រដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun បានចេញការព្រមានខ្លាំងៗកាលពីថ្ងៃទី ២ ខែមិថុនាលើបញ្ហាតៃវ៉ាន់និងសមុទ្រចិនខាងត្បូងនៅក្នុងកិច្ចពិភាក្សា Shangri-La ក្នុងប្រទេសសិង្ហបុរី។
ក្នុងអំឡុងការថ្លែងសុន្ទរកថាគន្លឹះរយៈពេល ៤០ នាទី លោក Dong បានចោទប្រកាន់រដ្ឋាភិបាលតៃវ៉ាន់នៅក្រោមការដឹកនាំរបស់គណបក្ស Democratic Progressive Party ដែលជាគណបក្សមានទំនោររកអធិបតេយ្យភាពរបស់តៃវ៉ាន់ ថា «កំពុងបន្តការផ្ដាច់ខ្លួន [ចេញពីចិន] កាន់តែខ្លាំងឡើង» ស្របពេលដែលកម្លាំងខាងក្រៅនៅបន្តលក់អាវុធដល់តៃវ៉ាន់និងរក្សាទំនាក់ទំនងផ្លូវការ «ដោយខុសច្បាប់» ជាមួយនឹងតៃវ៉ាន់។
លោកបានបញ្ជាក់នៅក្នុងកិច្ចពិភាក្សានោះដែលមានវត្តមានចូលរួមពីគណៈប្រតិភូមកពីប្រទេសជាច្រើនថា៖ «អ្វីដែលពួកគេកំពុងធ្វើគឺជំរុញក្រុមផ្ដាច់ខ្លួនឯករាជ្យរបស់តៃវ៉ាន់ឱ្យកាន់តែហ៊ានឡើងនៅក្នុងការប៉ុនប៉ងដើម្បីទប់ចិនជាមួយនឹងតៃវ៉ាន់»។ លោកបានព្រមានថា វិធានការទាំងនេះនឹងជំរុញតៃវ៉ាន់ឱ្យធ្លាក់ចូលក្នុង «ស្ថានភាពគ្រោះថ្នាក់»។
លោកបានបញ្ជាក់ជាថ្មីថា ការដោះស្រាយរបស់ចិនចំពោះបញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ និងថាចិននៅតែតាំងចិត្តក្នុងការសម្រេចឱ្យបាននូវការបង្រួបបង្រួមជាមួយតៃវ៉ាន់តាមរយៈមធ្យោបាយសន្តិវិធី។
ការលើកឡើងរបស់លោក Dong នេះបានធ្វើឡើងក្នុងពេលមួយសប្ដាហ៍ក្រោយមកបន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេលពីរថ្ងៃនៅជុំវិញកោះតៃវ៉ាន់។
ចិនថាសមយុទ្ធនេះគឺជាវិធានការដើម្បី «ដាក់ទណ្ឌកម្ម» លើប្រធានាធិបតីថ្មីរបស់តៃវ៉ាន់លោក Lai Ching-te សម្រាប់សាររបស់លោក Lai នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោកកាលពីថ្ងៃទី ២០ ខែឧសភាកន្លងទៅនេះ ដែលសង្កត់ធ្ងន់ថាគ្មានភាគីណាមួយនៅសងខាងច្រកសមុទ្រតៃវ៉ាន់ត្រូវនៅក្រោមបង្គាប់អ្នកណាទេ។
ក្នុងអំឡុងសុន្ទរកថាគន្លឹះកាលពីថ្ងៃទី ១ ខែមិថុនាដែលថ្លែងទៅកាន់វេទិកាពិភាក្សា Shangri-La នេះ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានលើកឡើងដោយខ្លីអំពីបញ្ហាតៃវ៉ាន់ ដោយលោកបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកតាំងចិត្តគោរពតាមស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់។
នៅក្នុងការលើកឡើងដែលគេយល់ថាជាការសំដៅមិនផ្ទាល់លើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ចិននៅជុំវិញកោះតៃវ៉ាន់ លោក Austin បានបញ្ជាក់អំពីសារៈសំខាន់នៃការដោះស្រាយជម្លោះតាមរយៈការចរចាជាជាងការគំរាមកំហែងឬ «ការដាក់ទណ្ឌកម្ម»។
