ចិន​ព្យាយាម​វាយបក​លើ​បម្រាម​របស់​អាមេរិក​ ជុំវិញ​ឧស្សាហកម្ម​ផលិត​បន្ទះ​សៀគ្វី​កុំព្យូទ័រ​​

រូប​ឯកសារ៖ បុគ្គលិក​នៅ​រោងចក្រ​ផលិត​បន្ទះ​អេឡិចត្រូនិក semiconductor នៃ​ក្រុមហ៊ុន Jiangsu Azure Corp នៅ​ក្នុង​ខេត្ត Jiangsu ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២។

ប្រទេស​ចិន​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​១៤៣​ពាន់​លាន​ដុល្លារ​អាមេរិក​ ដើម្បីទប់ទល់​នឹង​វិធានការ​របស់​អាមេរិក​ ដែល​កាត់ផ្តាច់​ការ​ផ្គត់ផ្គង់បច្ចេកវិទ្យា​បន្ទះ​សៀគ្វី​កំព្យូទ័រ ​ឬ ​បន្ទះ​អេឡិចត្រូនិក semiconductor ​របស់​ខ្លួន។

ថវិកា​នេះ​នឹង​ត្រូវ​ទៅ​ប្រើប្រាស់ ​ក្នុង​ការផ្តល់​ការឧបត្ថម្ភធននិង​ជា​ប្រាក់​រង្វាន់​ខាង​ហិរញ្ញវត្ថុ​ ដល់អ្នក​ផលិត​បន្ទះសៀគ្វី​កំព្យូរទ័រ​របស់​ចិន​ ដើម្បី​អភិវឌ្ឍន៍​និង​ទិញ​បច្ចេកវិទ្យានេះ​ដើម្បី​ប្រជែងជាមួយ​នឹង​សហរដ្ឋ​អាមេរិក។​

​ក្រុមអ្នក​វិភាគ​និយាយ​ថា​ នេះ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ទាំង​៣​ ដែលរដ្ឋាភិបាលក្រុង​ប៉េកាំង​ប្រកាន់យក​ ដើម្បី​ការពារក្រុមហ៊ុនផលិត​បន្ទះ semiconductor​ ដែល​កំពុង​គាំទ្រក្នុងឧស្សាហកម្មផលិត​គ្រឿង​អេឡិចត្រូនិក​ រថយន្ត​និង​ឧបករណ៍​យោធា​ធន់ធ្ងន់ភាគ​ច្រើន​បំផុត​របស់​ខ្លួន​នោះ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​មួយ​ កាល​ពី​ខែ​តុលា​កន្លង​ទៅ​ ដោយ​ហាមប្រាម​ក្រុមហ៊ុន​អាមេរិក​នានា​ មិន​ឱ្យ​ផ្តល់​បន្ទះ​ semiconductor គ្រឿង​ផ្សំ​បង្កើត​លោហធាតុ​នេះ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ដល់គ្រឿង​សម្ភារៈ​ដែល​បាន​លក់​ក្នុង​ពេល​កន្លង​ទៅ​ឱ្យ​ក្រុមហ៊ុនចិន​នានា។​ រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ហាមប្រាម​ផង​ដែរ​ ដល់​ពលរដ្ឋ​អាមេរិកាំង​ មិនឱ្យធ្វើ​ការ​ជា​មួយក្រុមហ៊ុន​ផលិត​បន្ទះ​ semiconductor ​របស់​ចិន​នោះ​ឡើយ។​

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​ពង្រីក​ការ​បង្ក្រាប​របស់​ខ្លួន​ ទៅ​លើ​ឧស្សាហកម្មបន្ទះ​សៀគ្វី​កំព្យូទ័រ ដោយ​បន្ថែម​ក្រុមហ៊ុន​ផលិតបន្ទះ​memory ​របស់​ក្រុមហ៊ុនYMTC និង​ក្រុមហ៊ុន​ចិន​សំខាន់ៗ​ចំនួន​២១​ផ្សេង​ទៀត​ក្នុងវិស័យ​ផលិត​បន្ទះ​សៀគ្វី​កំព្យូទ័រ​ បញ្ញា​និម្មិត​អេឡិចត្រូនិក​ ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ហើយ​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​ដល់​ក្រុមហ៊ុន​ចិន​ YMTC នេះ​ នឹង​ត្រូវ​ហាមប្រាម​នៅ​ពេល​នេះ​ មិន​ឱ្យ​ដឹកទំនិញអាមេរិក​ ទៅឱ្យ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ ដោយ​គ្មាន​អាជ្ញាបណ្ណនោះ​ឡើយ។​ ​

ចំណាត់​ការ​របស់​អាមេរិក​នេះ​ ​ទំនងជា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ មិន​គ្រាន់​តែ​ទៅ​លើឧស្សាហកម្ម semiconductor ​របស់​ចិន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​លើការ​ធ្វើពាណិជ្ជកម្ម​មួយ​ចំនួន​ផង​ដែរ ​ដូច​ជា​គ្រឿង​អេឡិចត្រូនិក​ បញ្ញា​និម្មិត និង​ការ​ផលិត​រថយន្ត​ ​ដែល​ពឹង​ផ្អែក​ទៅ លើ​បន្ទះ​សៀគ្វី​កំព្យូទ័រ ដែលផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​ ដូច​ជា​ក្រុមហ៊ុន​ Nvidia និង​ក្រុមហ៊ុន AMD ជា​ដើម​នោះ។​ ហានិភ័យ​ជុំវិញ​រឿង​នេះ​ មាន​កម្រិត​ខ្ពស់៕