ចិន​ប្រកាស​អំពី​ការ​លើកលែង​ពន្ធ​គយ​ថ្មី​សម្រាប់​ទំនិញ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន

  • ​Reuters

រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (ឆ្វេង) ចាប់​ដៃ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ក្នុង​អំឡុងពេល​នៃ​​​​​កិច្ចប្រជុំ​ដាច់ដោយឡែក​ពី​កិច្ចប្រជុំ​កំពូល G-20 ក្នុង​ទីក្រុង Osaka ប្រទេស​ជប៉ុន។

ប្រទេស​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​នូវ​បញ្ជី​មុខ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ចំនួន ៧៩ ប្រភេទ ដែល​នឹង​ត្រូវ​លើក​លែង​ពី​ការ​យក​ពន្ធ​គយ​ថ្មី ស្រប​ពេល​ដែល​កំពុង​មាន​សម្ពាធ​ជា​បន្ត​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្កើន​ការ​នាំ​ចូល​ពី​សហរដ្ឋ​អាមេរិក។

ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ការ​លើក​លែង​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១៩ ខែ​ឧសភា​ខាង​មុខ ហើយ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ២០២១។ មុខ​ទំនិញ​មួយ​ចំនួន​ដែល​ទទួល​បាន​ការ​លើកលែង​នេះ​រួម​មាន​រ៉ែ​នានា​ដូចជា​មាស ប្រាក់ និង​រ៉ែ​ចម្រាញ់​ជា​ដើម។

ក្រសួង​ហិរញ្ញវត្ថុ​ចិន​មិន​បាន​បង្ហាញ​អំពី​ទឹក​ប្រាក់​នៃ​ទំនិញ​ដែល​ទទួល​បាន​ការ​លើក​លែង​នេះ​ទេ។ កាល​ពី​ខែ​កុម្ភៈ រដ្ឋាភិបាល​ចិន​ធ្លាប់​បាន​បញ្ជាក់​ថា ខ្លួន​នឹង​លើក​លែង​ពន្ធ​គយ​ដល់​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ចំនួន ៦៩៦ ប្រភេទ ដូចជា​សណ្ដែក​សៀង និង​សាច់ជ្រូក​ជា​ដើម ផ្អែក​លើ​ពាក្យ​សុំ​របស់​ក្រុមហ៊ុន​នីមួយៗ។

កាល​ពី​សប្ដាហ៍​មុន ក្រុម​អ្នក​ចរចា​កំពូល​នៃ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​អំពី​ការ​អនុវត្ត​ដំណាក់កាល​ទី​មួយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​មករា។

នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ ចិន​យល់ព្រម​បង្កើន​ការ​ទិញ​ទំនិញ​សហរដ្ឋ​អាមេរិក​ចំនួន ២០០ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល ២ ឆ្នាំ​ខាង​មុខ ដោយ ៧៧ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​មួយ និង ១២៣ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​ពីរ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​គំរាម​លុប​ចោល​កិច្ច​ព្រមព្រៀង​នេះ ប្រសិនបើ​ចិន​មិន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន៕