ប្រទេស​​ចិន​​នឹង​ផ្តល់​វ៉ាក់សាំង​​កូវីដ​១៩​​កន្លះ​លានដូស​ឱ្យ​​ប្រទេស​ប៉ាគីស្ថាន

រូបឯកសារ៖ អ្នកធ្វើការងារស្ម័គ្រចិត្តម្នាក់ដើរចេញពីមន្ទីរពេទ្យមួយ បន្ទាប់ពីបានដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយចិន សម្រាប់ការសាកល្បងវ៉ាក់សាំង ក្នុងក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ ខែមករា ​ប្រទេស​ប៉ាគីស្ថាន​បាន​ប្រកាស​ថា ខ្លួន​នឹង​ទទួល​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន​ចិន​ Sinopharm ​ចំនួន៥សែនដូស មិន​ហួស​ពី​ថ្ងៃ​ទី៣១​ ខែមករា​ទេ។

លោក​រដ្ឋមន្ត្រីការបរទេស ​Shah Mehmood Qureshi បានធ្វើ​សេចក្តី​ប្រកាស​នេះនៅក្នុងសន្និសីទ​កាសែត​មួយ ដោយ​លោក​បាន​និយាយ​ថា សមភាគី​ចិន​របស់​លោក​គឺ​លោក Wang Yi​ បាន​ប្រាប់​ «ដំណឹង​ល្អ»​ នេះនៅ​ក្នុង​ការនិយាយតាម​ទូរស័ព្ទរវាង​មន្ត្រី​ទាំងពី​រ​នាក់​នេះ។

លោក​ Qureshi​ បាននិយាយថា៖​ «លោក Wang Yi​ បាន​និយាយ​ប្រាប់​ខ្ញុំថា​ បញ្ជូនយន្តហោះ​លោក​មក​ហើយ​ដឹកថ្នាំ​នេះ​ទៅ​ ដូច្នេះនេះ​ជា​ព័ត៌មានល្អ​មួយ​សម្រាប់​យើង។ ហើយ​តាមបំណង​ព្រះអាទិទេព​ យើង​នឹង​មាន​ជោគជ័យ​ក្នុង​ការជួយសង្គ្រោះជីវិត​មនុស្ស​ច្រើន​នាក់»។

លោកបានគូស​បញ្ជាក់​ថា​វ៉ាក់សាំង​ចិន​នេះជា​អំណោយដល់រដ្ឋាភិបាល​ក្រុង អ៊ីស្លាម៉ាបាដ ជា«កាយវិការ​សុឆន្ទៈ»​ ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ «ដោយផ្អែក​លើ​ទំនាក់​ទំនងគ្រប់ពេល​វេលា​» រវាងប្រទេសទាំង​ពីរ។

កាលពី​ថ្ងៃទី​១៨​ ខែមករា​ និយ័តករឱសថ​ប៉ាគីស្ថាន​បាន​យល់ព្រមឱ្យ​ប្រើវ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន​ Sinopharm​ សម្រាប់​គ្រា​មាន​អាសន្ន។​ ប្រទេស​ចិនក៏​បាន​យល់ព្រមឱ្យ​ប្រើវ៉ាក់សាំង​នេះ​ដែរកាល​ពី​ដើម​ខែ​មករា​ដែល​កំពុង​មាន​ចាក់​ក្នុង​ប្រទេស​មួយ​ចំនួន​មានរួម​បញ្ចូលប្រទេស​ Bahrain​ និង​ប្រទេស​អេមីរេត អារ៉ាប់រួម (United Arab Emirates)​ ផង​ដែរ។

កាលពី​ពាក់​កណ្តាល​ខែ​មករា​និយ័តករឱសថ​ប៉ាគីស្ថាន ក៏​បាន​អនុញ្ញាតឱ្យ​ប្រើ​វ៉ាក់សាំង​របស់ក្រុមហ៊ុន​ AstraZeneca​ ដែល​ត្រូវ​បានអភិវឌ្ឍ​ដោយ​សាកលវិទ្យាល័យ Oxford។

លោក​ Qureshi​ បាននិយាយថា​លោក Wang ​ក៏​បាន​សន្យាដែរ​ថា​នឹង​ផលិត​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Sinopharm​ ១,១លានដូសទៀត​ សម្រាប់​ប្រទេស​ប៉ាគីស្ថាន មិន​ឱ្យហួសពីចុង​ខែ​កុម្ភៈ​ ដើម្បីបំពេញសេចក្តី​ត្រូវការ​បន្ថែម​គ្រា​មាន​អាសន្ន​របស់​ប៉ាគីស្ថាន។

រដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន​បាន​កត់​សម្គាល់​ថា​ ភាព​ជំនាញខាង​បច្ចេកទេស​និង​ខាងវេជ្ជសាស្ត្ររបស់​ប្រទេស​ចិនបាន​បំពេញ​« មុខនាទីសកម្ម»​មួយ​«ក្នុង​ការប្រយុទ្ធ​របស់​រដ្ឋាភិបាល​ក្រុងអ៊ីស្លាម៉ាបាដ ​ប្រឆាំង​នឹងការរាតត្បាតនៃ​ជំងឺ​កូវីដ១៩។

ប្រទេស​ប៉ាគីស្ថាន​ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់ការ​ទី៣ ​នៃ​ការ​សាកល្បងវ៉ាក់សាំង​ចិន​ប្រឆាំង​នឹងវីរុស​កូរ៉ូណា​មួយ​ទៀតរបស់​ក្រុមហ៊ុន​ Cansino Biologics។

លោក​វេជ្ជបណ្ឌិត​ Faisal Sultan ​ឧបការី​ពិសេស​ខាង​សុខភាពរបស់​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាលពី​ថ្ងៃទី២០ ខែមករា​ថា ​ការសាកល្បង​នេះជិត​ចប់​ហើយហើយ​ថា​មនុស្ស ១៧.៥០០​នាក់ បាន​ចូល​រួម​ក្នុង​ការសាកល្បង​នេះ។

លោក Sultan​ បានកត់​សម្គាល់​ថា «ការ​វិភាគបណ្តោះ​អាសន្ន»​ នៃ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Cansino​ កំពុង​មាន​ធ្វើហើយ​លទ្ធផល​ដំបូងៗ​នឹង​មាន​ នៅ​ដើម​ខែ​កុម្ភៈ។

លោក Sultan​ បាន​ថ្លែង​ថា៖«ប្រសិនបើការវិភាគវិជ្ជមានហើយ​វ៉ាក់សាំង​នេះបង្ហាញថា​ មាន​ប្រសិទ្ធភាព​យើង​នឹង​ទទួល​ ២០លាន​ដូស»។

ប្រទេស​ប៉ាគីស្ថាន​ដែលមាន​ប្រជារាស្ត្រ​ប្រមាណ​ ២២០​លាន​នាក់ មាន​ករណី​ជំងឺ​កូវីដ១៩ ​យ៉ាង​តិច​ណាស់​ ៥២៧.០០០​ ដោយ​មាន​មនុស្សស្លាប់ជាង ​១១.០០០​នាក់​ ចាប់តាំងពី​មាន​ជំងឺ​នេះ​ កាល​ពី​ចុង​ខែកុម្ភៈ​ឆ្នាំ​ទៅ​មិញ។

លោក Sultan​ បាន​និយាយ​ថា​ រដ្ឋាភិបាលគ្រោង​នឹងចាក់​វ៉ាក់សាំងប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ ដល់មនុស្ស​ពេញវ័យ​យ៉ាង​តិច​ណាស់ ​៧០%​ ដើម្បីធ្វើ​ឱ្យ​មានភាព​ស៊ាំ​ក្នុង​ចំណោម​ពលរដ្ឋ។

លោក​បាន​ពន្យល់ថា កម្មវិធីពង្រីក​ការចាក់​ថ្នាំ​ហៅ​កាត់​ថា​ EPI​ ដែល​មាន​ស្រេច​ហើយ​នោះ​នឹង​ត្រូវពង្រឹងដើម្បី​ចែកចាយ​និង​ចាក់វ៉ាក់សាំងប្រឆាំង​នឹង​វីរុស​កូរ៉ូណា។

រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​និយាយ​ថា​ ខ្លួន​នឹង​ចាក់វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដល់សាធារណជនដោយ​មិនគិត​ថ្លៃ​ទេ។ ទោះយ៉ាង​ណា​ក៏​ដោយ ​ក៏​វ៉ាក់សាំង​ដំបូងៗនឹង​ត្រូវ​ចាក់​ឱ្យ​ពួក​អ្នកធ្វើការ​ខាង​សុខាភិបាល​ជួរមុខ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ២០២១​នេះ។

កម្មវិធី​ EPI​ ចាត់ចែង​ការចាក់​វ៉ាក់សាំង​មួយ​ចំនួនដោយ​មានរួម​បញ្ចូលវ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ស្វិត​ដៃជើង ​(polio)​ ផង​ដែរ។​ ប្រទេស​ប៉ាគីស្ថាន​និងប្រទេសអាហ្វហ្គានីស្ថាន​នៅ​ជិត​ខាង ជា​ប្រទេស​តែ​ពីរ​ក្នុងពិភពលោកដែល​នៅ​មាន​ជំងឺ​ polio៕

ប្រែ​សម្រួល​ដោយ​លោក​ឈឹម សុមេធ