ក្រុមអ្នកស៊ើបអង្កេតស.រ.អាកំពុងព្យាយាមធ្វើសេចក្តីសម្រេចអំពីមូលហេតុនៃការលួចចូលក្នុងកុំព្យូទ័ររបស់ក្រុមហ៊ុនធានាសុខភាពធំលេខ ២ នៅក្នុងស.រ.អា ដោយផ្តោតការសង្ស័យទៅលើប្រទេសចិនថាជាប្រភពនៃការលួចចូលនេះ។
ក្រុមហ៊ុន Anthem បានប្រកាសក្នុងសប្តាហ៍នេះថា អ្នកលួចចូលបានចាប់យកប្រព័ន្ធទិន្នន័យនិងព័ត៌មានផ្ទាល់ខ្លួនរបស់នយោជិក និងអតិថិជនថ្មីនិងចាស់ ប្រមាណ ៨០ លាននាក់។
បណ្តាញព័ត៌មានបស្ចឹមប្រទេសបានដកស្រង់ប្រភពដែលទាក់ទងនឹងការស៊ើបអង្កេតថា ការលួចចូលនេះមានសញ្ញាដូចគ្នានិងការលួចចូលមុនៗ ដែលគេដាក់ការទទួលខុសត្រូវទៅលើក្រុមមនុស្សនៅប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hong Lei នៅថ្ងៃសុក្រនេះបាននិយាយថា «ការគិតស្មានបែបនេះគឺគ្មានហេតុផល»ទាល់តែសោះ៕