ចិន​ប្រើប្រាស់​ស្ពៃក្តោប​ដើម្បី​បង្កើន​​ការ​ទាមទារ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​អាស៊ី​ដែល​មាន​ជម្លោះ

  • Ralph Jennings

រូប​ឯកសារ៖ បុរស​ម្នាក់​រើ​ស្ពៃក្តោប​ដាក់​លើ​រទេះ​ នៅ​លើ​ផ្លូវ​ដើរ​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៨។

ប្រទេស​ចិន​កំពុង​ប្រើប្រាស់​ស្ពៃក្តោប​ដើម្បី​បង្កើន​​ការ​ទាមទារ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​អាស៊ី​ដែល​មាន​ជម្លោះ។ កង​នាវា​ចិន​ទើប​តែ​ប្រមូល​ផល​ដំណាំ​ដែល​ខ្លួន​បាន​ដាំដុះ​ដោយ​ប្រើ​បច្ចេកវិទ្យា​កសិកម្ម​លើ​ដី​ខ្សាច់​លើ​នៅ​លើ​កោះ​តូច​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​វៀតណាម ហ្វីលីពីន ក៏​កំពុង​ដាំ​ដំណាំ​នៅ​លើ​កោះ​នេះ​ផង​ដែរ​ដើម្បី​ជួយ​ផ្គត់ផ្គង់​មនុស្ស​នៅ​លើ​កោះ​នោះ។

ដំណាំ​ស្ពៃក្តោប​នៅ​លើ​កោះ​ត្រូពិក​ដ៏​តូច​មួយ​នឹង​ជួយ​ចិន​ពង្រឹង​ការ​ទាមទារ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​សមុទ្រ​អាស៊ី​ដែល​មាន​ជម្លោះ​ដោយ​អនុញ្ញាត​ឱ្យ​មនុស្ស​កាន់​តែ​ច្រើន​ឡើង​រស់​នៅ​ទីនោះ ហើយ​បង្ហាញ​ថា កោះ​តូច​នេះ​អាច​ឱ្យ​គេ​ទ្រទ្រង់​ជីវិត​ដោយ​ខ្លួន​ឯង។

សារព័ត៌មាន Online Global Times ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ប៉េកាំង​បាន​រាយការណ៍​ថា យោធា​នាវា​ចិន កាលពី​ខែ​មុន​បាន​ប្រមូល​ផល​ដំណាំ​នោះ​បាន​៧៥០គីឡូក្រាម​នៅ​លើ​កោះ Woody ក្នុង​ប្រជុំ​កោះ​ប៉ារ៉ាសេល​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​វៀតណាម និង​កោះ​តៃវ៉ាន់​បាន​ទាមទារ​ប្រជុំ​កោះ​តូចៗ​ដូច​គ្នា និង​សមុទ្រ​នៅ​ជុំ​វិញ​នោះ​ក្នុង​ផ្ទៃ​ទឹក​ខាង​ត្បូង​ឆ្ងាយ​ដែល​មាន​ទំហំ​៣លាន​៥សែន​គីឡូម៉ែត្រ​ការ៉េ ប្រទេស​ប្រ៊ុយណេ និង​ហ្វីលីពីន​បាន​ប្រកួតប្រជែង​ទាមទារ​ជាមួយ​ចិន​នៅ​ប្រជុំ​កោះ​ប៉ារ៉ាសេល។ រដ្ឋាភិបាល​ប្រកួតប្រជែង​គ្នា​ឱ្យ​តម្លៃ​សមុទ្រ​នោះ​ដោយសារ​សម្បូរ​ត្រី​ និង​ថាមពល។ ចិន​ បាន​នាំ​មុខ​គេ​ខាង​យោធា​លើ​ភាគី​ផ្សេងៗ​ទៀត​ចាប់​តាំង​ពី​ឆ្នាំ២០១០​មក។

ពួក​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ជឿ​ថា ដំណាំ​នោះ​នឹង​ជួយ​ចិន​ដើម្បី​បង្ហាញ​ពី​សកម្មភាព​ខាង​សេដ្ឋកិច្ច​នៅ​លើ​កោះ​មាន​ជម្លោះ​នោះ​បូក​ផ្សំ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​ខ្លួន​សម្រាប់​មូលដ្ឋាន​ផ្លូវ​ច្បាប់​ឱ្យ​បាន​ទទួល​ស្គាល់​ពី​អន្តរជាតិ​ដើម្បី​ត្រួតត្រា​ប្រជុំ​កោះ Paracels នោះ។

