ប្រទេសចិននឹងងាកទៅរកការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ដើម្បីបង្កភាពមួម៉ៅដល់អ្នកបោះឆ្នោតអាមេរិកនិងបញ្ឆេះឱ្យមានការបែកបាក់ក្នុងសង្គមអាមេរិក នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ ២០២៤ ខាងមុខ។ នេះបើតាមការបង្ហាញដោយរបាយការណ៍ថ្មីមួយ។
ក្រុមអ្នកវិភាគស្តីពីការគំរាមកំហែងនៅក្រុមហ៊ុន Microsoft បានព្រមាននៅក្នុងប្លុកបង្ហោះមួយកាល ពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងប៉េកាំង បានអភិវឌ្ឍនូវសមត្ថភាពបច្ចេកវិទ្យា AI ថ្មីមួយ ដែលអាចបង្កើត«ខ្លឹមសារចាប់អារម្មណ៍ខ្លាំង» និងអាចទំនងជាមានអាចត្រូវចែករំលែកកាន់តែខ្លាំងលើបណ្តាញសង្គម បើប្រៀបធៀបទៅនឹងប្រតិបត្តិការរបស់ចិនលើមតិសាធារណៈអាមេរិក ក្នុងពេលកន្លងទៅ។
បើយោងទៅលើក្រុមហ៊ុន Microsoft បានឱ្យដឹងថា ការប្រឹងប្រែងអស់ពេល៦ខែរបស់ចិននេះ ទំនងដូចជាមានការប្រើប្រាស់ ការផលិតខ្លឹមសារដោយប្រើបច្ចេកវិទ្យា AI ដែលអាចផលិតទាំងរូបភាពដ៏អស្ចារ្យ និងអាចធ្វើឱ្យកាន់តែប្រសើរបន្តិចម្តងៗ។
ក្រុមហ៊ុន Microsoft បន្តទៀតថា៖ «យើងបានសង្កេតឃើញពីតួអង្គពាក់ព័ន្ធចិន ដែលត្រូវបានប្រើបច្ចេកវិទ្យា AI ដើម្បីច្នៃបង្កើតខ្លឹមសារ ដែលមានរូបភាពនៅក្នុងយុទ្ធនាការទ្រង់ទ្រាយធំទូលាយមួយ ដែលផ្តោតលើប្រធានបទនយោបាយ ដែលធ្វើឱ្យមានការឈ្លោះបែកបាក់គ្នា ដូចជាអំពើហិង្សានៃការប្រើប្រាស់អាវុធ និងការមើលងាយលើបុគ្គលឬនិម្មិតសញ្ញានយោបាយអាមេរិកជាដើម។
ក្រុមហ៊ុននេះបន្ថែមទៀតថា៖ «យើងរំពឹងថា ចិន នឹងបន្តធ្វើឱ្យបច្ចេកវិទ្យានេះកាន់តែប្រសើរឡើងថែមទៀតក្នុងពេលខាងមុខ បើទោះបីជាគេនៅពុំដឹងនៅឡើយថា ចិននឹងធ្វើវាដោយរបៀបណា ហើយនឹងប្រើវាក្នុងទ្រង់ទ្រាយធំនៅពេលណានោះទេ» ។
ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធនូវរបាយការណ៍លើកឡើងរបស់ក្រុមហ៊ុន Microsoft របស់អាមេរិកមួយនេះ។
អ្នកនាំពាក្យស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Liu Pengyu បានប្រាប់វីអូអេថា៖ «ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយបស្ចិមប្រទេស និងវិទ្យាស្ថានស្រាវជ្រាវមួយចំនួន បានចោទប្រកាន់ចិន ថាបានប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីបង្កើតគណនីបណ្ដាញសង្គមក្លែងក្លាយ ក្នុងការផ្សព្វផ្សាយនូវអ្វីដែលគេហៅថា «ជាព័ត៌មានគាំទ្រចិន»នោះ។ ការចោទប្រកាន់បែបនេះ ពោរពេញទៅដោយភាពលម្អៀងនិងការសន្និដ្ឋានដោយការព្យាបាទប្រឆាំងនឹងចិន ហើយដែលចិនសូមប្រឆាំងជាដាច់ខាត»៕