ចិន​ប្រាប់​លោក​ដូណាល់​ត្រាំ​ថា ​យើង​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ទេ

សន្តិសុខ​ម្នាក់​ឈរ​យាម​នៅ​ក្បែរ​ទង់ជាតិ​របស់​សមាជិក​អសប នៅ​ច្រក​ចូល​ទៅ​ក្នុង​កន្លែង​ប្រជុំ​ស្តី​ពី​បរិស្ថាន​ នៅ​ក្នុង​ក្រុង Marrakesh ប្រទេស​ម៉ារ៉ុក កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

កាល​ពី​អតីតកាល ​ប្រធានា​ធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ដូណាល់​ ត្រាំ ​បាន​ហៅ​ទស្សនៈ​នៃ​ការ​ឡើង​កម្តៅ​ផែនដី​ថា​ជា​ការ​បោក​បញ្ឆោត​ដែល​ធ្វើ​ឡើង​ដោយ​ចិន​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក ​ហើយ​ឥឡូវនេះ ​ចិន​កំពុងឆ្លើយតប​ដោយ​ពោល​ពាក្យ​បញ្ឆិតបញ្ឆៀង​ដល់​លោក​ត្រាំ។

​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ​លោក Liu Zhemin អនុ​រដ្ឋ​មន្រ្តីការ​បរទេស​ចិន ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ការ​ចរចា​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង Marrakesh នៃ​ប្រទេស​ម៉ារ៉ុក​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Ronald Reagan និងប្រធានាធិបតី George W/ Bush ​បាន​ចាប់ផ្តើម​ចរចា​ស្តី​ពី​ការ​ប្រយុទ្ធ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ដោយ​មិន​ជូន​ដំណឹង​ដល់​ប្រទេស​ចិន​កាល​ពី​មួយ​ទសវត្សរ៍​មុន ​ដូច្នេះ ​វា​មិន​អាច​និយាយ​ថា ប្រ​ទេស​ចិន​បាន​បង្កើត​ទស្សនៈ​នៃ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​នោះ​ទេ។

អនុរដ្ឋ​មន្រ្តីការបរទេស​ចិន​ ​បាន​និយាយ​ថា «ប្រសិនបើ ​អស់​លោក ​អ្នក ​ក្រឡេកមើល​ប្រវត្តិ​នៃ​ការ​ចរចា​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ ​តាម​ការ​ពិត វា​ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ​គណៈកម្មការ​អន្តរជាតិ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ដោយ​មាន​ការ​គាំទ្រ​ពី​គណបក្ស​សាធារណរដ្ឋ​ក្នុង​អំឡុងពេល​សម័យ​ប្រធានា​ធិបតី Reagan ​ហើយ​និង​មន្រ្តី​រដ្ឋបាល​ជាន់​ខ្ពស់​របស់​រដ្ឋបាល ​Bush នៅ​ចុង​ទសវត្សរ៍​១៩៨០‍»។

ប្រធានាធិបតី​ជាប់​ឆ្នោត ​ដូណាល់ ​ត្រាំ​មិនទាន់​ឆ្លើយ​តប​ទៅ​នឹង​អត្ថាធិប្បាយ​របស់​អនុរដ្ឋ​មន្រ្តីការបរទេស​ចិន​លោក Zhenmin ទេ។

សេចក្តី​ថ្លែងការណ៍​របស់​លោក Zhemin ​កើត​មាន​ឡើង​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សារ​តាម​បណ្តាញ Tweeter ​របស់​លោកត្រាំ​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១២ ​ដែល​ក្នុង​នោះ​លោក​បាន​ស្តី​បន្ទោស​ចិន​ចំពោះ​ការ​បង្កើត​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ថា​ជា​ការ​បោក​បញ្ឆោត៕