ចិន​និង​អាមេរិក ប្រជែងគ្នា​ក្នុង​សប្តាហ៍​នេះ ដើម្បី​ទទួល​ការគាំទ្រ​ពី​មេដឹកនាំ​អាស៊ាន​ដែល​មាន​ការប្រុងប្រយ័ត្ន

  • Ralph Jennings

លោក Pham Binh Minh ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​វៀតណាម​ដឹកនាំ​កិច្ចប្រជុំ​តាម​វីដេអូ​អនឡាញ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Michael Pompeo ធ្វើជាតំណាង​ឲ្យរដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ក្នុងការចូលរួម​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស ដែល​រៀបចំ​ដោយ​អាស៊ាន។ មន្រ្តី​ចិន ត្រូវគេ​រំពឹងថា​ នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សេងៗទៀត ក្នុងក្របខ័ណ្ឌ​នៃកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​ក្នុង​សបា្តហ៍​នេះដែរ។

កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានបញ្ចូលព័ត៌មានថ្មី។

ទីក្រុងតៃប៉ិ - រដ្ឋមន្ត្រី​ការបរទេស​ទាំង ១០ នៃ​សមាគម​អាស៊ាន សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន កំពុង​ចូលរួម​ក្នុង​ការ​ពិភាក្សា​គ្នា​នៅ​សប្តាហ៍​នេះ​អំពី​ប្រធាន​បទ​មួយ​ចំនួន​ដូចជា​បញ្ហា​អធិបតេយ្យភាព​ដែន​សមុទ្រ និង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ជា​ដើម។ អ្នក​វិភាគ​មួយ​ចំនួន​បាន​បញ្ជាក់​មុន​កិច្ច​ប្រជុំ​នេះ​ថា កិច្ច​ប្រជុំ​នេះ​គឺ​ជា​ការ​សាកល្បង​អំពី​ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក និង​ចិន។

ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​បាន​ចាត់​តំណាង​របស់​ខ្លួន​ឲ្យ​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​គ្នា​តាម​អនឡាញ​រយៈពេល ៣ ថ្ងៃ ដែល​បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ពុធ​ទី ៩ ខែ​កញ្ញា​នេះ។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo ធ្វើ​ជា​តំណាង​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ដែល​រៀបចំ​ដោយ​សមាគម​អាស៊ាន​នេះ។ រី​ឯ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ក៏​តំណាង​ឲ្យ​ចិន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​កាល​ពី​ថ្ងៃ​ពុធ​ផង​ដែរ។

អ្នក​វិភាគ​ជឿ​ថា រដ្ឋមន្ត្រី​ការបរទេស​មក​ពី​តំបន់​អាស៊ាន ដែល​ជា​តំបន់​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​និង​មាន​សារៈសំខាន់​ខាង​នយោបាយ​ដល់​មហា​អំណាច​ទាំង​២ នឹង​ស្វាគមន៍​ការគាំទ្រ​យ៉ាង​ខ្លាំង​ខាង​នយោបាយ​ឬ​យោធា​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​ទប់ទល់​នឹង​ការគំរាម​កំហែង​របស់​ប្រទេស​ចិន ក៏ប៉ុន្តែ​នៅពេល​ជាមួយ​គ្នា​នោះ​ដែរ ពួកគេ​ស្វែងរក​ជំនួយ​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​កាន់តែ​ច្រើន​ឡើង ដែល​រួមមាន​ទាំង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ផង​ដែរ។

លោក Derek Grossmanអ្នក​វិភាគ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Rand Corpដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​មុន​កិច្ច​ប្រជុំ​នេះ​ថា៖ «ខ្ញុំ​គិត​ថា អាស៊ាន​នឹង​ចង់​ដឹង​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ថា​តើ​ពួកគេ​អាច​ទុកចិត្ដ​ដល់​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​ការ​ផ្តល់​អាទិភាព​ដល់​តំបន់​អាស៊ាន និង​អ្វី​ដែល​ពួកគេ​អាច​ពឹងពាក់​សហរដ្ឋ​អាមេរិក​បាន​ឬ​ក៏អត់​នៅ​ពេល​ដែល​ពួកគេ​តទល់​ជាមួយ​នឹង​ចិន​នោះ»។