លោក Oh Ei Sun ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​ក្នុង​ប្រទេស​សិង្ហបុរី និយាយ​ថា «ក្រៅពី​ការ​ប្រើ​កម្លាំង​យោធា លោក​អ្នក​ចាំបាច់​ធ្វើ​អ្វី​ដែល​មាន​សារៈសំខាន់​ដើម្បី​ទ្រទ្រង់​ការ​ទាមទារ​អធិបតេយ្យភាព​របស់​អស់​លោក​អ្នក។ លោក​អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​ជឿនលឿន​ដល់​សេដ្ឋកិច្ច​នៅ​លើ​កោះ​នោះ»។

កាសែត Global Times បាន​ដកស្រង់​សម្តី​ពួក​អ្នក​ជំនាញ​មក​ចុះ​ផ្សាយ​ថា បច្ចេកវិទ្យា​នៅ​ពី​ក្រោយ​ដំណាំ​របស់​ចិន​នៅ​លើ​កោះ Woody នោះ​អាច​គាំទ្រ​សហគមន៍​នៅ​ទីនោះ។ មនុស្ស​ប្រហែល​១ពាន់​នាក់​រស់​នៅ​លើ​កោះ​នោះ​រួច​ហើយ។ ពួកគេ​ភាគ​ច្រើន​ពឹងផ្អែក​លើ​ម្ហូបអាហារ​ដែល​ដឹក​មក​ពី​ចិន​ដី​គោក។

រូប​ឯកសារ៖ កងទ័ព​ជើង​ទឹក​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ដើរ​ល្បាត​នៅ​លើ​កោះ Woody នៃ​ប្រជុំ​កោះ Paracel នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦។

ចិន​បាន​ចាញ់​ក្តី​នៅ​តុលាការ​ពិភពលោក​ក្នុង​ឆ្នាំ២០១៦​ទៅ​ប្រទេស​ហ្វីលីពីន​អំពី​មូលដ្ឋាន​ផ្លូវ​ច្បាប់​សម្រាប់​ការ​ទាមទារ​អធិបតេយ្យភាព​ដែន​សមុទ្រ។ ពួក​មន្រ្តី​ក្នុង​ទីក្រុង​ប៉េកាំង​បាន​សំអាង​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ជជែក​ឱ្យ​ហេតុផល​ថា ផ្ទៃ​ទឹក​ប្រហែល​៩០ភាគរយ​ជា​របស់​ខ្លួន។

ការ​ដំឡើង​អាគារនិង​ឧបករណ៍​រ៉ាដា​នៅ​លើ​កោះ​តូចៗ​ខ្លះ​ កើត​មាន​ឡើង​បន្ទាប់​ពី​ការ​ខំប្រឹងប្រែង​ទាមទារ​ដី​នោះ​ជា​ច្រើន​ឆ្នាំ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ក្នុងចំណោម​ប្រទេស​ដែល​ទាមទារ​សមុទ្រ​នោះ។

កាសែត Global Times ដែល​ចាត់​ចែង​ដោយ​រដ្ឋាភិបាល​ចិន​បាន​រាយការណ៍​ថា ការ​ធ្វើ​កសិដ្ឋាន​នៅ​លើ​កោះ Woody នោះ​ទុយ​ពី​សេចក្តីថ្លែងការណ៍​របស់​តុលាការ​នៅ​ឆ្នាំ២០១៦​ដែល​ថា ប្រជុំកោះ​ក្នុង​សមុទ្រ​មិន​អាច​ទ្រទ្រង់ «សហគមន៍​របស់​ខ្លួន​ទេ»។

លោក Alan Chong ជា​សាស្រ្តាចារ្យ​ជំនួយ​នៅ​ឯ​សាលាការ​សិក្សា​អន្តរជាតិ S. Rajaratnam ក្នុង​ប្រទេស​សិង្ហបុរី​និយាយ​ថា «លោក​អ្នក​អាច​ចាត់​ទុក​ការណ៍​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​សន្តនិយម​ដើម្បី​បង្ហាញ​ពី​លទ្ធភាព​ដែល​មនុស្ស​អាច​រស់នៅ​បាន»។

