ចិន​ថា​ អ្នក​វិទ្យាសាស្រ្ត​របស់​​អង្គការ​សុខភាព​ពិភព​លោក​នឹង​ចាប់ផ្តើម​ការ​ស៊ើប​អង្កេត​​ពី​ប្រភព​ដើម​នៃ​​ជំងឺ​កូវីដ​១៩

រូបឯកសារ៖ បុគ្គលិកសុខាភិបាលត្រួតពិនិត្យតំបន់ក្នុងក្រុង Wuhan ខេត្ត Hubei ដែលជាប្រភពដើមនៃវីរុសកូរ៉ូណា នៅប្រទេសចិន កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្រ្ត​មួយ​ក្រុមរបស់​អង្គការ​សុខភាព​ពិភព​លោក ​នឹង​ធ្វើ​ដំណើរ​មក​ដល់​ទី​ក្រុង Wuhan​ ប្រទេស​ចិន ​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​ស៊ើប​អង្កេត​ពី​ប្រភព​ដើម​នៃ​ការ​រាត​ត្បាត​ឆ្លង​វីរុស​កូរ៉ូណា​នោះ។​

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Zhao Lijian បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ដែល​មាន​សមាជិកចំនួន​ ១០​ នាក់​នេះ​ នឹង​ចាក​ចេញ​ពី​ប្រទេស​សិង្ហបុរី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ តាម​ជើង​ហោះ​ហើរ​ផ្ទាល់​ទៅ​កាន់​ទី​ក្រុង Wuhan​ ដែលជា​ទី​ក្រុងសំខាន់ដែលវីរុស​កូរ៉ូណា​ត្រូវ​បាន​គេ​រក​ឃើញ​ជាលើក​ដំបូង​នៅ​ទី​នោះ កាល​ពី​ចុង​ឆ្នាំ​ ២០១៩។​ ​

វីរុសកូរ៉ូណា​នេះ​បាន​ឆ្លង​រាតត្បាតទៅ​ស្ទើរគ្រប់​ទី​កន្លែង​ទាំង​អស់​នៅ​ជុំវិញ​ពិភព​លោក​។ រហូត​មក​ដល់​ពេល​នេះ មនុស្សជិត ​២លាន​នាក់នៅ​លើ​ពិភពលោក​ បានស្លាប់​ និងប្រមាណ​ ៩១​លាននាក់ បានឆ្លងជំងឺនេះ។

ប្រទេស​ចិន​បាន​ព្យាយាមបង្វែ​រប្រភព​ដើម​នៃ​ការផ្ទុះ​វីរុស​កូរ៉ូណា​ ដោយ​មន្ត្រី​ចិនមួយ​ចំនួន​បានជំរុញ​យ៉ាងខ្លាំង​ឲ្យ​គេជឿ​ថា ​វីរុស​កូរ៉ូណា​នេះកើត​ឡើង​ដំបូងនៅ​ប្រទេស​ផ្សេង។​

វេជ្ជបណ្ឌិត Mike Ryan ​ប្រធាន​កម្មវិធី​សង្គ្រោះ​បន្ទាន់​នៃ​អង្គការ​សុខភាព​ពិភព​លោក ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ទី​ក្រុង​ហ្សឺណែវ​ កាល​ពី​ថ្ងៃ​ចន្ទ​ថា ​«ទី​ភ្នាក់​ងារ​ WHO នឹង​ស្វែង​រក​ចម្លើយ​ដែល​អាច​ជួយ​សង្គ្រោះ​ពួកយើងក្នុង​ពេល​អនាគត​ ដោយ​មិនរក​អ្នក​ប្រព្រឹត្តកំហុស​ ឬអ្នក​ដែល​ទទួល​ការ​ស្តី​បន្ទោស​នោះ​ឡើយ»។ ​

លោក Ryan ​បន្ត​ទៀត​ថា៖ ​«ប្រសិន​បើ​មាន​ការ​ស្តី​បន្ទោស​មែន​នោះ​ យើង​អាច​បន្ទោស​ទៅ​លើ​ការ​ប្រែប្រួលអាកាស​ធាតុ។​ យើង​អាច​ស្តី​បន្ទោស​ដល់​ការ​សម្រេច​ចិត្ត​ផ្នែក​គោល​នយោបាយ ​ដែល​បាន​ធ្វើ​ឡើង ​កាល​ពី​៣០​ឆ្នាំ​មុន ​អំពីរឿង​រ៉ាវ​គ្រប់​យ៉ាង ចាប់​តាំង​ពី​ការ​អភិវឌ្ឍទី​ក្រុង​ រហូត​ដល់​ការ​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​ជា​ដើម​នោះ»។

អ្នក​ជំនាញ​លើ​វិស័យ​សុខាភិបាល​ម្នាក់​ ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​អង្គការ​សុខភាព​ពិភព​លោក ​បាន​គូស​បញ្ជាក់​ថា ​បេសកកម្ម​ស៊ើប​អង្កេត​នោះ​ មានការ​រំពឹង​ទុក «តិចណាស់» ដែលថានឹងនាំ​ទៅដល់​ការ​សន្និ​ដ្ឋាន​មួយ​អំពី​ប្រភព​ដើម​នៃវីរុសកូរ៉ូណា​ ដែល​បណ្តា​ល​ឲ្យ​មាន​ជំងឺ​កូវីដ​១៩​ នេះ៕​