លោក Austin បាននិយាយថា៖ «សង្គ្រាមឈ្លានពានរបស់ [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin គឺជាការបង្ហាញឱ្យឃើញនូវពិភពលោកមួយដែលជនផ្ដាច់ការជាន់ឈ្លីព្រំដែនអធិបតេយ្យ ពិភពលោកមួយដែលប្រទេសសន្តិភាពរស់នៅដោយភ័យខ្លាចប្រទេសជិតខាងខ្លួន និងពិភពលោកមួយដែលភាពចលាចលនិងការច្បាំងដណ្ដើមគ្នាជំនួសឱ្យច្បាប់និងសិទ្ធិ»។
ក្រៅពីបញ្ហាតៃវ៉ាន់ លោក Dong បានបញ្ជាក់ជាថ្មីអំពីការតាំងចិត្តរបស់ចិននៅក្នុងការប្រកាន់ខ្ជាប់តាមអ្វីដែលចិនមើលឃើញថាជាផលប្រយោជន៍របស់ខ្លួននៅសមុទ្រចិនខាងត្បូង។ ខណៈលោក Dong អះអាងថាសមុទ្រចិនខាងត្បូងមាន «ស្ថិរភាពជាទូទៅ» លោកបាននិយាយដោយមិនសំដៅឱ្យចំលើប្រទេសហ្វីលីពីនថា ប្រទេសមួយបានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគីនិងការសន្យារបស់ខ្លួនដោយសារមានការគាំទ្រពីកម្លាំងខាងក្រៅ។
លោកបានបន្ថែមថា ប្រទេសនោះ «បានបង្កហេតុដោយគិតទុកជាមុននិងបានបង្កើតសេណារីយ៉ូមិនត្រឹមត្រូវដើម្បីធ្វើឱ្យសាធារណជនយល់ច្រឡំ»។
បន្ថែមពីលើនេះទៀត លោក Dong បានចោទប្រកាន់ប្រទេសហ្វីលីពីនថាបានអនុញ្ញាតឱ្យប្រទេសមួយដំឡើងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងតំបន់។ លោក Dong ថ្លែងដូច្នេះចង់សំដៅមិនផ្ទាល់លើសហរដ្ឋអាមេរិក ដោយសារតែសហរដ្ឋអាមេរិកបានដំឡើងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅលើកោះ Lozon នៅភាគខាងជើងប្រទេសហ្វីលីពីនដែលជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងហ្វីលីពីន។
លោក Dong បានអះអាងថា វិធានការរបស់ហ្វីលីពីននេះនឹងបង្កគ្រោះថ្នាក់ដល់សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់។
ផ្ទុយទៅនឹងសារដ៏មុតមាំរបស់លោក Dong ចំពោះហ្វីលីពីននិងសហរដ្ឋអាមេរិកនេះ លោក Austin បានលើកឡើងអំពីសារៈសំខាន់នៃការធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូងដែលត្រូវបានអនុញ្ញាតនៅក្រោមច្បាប់អន្តរជាតិ។
លោក Austin បានបញ្ជាក់ក្នុងសុន្ទរកថាគន្លឹះរបស់លោកកាលពីថ្ងៃទី ១ ខែមិថុនាថា៖ «ការរុកគួនដែលហ្វីលីពីនបានប្រឈមមានលក្ខណៈគ្រោះថ្នាក់សុទ្ធសាធយ៉ាងពិតប្រាកដ។ យើងទាំងអស់គ្នាមានចំណាប់អារម្មណ៍រួមក្នុងការធានាថាសមុទ្រចិនខាងត្បូងនៅតែបើកចំហនិងមានភាពសេរី»។
អ្នកវិភាគខ្លះថា ការសង្កត់ធ្ងន់របស់លោក Dong លើបញ្ហាតៃវ៉ាន់និងសមុទ្រចិនខាងត្បូងឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងរបស់លោកនៅក្នុងការបញ្ជាក់ជាថ្មីអំពីជំហររបស់ចិនលើបញ្ហាទាំងនេះដែលចិនយល់ឃើញថាជាផលប្រយោជន៍ស្នូលរបស់ខ្លួន៕
ប្រែសម្រួលដោយលោកភី សុភាដា