ប្រទេសចិនបានប្តូរឈ្មោះកោះតូចៗ និងសណ្ឋានដីក្រោមសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាវិធានការមួយដែលអ្នកវិភាគមួយចំនួននិយាយថា មានបំណងប្រឆាំងតបតនឹងការឈ្លានពានរបស់កងទ័ពជើងទឹកវៀតណាមនៅក្នុងផ្លូវទឹកដែលមានជម្លោះ។
ក្រសួងកិច្ចការស៊ីវិលចិន បានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី ១៩ ខែមេសាថា «ក្រសួងចំនួនពីររបស់រដ្ឋាភិបាលចិន បានប្តូរឈ្មោះកូនកោះចំនួន ២៥ និងថ្មប៉ប្រះទឹកចំនួន ៥៥ កន្លែង នៅក្នុងសមុទ្រចិនខាងត្បូង ដែលលាតសន្ធឹងពីទីក្រុងហុងកុងទៅ ដល់កោះ Borneo។
ក្រុមអ្នកវិភាគជឿថា ទោះបីជាវិធានការនេះ មិនបានផ្តល់សិទ្ធិអំណាចផ្លូវច្បាប់ផ្នែកអធិបតេយ្យភាពដល់ប្រទេសចិនដោយស្វ័យប្រវត្ដិ ជាងរដ្ឋាភិបាលចំនួន ៥ ផ្សេងទៀតនៅអាស៊ីដែលបានទាមទារគ្រប់គ្រងដែនសមុទ្រសម្បូរធនធាននេះក៏ដោយ ក៏វាអាចជួយចិនឲ្យវាយបកទៅវៀតណាមវិញ ក្រោយពីមានរឿងមួយចំនួនដែលវៀតណាមធ្វើឲ្យចិនមានការខឹងសម្បារកាលពីខែកុម្ភៈ។
នៅក្នុងខែកុម្ភៈនោះ មាននាវាវៀតណាមចំនួន ៣១១ គ្រឿងបានលុកលុយចូលទៅ ក្នុងដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃខេត្តចំនួន ៣ របស់ចិនដែលនៅភាគខាងត្បូង នេះបើតាមសេវាកម្មត្រួតពិនិត្យមួយនៅសាកលវិទ្យាល័យប៉េកាំង Peking University។ នៅពេលនោះ ប្រទេសចិន កំពុងព្យាយាមទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណាដែលបានផ្ទុះឡើងដំបូងគេនៅក្នុងខេត្តហ៊ូប៉ី។ ប្រទេសចិន បានរាយការណ៍ថា ខ្លួនបានស្រាកស្រាន្តពីការរាតត្បាតនៃវីរុសកូរ៉ូណានៅខែមីនាកន្លងទៅនេះ។
អ្នកស្រី Yun Sun អ្នកស្រាវជ្រាវជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានៃមជ្ឈមណ្ឌល Stimson ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងក្នុងសម្តីដើមថា៖
«ជនជាតិចិនបានគិតថា វៀតណាមឆ្លៀតឱកាសពេលដែលចិនស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះ និងអសមត្ថភាពក្នុងការប្រតិកម្មតបទៅនឹងពួកគេក្នុងអំឡុងពេលការរាតត្បាតដោយជំងឺកូវីដ១៩។ ដូច្នេះឥឡូវនេះ ដោយសារតែចិនមានភាពប្រសើរឡើងវិញពីការរាតត្បាតដោយជំងឺកូវីដ១៩នោះ ពួកគេមានអារម្មណ៍ថា «ពួកគេចាំបាច់ត្រូវដាក់ទណ្ឌកម្មវៀតណាមចំពោះរឿងនេះ»។
ក្រសួងកិច្ចការស៊ីវិលចិនបាននិយាយថា ប្រទេសចិនបានប្តូរឈ្មោះកូនកោះ និងតំបន់ថ្មប៉ប្រះទឹកទាំងនោះ ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨៣ មកដោយលើកហេតុផលថា ដើម្បី«ធ្វើឲ្យមានបទដ្ឋាននៃការប្រើប្រាស់ឈ្មោះភូមិសាស្ត្រ មានភាពប្រសើរឡើង»។ ឈ្មោះជាភាសាចិន ត្រូវបានបង្កើតឡើងនៅទសវត្សរ៍១៩៤០ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ដើម្បីជំនួសឈ្មោះជាភាសាអង់គ្លេសដែលមាននៅលើផែនទីអន្តរជាតិ។
