ប្រទេសចិនបានសម្តែងនូវការខឹងសម្បាយ៉ាងខ្លាំងចំពោះក្រុមសមាជិកព្រឹទ្ធសភាអាមេរិកដែលទៅបំពេញទស្សនកិច្ចកោះតៃវ៉ាន់ដើម្បីប្រកាសផ្តល់វ៉ាក់សាំងកូវីដ១៩ដោយនិយាយថា ដំណើរទស្សនកិច្ចនេះនឹងលើកទឹកចិត្តដល់ «កម្លាំងផ្តាច់ខ្លួន» នៅលើដែនកោះមួយនេះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលក្រុងប៉េកាំងតែងចាត់ទុកដែនកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យនោះថាជាដែនអធិបតេយ្យភាពរបស់ខ្លួនដែលខ្លួននឹងដណ្តើមគ្រប់គ្រងមកវិញនៅថ្ងៃណាមួយហើយខ្លួនអាចនឹងប្រើកម្លាំងយោធាប្រសិនបើចាំបាច់នោះ។ ប្រទេសចិនក៏បានខឹងក្រេវក្រោធផងដែរចំពោះរាល់ការប៉ុនប៉ងផ្នែកការទូតណាមួយដើម្បីទទួលស្គាល់ដែនកោះមួយនេះថាជាប្រទេសឯករាជ្យនោះ។
គណៈប្រតិភូសមាជិកសភាអាមេរិកមួយក្រុមដែលមានសមាជិកចំនួន៣នាក់បានឈប់សំចតក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃអាទិត្យកន្លងទៅ ដោយបានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន៧សែន៥ម៉ឺនដូសដល់កោះតៃវ៉ាន់។
ការផ្តល់ជំនួយនេះកើតមានឡើងបន្ទាប់ពីតៃវ៉ាន់បានចោទប្រកាន់ចិនដីគោកថា បានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដោយលើកឡើងថានេះជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការធ្វើឲ្យកោះតៃវ៉ាន់ស្ថិតក្នុងភាពឯកោនោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានទាមទារឲ្យសហរដ្ឋអាមេរិក «មានការប្រុងប្រយ័ត្នក្នុងការទាក់ទងជាមួយកោះតៃវ៉ាន់និងជៀសវាងបញ្ជូននូវសញ្ញាខុសឆ្គងណាមួយទៅកាន់កម្លាំងបំបែករដ្ឋ» នៅលើដែនកោះនេះ៕