ចិន​ជំរុញ​ឱ្យ​មាន​ការ «អត់ធ្មត់» ក្នុង​សង្គ្រាម​អ៊ុយក្រែន ក្រោយពី​រុស្ស៊ី​បាញ់​មីស៊ីល​លឿន​ជាង​សំឡេង

រូបឯកសារ៖ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Lin Jian ធ្វើ​កាយវិការ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២០ ខែ​មីនា ឆ្នាំ​២០២៤។

កាលពី​ថ្ងៃ​សុក្រ ប្រទេស​ចិន​បាន​អំពាវនាវ​ជាថ្មី​ឱ្យ​ភាគី​ទាំងអស់​នៅក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​រក្សា «ភាព​ស្ងប់ស្ងៀម» និង «ភាព​អត់ធ្មត់» បន្ទាប់ពី​រុស្ស៊ី​បាន​បញ្ជាក់​ថា​ខ្លួន​បាន​បាញ់​គ្រាប់ផ្លោង​មីស៊ីល «លឿន​ជាង​សំឡេង» មួយ​គ្រាប់​ក្នុង​លក្ខណៈ​ពិសោធន៍​មើល។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Lin Jian បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា៖ «ភាគី​ទាំងអស់​គួរតែ​រក្សា​ភាព​ស្ងប់ស្ងៀម​និង​ភាព​អត់ធ្មត់ ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ដើម្បី​កុំ​ឱ្យ​ស្ថានការណ៍​នេះ​រីក​រាលដាល​តាម​រយៈ​ការ​សន្ទនា​និង​ការ​ប្រឹក្សា​យោបល់ និង​បង្កើត​លក្ខខណ្ឌ​ឱ្យ​មាន​បទឈប់បាញ់​ឱ្យ​បាន​មុន​មួយ»។

លោក Lin បាន​បន្ថែម​ថា៖ «ជំហរ​របស់​ចិន​លើ​បញ្ហា​អ៊ុយក្រែន​គឺ​មិន​ប្រែប្រួល​និង​ច្បាស់លាស់ ដោយ​តស៊ូមតិ​ឱ្យ​មាន​ការ​ដោះស្រាយ​វិបត្តិ​នេះ​តាមរយៈ​មធ្យោបាយ​នយោបាយ​និង​បញ្ចៀស​ធ្វើ​យ៉ាងណា​កុំឱ្យ​ស្ថានការណ៍​រីក​រាលដាល​ទៅមុខ»។

អ៊ុយក្រែន​បាន​ហៅ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នេះ​ថា​ជា​ការ​បង្កើន​ដ៏​ខ្លាំងក្លា​នូវ «ទំហំ​និង​ភាព​ឃោរឃៅ» នៃ​សង្គ្រាម​នេះ​ដែល​ធ្វើ​ឡើង​ដោយ «ប្រទេស​ជិតខាង​ដ៏​ឆ្កួត​លីលា»។ ចំណែកឯ​សហរដ្ឋ​អាមេរិក​ដែល​ជា​អ្នក​គាំទ្រ​ចម្បង​របស់​អ៊ុយក្រែន​វិញ​បាន​បញ្ជាក់​ថា រុស្ស៊ី​គឺ​ជា​អ្នក​ដែល​ធ្វើឱ្យ​សង្គ្រាម​នេះ​រីក​រាលដាល «គ្រប់​ទង្វើ​ទាំងអស់»។

បន្ទាប់ពី​បាន​បាញ់​មីស៊ីល​លឿន​ជាង​សំឡេង​នោះ​មក ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​មាន​លក្ខណៈ​ដូច​ទៅ​នឹង​សង្គ្រាម «សាកល» ហើយ​លោក​មិន​បាន​ទាត់ចោល​នូវ​ជម្រើស​នៃ​ការ​វាយ​ប្រហារ​លើ​បណ្ដា​បស្ចិម​ប្រទេស​នោះ​ទេ៕