អាជ្ញាធរ​ចិន​ចាប់​ខ្លួន​ជន​សង្ស័យ​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​តាម​កញ្ចប់​ប្រៃសណីយ៍​មួយ

បន្ទប់​មួយ​នៅ​ក្នុង​អគារ​ស្នាក់​នៅ​រង​ការ​ខូចខាត​ បន្ទាប់​បី​កន្លែង​មួយ​ចំនួន​ត្រូវ​បាន​គេ​បំផ្ទុះ​ដោយ​គ្រាប់​បែក​តាម​កញ្ចប់​ប្រៃសណីយ៍​ ក្នុង​ក្រុង Liuzhou ខេត្ត Guangxi កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។

ក្រុម​អាជ្ញាធរ​ចិន​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ទុះ​គ្រាប់​បែក​១៨​គ្រាប់​ដែល​បាន​ផ្ញើ​តាម​ប្រៃសណីយ៍ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៧​នាក់ ​ហើយ​និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​៥០​នាក់​ទៀត​រងរបួស​នៅ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​មក​នេះ។

ជន​សង្ស័យ​ត្រូវ​បាន​គេ​ប្រាប់​ឈ្មោះ​ថា Wei ​មាន​អាយុ​៣៣ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​ពុធ ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ការ​ផ្ទុះ​មួយ​ទៀត​ដែល​បាន​ធ្វើ​ឲ្យ​ដួល​រលំ​អគារ​កម្ពស់​៦​ជាន់​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

ការ​ផ្ទុះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​ផ្ទុះ​ចំនួន​១៧​ផ្សេង​ទៀត​កាលពី​ថ្ងៃ​ពុធ​ដែល​ត្រូវ​បាន​ចុច​បំផ្ទុះ​ដោយ​គ្រឿង​ផ្ទុះ​ដែលត្រូវ​បាន​គេ​ផ្ញើ​តាម​កញ្ចប់​ប្រៃសណីយ៍​ទៅ​កាន់​១៣កន្លែង​នៅ​ក្នុង​ទីក្រុង Liuzhou ​នៅ​ក្នុង​ខេត្ត Guangxi។

​ក្រុម​អាជ្ញាធរ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​គោល​បំណង​នៃ​ការ​វាយ​ប្រហារ​នោះ​ទេ ​ក៏ប៉ុន្តែ ​បាន​ច្រាន​ចោល​ភ្លាមៗ​ពី​សកម្មភាព​ភេរវកម្ម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​បាន​ចាត់​ទុក​បញ្ហា​នេះ​ជា​ករណី​ព្រហ្មទណ្ឌ។ ការ​ផ្ទុះ​នោះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​ភាព​ចលាចល​កាន់​តែ​ខ្លាំង​ឡើង​ដែល​ពាក់​ព័ន្ធ​នឹង​ជនជាតិ​ភាគ​តិច Uighurs ​នៅ​ក្នុង​ប្រទេស​ចិន។

ការ​ផ្ទុះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​១៦​ម៉ោងបន្ទាប់​ពី​ការ​ផ្ទុះ​លើក​ទី​មួយ​កាល​ពី​ថ្ងៃ​ពុធ​បាន​ត្រូវ​ចំ​អគារ​អ្នក​ស្រុក​រស់​នៅ​ក្នុង​ទីក្រុង Liucheng ​ស្ថិត​នៅ​ក្នុង​ខេត្ត Guangxi ដែល​មាន​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការស៊ីនហួ​នៃ​ប្រទេស​ចិន ​បាន​រាយការណ៍​ថា ​គេ​មិន​ទាន់​ដឹង​ថា​តើ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ដែរ​ឬ​អត់​នៅ​ឡើយ​ទេ។​

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​បាន​រាយការណ៍​ថា ​ជន​សង្ស័យ​បាន​ជួល​មនុស្ស​ផ្សេង​ទៀត​ឲ្យ​ជួយ​បញ្ជូន​កញ្ចប់​ដែល​មាន​ដាក់​គ្រឿង​ផ្ទុះ៕