ចិន​គ្រោង​ចំណាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​បន្ថែម​សម្រាប់​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវ​មួយ

  • Henry Ridgwell

កម្មករ​ម្នាក់​កំពុង​ធ្វើក្នុង​ទីតាំង​សាងសង់​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្នុង​ទីក្រុង​ Addis Ababa ប្រទេស​អេត្យូពី​កាលពី​ថ្ងៃទី​១៦ ធ្នូ​ ២០១៤។

«រដ្ឋាភិបាល​ចិន​មាន​ការ​ប្ដូរផ្ដាច់​ថា​នឹង​ធ្វើ​គ្រប់​បែប​យ៉ាង​តាម​ដែល​អាច​ទៅ​រួច ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ។ ដូច្នេះ រដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា និង​ធនធាន​ជា​ច្រើន​បន្ថែម​ទៀត​ទៅ​លើ​គម្រោង​នេះ‍»។

ផ្លូវ​ល្បឿន​លឿន​ប្រវែង ១ ពាន់ ៣ រយ​គីឡូម៉ែត្រ ដែល​គេ​ហៅ​ថា​ផ្លូវ​មិត្តភាព ឬ​ផ្លូវ Karakoram ដែល​កាត់​តាម​ភ្នំ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក គឺ​ជា​ភស្តុតាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ចំណាយ​ច្រើន។

ផ្លូវ​ដែល​ចំណាយ​ថវិកា​អស់​រាប់​ម៉ឺន​លាន​ដុល្លារ​អាមេរិក​នេះ ភ្ជាប់​តំបន់​ភាគ​ខាង​លិច​ប្រទេស​ចិន​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្ដួចផ្ដើម «ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ» គឺ​ជា​គោលការណ៍​ចម្បង​នៃ​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Xi Jinping។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Steve Tsang សាស្ត្រាចារ្យ​មហា​វិទ្យាល័យ​សិក្សា​កិច្ចការ​តំបន់​បូព៌ា និង​កិច្ចការ​ទ្វីប​អាហ្វ្រិក​នៃ​សាកល​វិទ្យាល័យ London។

លោក Steve Tsang បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ចិន​មាន​ការ​ប្ដូរផ្ដាច់​ថា​នឹង​ធ្វើ​គ្រប់​បែប​យ៉ាង​តាម​ដែល​អាច​ទៅ​រួច ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ។ ដូច្នេះ រដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា និង​ធនធាន​ជា​ច្រើន​បន្ថែម​ទៀត​ទៅ​លើ​គម្រោង​នេះ‍»។

ប៉ុន្តែ​តួលេខ​បាន​បង្ហាញ​ថា តាំង​ពី​ផ្លូវ​ល្បឿន​លឿន Karakoram ត្រូវ​បាន​សាងសង់​មក ការ​នាំ​ចេញ​របស់​ប៉ាគីស្ថាន​មក​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ចំណែក​ឯ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​វិញ​បាន​កើន​ឡើង។ ចំណុច​នេះ​បាន​ធ្វើ​មាន​ការ​បារម្ភ​ថា ផ្លូវ​សូត្រ​ថ្មី​របស់​ចិន​អាច​ក្លាយជា​ផ្លូវ​ឯក​ទិស​សម្រាប់​ចិន​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក Stephen Gelb នៃ​វិទ្យាស្ថាន​អភិវឌ្ឍ​ក្រៅ​ប្រទេស បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គួរ​ផ្ដោត​ការ​វិនិយោគ​របស់​ខ្លួន​លើ​គោល​ដៅ​អភិវឌ្ឍ​ពិភពលោក។

លោក​បាន​និយាយ​ថា៖ «នា​ពេល​បច្ចុប្បន្ន​នេះ មាន​ការ​ផ្ដោត​ជា​ច្រើន​លើ​ហេដ្ឋារចនាសម្ពន្ធ និង​ជា​ពិសេស​លើ​ការ​ដឹក​ជញ្ជូន បំពង់​បង្ហូរ​ប្រេង និង​អ្វីៗ​ផ្សេង​ទៀត​ដែល​ស្រដៀង​នេះ ដែល​មិន​បាន​ផ្ដោត​ដោយ​ផ្ទាល់​លើ​បញ្ហា​ភាព​ក្រីក្រ​នោះ​ទេ។ ហើយ​តាម​ការ​ពិត នៅ​ក្នុង​ករណី​មួយ​ចំនួន គេ​ឃើញ​មាន​បញ្ហា​ចម្រូង​ចម្រាស​អំពី​ការ​ប៉ះពាល់​ផ្នែក​សង្គម និង​បរិស្ថាន។ ប៉ុន្តែ​ខ្ញុំគិត​ថា ការ​ផ្ដោត​ជា​សំខាន់​គួរ​លើ​ការ​ដោះស្រាយ​បញ្ហា​អភិវឌ្ឍ ដែល​មាន​ដូចជា​ភាព​ក្រីក្រ និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត»។

