពីខាងក្រៅនៅចំពោះមុខដើម្បីត្រួតពិនិត្យនោះទេ។
លោក Ren ថ្លែងថា៖ «អ្វីដែលយើងហៅថា ការត្រួតពិនិត្យពីខាងក្រៅលើសមាជិក គណកម្មការមជ្ឈិមសម្រាប់ត្រួតពិនិត្យវិន័យ CCDI នោះ រួមមានការត្រួតពិនិ្យដោយសមាជជាតិរបស់បក្សដែលនឹងកើតមាននៅពេលអនាគត ប្រតិភូរបស់បក្សនេះ ឬតាមរយៈការធ្វើប្រជាធិបតេយ្យនីយកម្មក្នុងបក្ស ក៏ដូចជាវិធានផ្សេងទៀត ដូចជាប្រព័ន្ធច្បាប់ដែលឯករាជ្យមួយ ឬក្រុមការងារពិសេសផ្សេងៗទៀត»។
លោកសាស្ត្រាចារ្យ Cabestan បានបន្ថែមថា ការតម្លើងឋានៈលោក Li Shulei ដែលជាអតីតអ្នកសរសេរសុន្ទរកថារបស់លោក Xi ឲ្យធ្វើជាប្រធាននៃក្រុមអ្នកឃ្លាំមើលការងារប្រឆាំងអំពើពុករលួយ បាន បញ្ជាក់យ៉ាងច្បាស់អំពីគម្រោងរបស់លោក Xi ដើម្បីពង្រឹតការគ្រប់គ្រងរបស់លោកលើឧបករណ៍គ្រប់គ្រងរបស់បក្ស ដោយសារតែលោក Li គឺជាមនុស្សម្នាក់ដែលលោកទុកចិត្ត បើទោះបីលោក Li ជាអ្នកជំនាន់ថ្មីក៏ដោយ។
លោកសាស្ត្រាចារ្យក៏បន្ថែមដែរថា លោកសង្ឃឹមថាលោក Xi នឹងរកវិធីរក្សាទុកលោក Wang Qishan ឲ្យធ្វើជាប្រធានគណកម្មការមជ្ឈិមសម្រាប់ត្រួតពិនិត្យវិន័យ CCDI ដដែល បន្ទាប់ពីសមាជជាតិលើកទី១៩របស់បក្ស ដែលគ្រោងនឹងធ្វើឡើងនៅឆមាសទី២ឆ្នាំនេះ បើទោះបីជាលោក Wang ដែលមានអាយុ៦៨ឆ្នាំរូបនេះ បានឈានហួសវ័យចូលនិវត្តន៍ជាយូរមកហើយក្តី៕
ប្រែសម្រួលដោយ នៀម ឆេង