ជាក់ស្ដែង​ការ​ប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Pompeo នៅ​ឯ​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ លោក​បាន​ជំរុញ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ចិន​ដែល​ជួយ​សាងសង់​កោះ​នានា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ នេះ បើ​យោង​តាម​សេចក្តី​រាយការណ៍របស់​ទីភ្នាក់ងារ​ព៍ត៌មាន AFP។

លោក Pompeo បញ្ជាក់​ដូច្នេះ​ថា៖ «ចូរ​ពិចារណា​ឡើង​វិញ​នូវ​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​បណ្តា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​ទាំង​នោះ ដែល​បាន​រំខាន​យាយី​ដល់​បណ្តា​ប្រទេស​អាស៊ាន​នៅ​តាម​បណ្តោយ​ឆ្នេរ​នៃ​សមុទ្រ​ចិន​ខាងត្បូង។ ចូរ​កុំ​ឲ្យ​គណបក្ស​កុម្មុយនីស្ដ​ចិន​កេង​ប្រវ័ញ្ច​លើ​យើង និង​ប្រជាពលរដ្ឋ​របស់​យើង»។

លោក​ថ្លែង​ដូច្នេះ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​នូវ​ក្រុមហ៊ុន​ចិន​ជាង ២០ ដែល​បាន​ធ្វើការ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នោះ។ កង​នាវា​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​នាវា​ជា​ប្រចាំ​ទៅកាន់​សមុទ្រ​នោះ​ដើម្បី​បញ្ជាក់​អំពី​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ ដើម្បី​ជា​ការ​ប្រឆាំង​នឹង​ចិន​ដែល​ទាមទារ​សមុទ្រ​នោះ​ស្ទើរតែ​ទាំងអស់។

ការ​សាងសង់​កោះ​របស់​ចិន​ទាំង​នេះ និង​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​ចិន បាន​ធ្វើ​ឲ្យ​ប្រទេស​ខ្លះ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ទាមទារ​សមុទ្រ​ចិន​នោះ​មាន​ការ​ប្រយ័ត្នប្រយែង​ការពារ​ដែន​សមុទ្រ​ដែល​សម្បូរ​ត្រី​និង​ថាមពល​នេះ។

មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ចាក់​ថា រដ្ឋា​ភិបាល​ក្រុង​វ៉ាស៊ីនតោន មិន​បាន​ទាមទារ​សមុទ្រ​ដែល​មាន​ទំហំ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ​នេះ​ទេ ក៏ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ជឿ​ថា សមុទ្រ​នោះ​គួរតែ​បើក​ចំហរ​ជា​អន្តរជាតិ។

លោក Alan Chong សាស្ត្រាចារ្យ​មហាវិទ្យាល័យ​សិក្សា​កិច្ចការ​អន្តរជាតិ S. Rajaratnam នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​នៅ​បន្ត​ឆ្ងល់​អំពី​វិធានការ​ដំបូងៗ​របស់​ប្រទេស​ចិន​ក្នុង​ការ​ដោះស្រាយ​នឹង​ការ​ផ្ទុះ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ លោក​បាន​បន្ថែម​ថា ពួកគេ​ក៏​មាន​ការ​ខ្វាយខ្វល់​ចំពោះ​អស្ថិរភាព​នៅ​ក្នុង​ទីក្រុង​ហុងកុង​ផងដែរ។