លោក Huang Chung-ting ជំនួយការស្រាវជ្រាវនៃវិទ្យាស្ថានការពារជាតិ និងការស្រាវជ្រាវសន្តិសុខនៅទីក្រុងតៃប៉ិ បាននិយាយថា ឈ្មោះថ្មីទាំងអស់ជាភាសាចិន ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសណ្ឋានដីដោយសារការកើនឡើងនៃកម្រិតទឹកសមុទ្រ និងការរុករកប្រេងនៅក្រោមសមុទ្រ និងឧស្ម័នធម្មជាតិ។ ឈ្មោះថ្មីទាំងនោះ ត្រូវបានដាក់ឲ្យកូនកោះនានា នៅក្នុងប្រជុំកោះ Spratly និង Paracel ដែលវៀតណាមអះអាងថា ផ្នែកទាំងអស់ ឬ ផ្នែកខ្លះជារបស់ខ្លួន។
ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងកោះតៃវ៉ាន់ ក៏ចូលរួមប្រជែងយកចំណែកដែនសមុទ្រទំហំ ៣លាន ៥សែន គីឡូម៉ែត្រការ៉េនេះ ជាមួយចិនដែលអះអាងថាជារបស់ខ្លួនដែរ។ ក៏ប៉ុន្តែ ពួកគេ ធ្វើការតវ៉ាដោយចំហជាមួយនឹងចិន មិនញឹកញាប់ដូច វៀតណាមទេ។
ប្រទេសចិន បាននាំមុខផ្នែកយោធា និងបច្ចេកវិទ្យាបើប្រៀបធៀបទៅនឹងប្រទេសដទៃ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ ដើម្បីគាំទ្រការទាមទាររបស់ខ្លួនចំពោះផ្ទៃប្រមាណជា ៩០% នៃដែនសមុទ្រនេះ។ ការពង្រីកឥទ្ធិពលរបស់ចិននេះ បានធ្វើឲ្យមានការថ្កោលទោសពីទីក្រុងវ៉ាស៊ីនតោន ដែលបានបង្កឲ្យមានហេតុការណ៍មួយចំនួនកើតឡើងនៅលើសមុទ្រ និងបានធ្វើឲ្យមានការស្វះស្វែងរកដំណោះស្រាយផ្នែកការទូតមួយ អស់រយៈពេលជាច្រើនឆ្នាំ។
ប្រទេសវៀតណាម និងប្រទេសចិន បានជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នាដោយនាវា កាលពីឆ្នាំមុននៅជិតតំបន់ខួងយកប្រេងរបស់វៀតណាម។ កាលពីឆ្នាំ ២០១៤ ទូករបស់ភាគីទាំងសង្ខាងបាន វាយបកគ្នាទៅវិញទៅមកដោយសាររឿងដាក់ស្ថានីយខួងយកប្រេងរបស់ចិន។ លោក Huang បាននិយាយថា ក្នុងនាមជាប្រធានសមាគមតំបន់គឺសមាគមអាស៊ានដែលមានសមាជិក១០ប្រទេស និងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម មានវេទិកាមួយនៅឆ្នាំនេះ ដើម្បីលើកឡើងអំពីការពង្រីកដែនសមុទ្ររបស់ចិន។ លោក Huang បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ទោះបីមិនមានបញ្ហានេះក៏ដោយ ក៏វៀតណាមប្រាកដជានឹងប្រើសិទ្ធិពិសេសនៃតួនាទីរបស់ខ្លួនជាប្រធានក្នុងការពិភាក្សា ដើម្បីឲ្យខ្លួនឯងមានវិធីប្រសើរជាងមុនដើម្បីនិយាយអំពីបញ្ហាសមុទ្រចិនខាងត្បូង។ ឥឡូវនេះ ដោយមានបញ្ហានេះកើតឡើងទៅហើយ ខ្ញុំជឿថា ប្រទេសវៀតណាម នឹងចាត់វិធានការមួយចំនួន ដើម្បីធ្វើការតបតវិញ»។
លោក Huang បានថ្លែងបន្ថែមថា កូនកោះ និងតំបន់ថ្មប៉ប្រះទឹកដែលត្រូវបានប្តូរឈ្មោះទាំងនោះ គឺនៅជិតប្រទេសវៀតណាម។
