កាលពីពេលថ្មីៗនេះ ប្រទេសចិនបានបញ្ជាក់ថា ខ្លួននឹងផ្អាកកិច្ចប្រជុំបន្ថែមទៀតទាក់ទិននឹងការចរចាសេដ្ឋកិច្ចជាមួយប្រទេសអូស្ត្រាលី។ នេះគឺជាសញ្ញាចុងក្រោយនៃទំនាក់ទំនងកាន់តែអាក្រក់ទៅៗរវាងប្រទេសទាំងពីរ។
អ្នកជំនាញនានាបាននិយាយថា វិធានការដូចនេះគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ដោយសារតែកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្រចិនអូស្ត្រាលីមិនបានធ្វើឡើង ៤ ឆ្នាំមកហើយ។
ទោះជាយ៉ាងនេះក្តី មេដឹកនាំជំនួញនានារបស់ប្រទេសអូស្ត្រាលីបានបញ្ជាក់ថា ពួកគេជឿថា ការផ្អាកដែលបានប្រកាសកាលពីថ្ងៃទី ៦ ខែឧសភាកន្លងទៅនេះ គឺជាការធ្លាក់ចុះថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ថា ប្រទេសអូស្ត្រាលីបានបង្អាក់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងពេលកន្លងមក តាមរយៈវិធានការមួយចំនួនដូចជា ការហាមឃាត់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ចិន មិនឲ្យដំឡើងបណ្តាញទូរគមនាគមន៍ 5G ជាដើម។ ជាងនេះទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិននេះបានចោទរដ្ឋាភិបាលអូស្ត្រាលីថាមាន «គំនិតសង្គ្រាមត្រជាក់ និងការរើសអើងបែបមនោគមវិជ្ជា»។
ការសម្រេចរបស់រដ្ឋាភិបាលក្រុងប៉េកាំងនេះនឹងបញ្ឈប់ជាផ្លូវការនូវទំនាក់ទំនងរវាងមន្ត្រីពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការថា្នក់រដ្ឋមន្ត្រីរវាងរដ្ឋាភិបាលទាំងពីរក៏ត្រូវបានផ្អាកផងដែរអស់រយៈពេលជាងមួយឆ្នាំមកហើយ។
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីលោក Dan Tehan បាននិយាយថា លោកខកចិត្តចំពោះរឿងនេះ ប៉ុន្តែលោកនៅតែបើកចំហសម្រាប់កិច្ចសន្ទនា និង «ការចូលរួមថ្នាក់រដ្ឋមន្ត្រី»។
លោក Anthony Albanese មេដឹកនាំគណបក្ស Labor ដែលជាគណបក្សប្រឆាំងនៅអូស្ត្រាលី ក៏បានជំរុញឲ្យភាគីទាំងពីរដោះស្រាយការខ្វែងគំនិតគ្នានេះផងដែរ។
លោក Anthony Albanese និយាយដូច្នេះថា៖ «នេះជារឿងអកុសល។ យើងត្រូវការកិច្ចសន្ទនាជាមួយប្រទេសចិន។ ប៉ុន្តែ កិច្ចសន្ទនានោះមិនអាចផ្អែកតែតាមលក្ខខណ្ឌរបស់ភាគីចិននោះទេ។ វាត្រូវធ្វើឡើងតាមលក្ខខណ្ឌរបស់ប្រទេសទាំងពីរ ហើយនេះគឺជារឿងដ៏គួរឲ្យសោកស្តាយ»។
កន្លងមក ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី ប៉ុន្តែភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការសម្រេចរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ានៅក្នុងការហាមឃាត់ក្រុមហ៊ុន Huawei កាលពីឆ្នាំ ២០១៨ បានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង។ ជម្លោះនេះបានកាន់តែតានតឹងបន្ថែមទៀតកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសទាំងពីរមានជម្លោះពាក់ព័ន្ធនឹងប្រភពនៃជំងឺកូវីដ១៩ បញ្ហាសន្តិសុខជាតិ និងបញ្ហាសិទ្ធិមនុស្ស។
ក្រោយមក ចិនបានដាក់ទណ្ឌកម្មពាណិជ្ជកម្មលើការនាំចេញផលិតផលមានតម្លៃរបស់អូស្ត្រាលី ទោះបីជាការនាំចេញរ៉ែដែករបស់អូស្ត្រាលីមិនរងការប៉ះពាល់ក៏ដោយ។ រ៉ែដែកគឺជាធាតុផ្សំដ៏សំខាន់មួយនៅក្នុងការផលិតដែកថែប។
កាលពីខែមុន រដ្ឋាភិបាលក្រុងកង់បេរ៉ាបានលុបចោលកិច្ចព្រមព្រៀងចំនួនពីររវាងចិននិងរដ្ឋ Victoria របស់អូស្ត្រាលី។
ទោះជាយ៉ាងនេះក្ដី លោក Tim Harcourt សេដ្ឋវិទូនៃសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី (University of Technology Sydney) ថា លោកជឿថា ទំនាក់ទំនងនឹងប្រសើរឡើងវិញជាមិនខាន។
លោក Tim Harcourt បញ្ជាក់ដូច្នេះថា៖ «អូស្ត្រាលីត្រូវការចិន ហើយចិនត្រូវការអូស្ត្រាលី។ ចិនមានការពឹងផ្អែកខ្លាំងលើសន្តិសុខថាមពល ដូចដែលយើងបានលើកឡើងពីរឿងរ៉ែដែកដូច្នេះដែរ ជាពិសេសជាមួយនឹងប្រទេសប្រេស៊ីល។ នៅពេលបច្ចុប្បន្ននេះ ប្រទេសប្រេស៊ីលមិនបានធ្វើកិច្ចសហប្រតិបត្តិការលើរឿងនេះឲ្យបានខ្ជាប់ខ្ជួននោះទេ ដោយសារតែវិបត្តិជំងឺកូវីដ១៩ បញ្ហាសន្តិសុខស្បៀងអាហារ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះ ប្រទេសចិននិងអូស្ត្រាលីពឹងពាក់គ្នាទៅវិញទៅមក។ យើងចង់ឃើញទំនាក់ទំនងនេះបាននឹងនរឡើងវិញដូចកាលពីមុន។ [វា] មិនមែនជាទំនាក់ទំនងល្អឥតខ្ចោះនោះទេ ហើយមានប្រព័ន្ធខុសគ្នាខ្លាំង គុណតម្លៃខុសគ្នាខ្លាំង ប៉ុន្តែយ៉ាងហោចណាស់វាអាចដំណើរការទៅបាន។ ខ្ញុំគិតថា វាជាតុល្យភាពមួយដែលយើងចង់បាន»។
ភាពតានតឹងរវាងអូស្ត្រាលីនិងចិនកើតឡើង នៅពេលដែលក្រុមប្រទេស G-7 បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងប៉េកាំងគោរពសិទ្ធិនិងសេរីភាពជាមូលដ្ឋាន។
ចិនត្រូវបានសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបចោទប្រកាន់ថាបានប្រព្រឹត្តិការរំលោភសិទ្ធិមនុស្សលើអ្នកកាន់សាសនាឥស្លាមភាគតិចនៅក្នុងខេត្ត Xinjiang គំរាមកំហែងដោយអាវុធលើកោះតៃវ៉ាន់ និងបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច៕