ប្រធានាធិបតីចិន លោក ស៊ី ជីងពីង បានសរសើរមិត្តភាពដ៏ជ្រាលជ្រៅរវាងចិននិងប៉ាគីស្ថាននៅថ្ងៃអង្គារនេះ ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកទីមួយរបស់លោកទៅកាន់ប្រទេសនៅតំបន់អាស៊ីខាងត្បូងនេះ។
ថ្លែងទៅកាន់សភាប៉ាគីស្ថាន ប្រធានាធិបតីស៊ី បានសរសើរកិច្ចខំប្រឹងប្រែងប្រឆាំងភេរវកម្មរបស់រដ្ឋាភិបាលទីក្រុងអ៊ីស្លាមម៉ាបាដ ដោយនិយាយថា ប៉ាគីស្ថាននិងចិនមានផលប្រយោជន៍រួមខាងសន្តិសុខ។
ប្រធានាធិបតីស៊ីនិយាយថា «ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ាគីស្ថានបានជម្នះរាល់ការលំបាកហើយបានរួមវិភាគទានយ៉ាងខ្លាំងដល់សន្តិសុខនិងស្ថេរភាពនៃតំបន់ព្រំដែនភាគខាងលិចនៃប្រទេសចិន ហើយនេះជាអ្វីដែលយើងមិនអាចបំភ្លេចបានទេ»។
នៅក្នុងសន្ទរកថាផ្ទាល់របស់លោកទៅកាន់សមាជិកសភា នាយករដ្ឋមន្រ្តី Nawaz Sharif នៃប្រទេសប៉ាគីស្ថានបាននិយាយថា រដ្ឋាភិបាលទីក្រុងអ៊ីស្លាមម៉ាបាដនិងរដ្ឋាភិបាលទីក្រុងប៉េកាំងនឹងប្រយុទ្ធជាមួយគ្នាដើម្បីលុបបំបាត់ការគំរាមកំហែងភេរវកម្ម។
ចិនមានការព្រួយកង្វល់ជាយូរយាណាស់មកហើយថា ក្រុមសកម្មជនប្រយុទ្ធអ៊ីស្លាមក្នុងតំបន់ Xinjiangភាគខាងលិចរបស់ខ្លួន ប្រហែលជាបានទទួលការហ្វឹកហាត់និងការគាំទ្រពីក្រុមអ្នកប្រយុទ្ធនៅក្នុងតំបន់កុលសម្ព័ន្ធដែលគ្មានច្បាប់ទម្លាប់នានានៃប្រទេសប៉ាគីស្ថាន។
ប្រធានាធិបតីស៊ី បានអញ្ជើញទៅដល់រដ្ឋធានីអ៊ីស្លាមម៉ាបាដនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃច័ន្ទដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ។
ក្រៅពីការចរចាខាងសន្តិសុខ ដំណើរបំពេញទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ភាគីទាំង២បានចាប់ផ្តើមគម្រោងថាមពលនិងហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់៤៥ពាន់លានដុល្លា៕