អ្នកស្រី Yun Sun បាននិយាយថា ដើម្បីប្រឆាំងនឹងប្រទេសចិន ប្រទេសវៀតណាម អាចនឹងយករឿងនេះឲ្យតុលាការអាជ្ញាកណ្តាលពិភពលោកដោះស្រាយ។ សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលនេះ គឺមិនជាប់កាតព្វកិច្ចផ្លូវច្បាប់ទេ។ ប្រទេសចិន មិនអើពើនឹងសេចក្តីសម្រេចឆ្នាំ ២០១៦ ដែលប្រឆាំងនឹងមូលដ្ឋានច្បាប់សម្រាប់ការទាមទារដែនសមុទ្ររបស់ខ្លួន។ ក៏ប៉ុន្តែ អ្នកស្រី Yun Sun បាននិយាយទៀតថា ករណីប្តឹងទៅតុលាការថ្មីមួយ នឹងមានសារៈសំខាន់ខាងនយោបាយ ហើយអាចបំផ្លាញទំនាក់ទំនងរវាងបក្សកុម្មុយនីស្តទាំងពីរ ដែលក្នុងពេលកន្លងមក ធ្លាប់បានផ្សះផ្សាររឿងជម្លោះផ្សេងៗទៀត។
ក្រុមអ្នកវិភាគជឿថា ការប្តូរឈ្មោះរបស់ចិនទៅលើកូនកោះតូចៗ និងសណ្ឋានផ្សេងទៀតដូចជាជួរភ្នំក្រោមសមុទ្រដែលផុសចេញពីផ្ទៃទឹក នឹងបន្ថែមសម្ពាធទៅលើប្រទេសវៀតណាម បន្ទាប់ពីនាវាយកការណ៍របស់ចិន បានឆ្លងកាត់ដែនទឹកដែលទាមទារដោយវៀតណាមកាលពីពាក់កណ្តាលខែមេសា។
ប្រទេសចិន បានលើកឡើងអំពីឯកសារប្រើប្រាស់ជាប្រវត្តិសាស្ត្រ ដើម្បីគាំទ្រការទាមទាររបស់ខ្លួនចំពោះដែនសមុទ្រទាំងនោះ។ អ្នកស្រី Sun បាននិយាយទៀតថា មេដឹកនាំរបស់ចិន កំពុងតែត្រូវការជាចាំបាច់នូវជ័យជម្នះមួយដោយប្រើប្រាស់វិធីផ្នែកការទូត ដើម្បីលើកទឹកចិត្តនិងស្មារតីរបស់ប្រជាជនចិន បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ១៩។
លោក Huang បាននិយាយថា ការប្តូរឈ្មោះកូនកោះទាំងនោះ គឺជួយបង្កើនឋានៈរបស់ចិនក្នុងការចរចាណាមួយជាមួយប្រទេសទាំង១០ ដែលជាសមាជិកនៃសមាគមជាតិអាស៊ីអាគ្នេយ៍។ លោក Jay Batongbacal សាស្ត្រាចារ្យកិច្ចការដែនសមុទ្រអន្តរជាតិនៃសាកលវិទ្យាល័យហ្វីលីពីន បាននិយាយថា សកម្មភាពនោះ នឹងគាំទ្រដល់ភស្តុតាងរបស់ចិនដែលបានបង្ហាញថា ខ្លួនមានសកម្មភាពរដ្ឋបាលស៊ីវិលនៅក្នុងដែនសមុទ្រមានជម្លោះនោះ ហើយដែលការណ៍នោះ អាចនឹងមាន «ផលប៉ះពាល់ខាងផ្លូវច្បាប់» នៅពេលក្រោយ ប្រសិនបើប្រទេសដែលទាមទារផ្សេងទៀត មិនបានតវ៉ាទៅនឹងការប្តូរឈ្មោះភូមិសាស្ត្រនៃកូនកោះទាំងនោះរបស់ចិននាពេលនោះ។ លោក Batongbacal បានថ្លែងក្នុងសម្តីដើមថា៖
«អ្វីៗទាំងអស់នេះ គឺជាផ្នែកនៃផែនការដ៏ធំរបស់ចិន ដើម្បីអនុវត្តសិទ្ធិអំណាចស៊ីវិល រដ្ឋបាលស៊ីវិលលើផ្នែកទាំងអស់នៃសមុទ្រចិនខាងត្បូងដែលចិនបានទាមទារ។ វាដូចជាចិន កំពុងព្យាយាមបង្កើតភស្តុតាងអ៊ីចឹង។ សកម្មភាពទាំងនោះ មើលទៅដូចជារឿងតូចតាច ឬ មើលជាក់ស្តែងដូចជាគ្មានប្រសិទ្ធភាព ប៉ុន្តែ វាអាចមានផលប៉ះពាល់ខាងផ្លូវច្បាប់នាពេលអនាគត»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់