ពួក​អ្នក​វិភាគ​និយាយ​ថា កោះ​តៃវ៉ាន់ វៀតណាម និង​ប្រទេស​ហ្វីលីពីន​បាន​ធ្វើ​ការ​ដាំដុះ​ដំណាំ​នៅ​កោះ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ជម្លោះ ក៏​ប៉ុន្តែ​ដោយ​មិន​មាន​គុណ​ប្រយោជន៍​ខាង​ផ្លូវ​ច្បាប់​ពិត​ប្រាកដ​ណា​មួយ។

លោក Ma Ying-jeou អតីត​ប្រធានាធិបតី​កោះ​តៃវ៉ាន់​បាន​ជជែក​ឱ្យ​ហេតុផល​នៅ​ឆ្នាំ២០១៦​ថា ការ​ទទួល​ទាន​ពោត ដំឡូង​ជ្វា និង​មាន់​នៅ​លើ​កោះ​តៃពីង​ក្នុង​ប្រជុំ​កោះ Spratly បង្ហាញ​ថា កោះ​ដែល​ត្រួតត្រា​ដោយ​ឆ្មាំ​ការពារ​សមុទ្រ​របស់​តៃវ៉ាន់​នោះ​អាច​ទ្រទ្រង់​ពលរដ្ឋ​បាន។ លោក Ma និយាយ​ទៀត​ថា ដូច្នេះ​កោះ​នេះ​មាន​សិទ្ធិ​បង្កើត​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ចម្ងាយ​៣៧០​គីឡូម៉ែត្រ ក្នុង​សមុទ្រ​នៅ​ជុំវិញ​នោះ។

លោក Carl Thayer ជា​សាស្រ្តាចារ្យ​ចូល​និវត្តន៍​នៅ​ឯ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្រ្តាលី​បាន​និយាយ​ថា ពលរដ្ឋ​ហ្វីលីពីន​៣រយ​នាក់​ដែល​កំពុង​រស់​នៅ​លើ​កោះ​ Thitu ក្នុង​ប្រជុំ​កោះ​ដូច​គ្នា​នោះ​ដាំ​ដំណាំ​របស់​ពួកគេ​បាន។ ពលរដ្ឋ​វៀតណាម​ខិតខំ​ដាំ​ដំណាំ​នៅ​លើ​កោះ​តូចៗ​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ខ្លួន​ដែរ។

លោក​បាន​និយាយ​ទៀត​ថា ចិន​បាន​ដាំដុះ​ដំណាំ​នៅ​លើ​ទឹកដី​ដែល​ខ្លួន​កាន់កាប់​តាំង​ពី​មុន​ពេល​ការ​ប្រកាស​ការ​ប្រមូលផល​ស្ពៃក្តោប​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ទៀត។

លោក​និយាយ​ទៀត​ថា នៅ​ទីបញ្ចប់ ការ​ធ្វើ​កសិដ្ឋាន​នោះ​នឹង​ជួប​ប្រទះ​ការ​ខ្វះ​ទីកន្លែង​នៅ​លើ​កោះ​ដែល​មាន​ទំហំ​តូច​នោះ​ហើយ​ប្រកួតប្រជែង​ប្រើ​ដី​នោះ​ដូចជា​ធ្វើ​ទីលំនៅ​សម្រាប់​មនុស្ស។ លោក Thayer ចោទ​ជា​សំណួរ​ថា «ថា​តើ​ចំណុច​សំខាន់​ត្រង់​ណា​ដែល​អស់​លោក​អ្នក​អាច​ធ្វើ​ឱ្យ​ល្មម​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​មនុស្ស​គ្រប់​គ្នា​នៅ​លើ​កោះ​នោះ​ និង​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ការ​នាំ​ចូល​នោះ។ ខ្ញុំ​មិន​ជឿ​ថា​យើង កំពុង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ធំធេង​ទេ»៕

ប្រែសម្រួលដោយ ជឹង ប៉ូជីន