ក៏ប៉ុន្តែ លោក​បាន​និយាយ​ទៀត​ថា បណ្ដា​មេដឹក​នាំ​អាស៊ាន​កំពុង​ត្រងត្រាប់​ស្តាប់​ក្រែង​មាន​ការ​បង្ហើប​ពាក្យ​ណា​មួយ​នៃ​កិច្ច​ផ្តួចផ្តើម​ពាណិជ្ជកម្ម​ឬ​សំណើ​សម្រាប់ «តំបន់​ធ្វើ​ដំណើរ​ពិសេស» ដែល​នឹង​អនុញ្ញាតិ​ឲ្យ​មាន​លំហូរ​ទេសចរណ៍​ដោយ​សេរី​រវាង​បណ្តា​ប្រទេស​ដែល​មាន​ការឆ្លង​ជំងឺ​កូវីដ១៩ ទាប។

ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​សមាគម​អាស៊ាន​បាន​និយាយ​កាល​ពី​ខែ​ឧសភា​ថា ការ​សន្យា​ផ្តល់​ជំនួយ​អន្តរជាតិ​សម្រាប់​ការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ដែល​មាន​ទឹក​ប្រាក់​ចំនួន ២ ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល ២ ឆ្នាំ ក៏​នឹង​មាន​បញ្ចូល​តំបន់​អាស៊ី​អាគ្នេយ៍​ផងដែរ។

លោក Alan Chong បញ្ជាក់​ដូច្នេះ​ថា៖ «ថ្នាក​ដឹកនាំ​របស់​ចិន​គឺ​ជា​ថ្នាក់​ដឹកនាំ​តែ​មួយ​គត់​ដែល​អ្នក​អាច​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ផ្ដួចផ្ដើម​ដ៏​សំខាន់ ក៏​ប៉ុន្តែ​គេ​មិនអាច​រំពឹង​ឲ្យ​មាន​ការ​គោរព​ធ្វើតាម​ពី​កិច្ចប្រជុំ​នេះ​តាម​ការ​កំណត់ទុក​អំពី​គោលបំណង​របស់​ចិន​នោះ​ទេ»។

អ្នក​វិភាគ​បាន​បញ្ជាក់​ថា បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​រយៈពេល​វែង នឹង​ស្វះស្វែង​បង្កើន​ចំណង​ទាក់ទង​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​មហា​អំណាច​ទាំង​២។ ចិន​និង​សហរដ្ឋ​អាមេរិក កំពុង​មាន​ជម្លោះ​ជាមួយ​គ្នា​លើ​បញ្ហា​ធំៗ​ជា​ច្រើន​ដូចជា​ពាណិជ្ជកម្ម ការត្រួតត្រា​លើ​អ៊ីនធឺណិត ការ​ផ្ទេរ​បច្ចេកវិទ្យា និង​សកម្មភាព​ការទូត​របស់​ភាគី​នីមួយៗ​ក្នុង​ប្រទេស​ដទៃ​ជាដើម។

លោក Collin Koh ជាអ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ដែន​សមុទ្រ​នៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា Nanyang និយាយ​ថា «យើង​អាច​ប្រាកដ​ថា អាស៊ាន​នឹង​បង្ហាញ​អារម្មណ៍​ដោយ​ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ ខណៈ​ជៀសវាង​បញ្ហា​នានា​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ឲ្យ​បាន​កាន់តែ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

ជា​ឧទាហរណ៍ ប្រទេស​ម៉ាឡេស៊ី លក់​ផលិតផល​កសិកម្ម​ចម្បងៗ និង​ប្រេង​ដូង​ទៅ​ឲ្យ​ចិន។ ហើយ​ថវិកា​វិនិយោគ​របស់​ចិន​ក៏​បាន​ជួយ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ផងដែរ។

លោក Shahriman Lockman អ្នក​វិភាគ​ជាន់ខ្ពស់​ផ្នែក​គោល​នយោបាយ​ការបរទេស និង​សន្តិសុខ​នៃ​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី បាន​និយាយ​ថា៖ «ម៉ាឡេស៊ី​មិនមែន​ស្ថិត​នៅ​ខាង​ចិន​នោះ​ទេ ក៏ប៉ុន្តែ​ម៉ាឡេស៊ី​ក៏​មិន​ចង់​ឲ្យ​គេ​មើល​ឃើញ​ថា​ជា​អ្នក​បង្ករហេតុ​នោះ​ដែរ»៕