ដោយ​រំកិល​ទៅ​មុខ​យ៉ាង​រលូន​ផុត​ពី​ចរាចរ​ដ៏​មមាញឹក​ក្នុង​រដ្ឋធានី Addis Ababa នៃ​ប្រទេស​អេត្យូពី ប្រព័ន្ធ​ផ្លូវ​រថយន្ត​ខ្សែ​កាប ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​ចិន​ក្នុង​ទឹក​ប្រាក់ ៥ រយ​លាន​ដុល្លារ​អាមេរិក បាន​បើក​ដំណើរការ​កាល​ពី​ឆ្នាំ​មុន។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជាក់​ថា ការ​វិនិយោគ​បែប​នេះ​នឹង​បង្កើន​សេដ្ឋកិច្ច​នៅ​ទ្វីប​អាហ្វ្រិក ដែល​នាំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

លោក Stephen Gelb និយាយ​ថា វា​ក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ក្លាយជា​កម្លាំង​ចលករ​ដ៏​ចម្បង​មួយ​នៅ​លើ​ឆាក​អន្តរជាតិ។

លោក​បាន​និយាយថា៖ «លោក Xi Jinping បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថា ប្រទេស​ចិន​សព្វ​ថ្ងៃ​នេះ គឺ​ស្ថិត​នៅ​ក្នុង​តំណែង​អភិបាល​កិច្ច​សាកល​ផ្អែក​លើ​ច្បាប់ ពហុភាគី និង​សាកល​ភាវូបនីយកម្ម»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Rex Tillerson បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​មិន​គោរព​ទៅ​តាម​ក្បួន​ច្បាប់​ទាំង​នោះ នៅ​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា​កន្លង​ទៅ​នេះ។

លោក Tillerson បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ប្រទេស​ចិន នៅ​ពេល​ដែល​កំពុង​រីក​លូតលាស់​ដំណាល​គ្នា​នឹង​ប្រទេស​ឥណ្ឌា គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​តិចតួច​ប៉ុណ្ណោះ ដែល​ពេល​ខ្លះ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់»។

ប្រទេស​ទទួល​ជំនួយ​ជាច្រើន​បាន​ស្វាគមន៍​ការ​វិនិយោគ​របស់​ប្រទេស​ចិន​ដែល​ពេលខ្លះ​មាន​លក្ខខណ្ឌ​តិចតួច​ជាង​ជំនួយ​របស់​បស្ចិម​ប្រទេស ដូចជា​ការ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ​ជា​ដើម។ ប៉ុន្តែ​លោក​សាស្រ្តាចារ្យ Steve Tsang បាន​ព្រមាន​ថា អាច​នឹង​មាន​បញ្ហា​អាក្រក់​ដែល​មិន​បាន​គ្រោង​ទុក​កើត​ឡើង។

លោក​បាន​និយាយថា៖ «​បញ្ហា​ពិត​ប្រាកដ​នោះ​គឺ​នឹង​មក​ដល់ នៅ​ពេល​ដែល​ប្រទេស​ទាំង​នោះ​មួយ​ចំនួន ជាពិសេ​ស​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​កណ្ដាល ត្រូវ​តែ​សង​កម្ចី​មួយ​ចំនួន​ដែល​ទទួល​បាន​ពី​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ របស់​ចិន។ ហើយ​ភាគច្រើន​នៃ​ប្រទេស​ទាំង​នោះ​នឹង​មាន​បញ្ហា​ក្នុង​ការ​សង​បំណុល​ទាំង​អស់»។

សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ការ​វិនិយោគ​របស់​ចិន​បន្ត​កើន​ឡើង។ សកម្មជន​ខាង​ការ​អភិវឌ្ឍ​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​គួរ​ផ្តោត​តែ​លើ​ការ​អភិវឌ្ឍ​ផ្នែក​កំពង់ផែ និង​បំពង់​បង្ហូរ​ប្រេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គួរ​ផ្ដោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ផង​ដែរ៕

ប្រែសម្រួលដោយ ទុំ ម្លិះ