ចិន​កោះហៅ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ទាក់ទិន​នឹង​ច្បាប់​ថ្មី​ស្តីពី​ដែន​សមុទ្រ

  • ​Reuters

Philippines

ចិន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​សម្តែង​ការ​ជំទាស់​របស់​ខ្លួន​ចំពោះ​ច្បាប់​ថ្មី​ចំនួន ២ ក្នុង​ប្រទេស​ហ្វីលីពីន​ដែល​អះអាង​អំពី​សិទ្ធិ​ដែន​សមុទ្រ​និង​អធិបតេយ្យ​លើ​តំបន់​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​ស្រង់​ប្រភព​ពី​ក្រសួង​ការបរទេស​ចិន។

ចិន​ធ្វើ «ការ​ជំទាស់​បែប​ការទូត» ដល់​ឯកអគ្គរដ្ឋទូត​ហ្វីលីន​នេះ​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. បាន​ចុះហត្ថលេខា​លើ​សេចក្តី​ស្នើច្បាប់​ស្តីពី​តំបន់​ដែនសមុទ្រ​និង​សេចក្តី​ស្នើច្បាប់​ស្តីពី​គន្លង​ផ្លូវ​ប្រជុំកោះ​សមុទ្រ​ឲ្យ​ក្លាយទៅជា​ច្បាប់ ដើម្បី​ពង្រឹង​ការ​ទាមទារ​សិទ្ធិ​ដែនសមុទ្រ​និង​បូរណភាព​ទឹកដី​របស់​ហ្វីលីពីន។

ច្បាប់​ស្ដីពី​តំបន់​ដែន​សមុទ្រ​របស់​ហ្វីលីពីន «បញ្ចូល​ដោយ​ខុសច្បាប់​នូវ​តំបន់​ភាគច្រើន​នៃ​កោះ Huangyan និង​ប្រជុំកោះ Nansha របស់​ចិន​និង​តំបន់​ដែន​សមុទ្រ​ពាក់ព័ន្ធ​ផ្សេងទៀត​ទៅក្នុង​តំបន់​ដែន​សមុទ្រ​ហ្វីលីពីន»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Mao Ning ដែល​ប្រើ​ឈ្មោះ​ជា​ភាសា​ចិន​សំដៅ​លើ​កោះ Scarborough Shoal និង​ប្រជុំកោះ Spratly Islands។

លោក Marcos ថា ច្បាប់​ទាំងពីរ​ដែល​លោក​បាន​ចុះ​ហត្ថលេខា​នោះ ដែល​កំណត់​សិទ្ធិ​ដែន​សមុទ្រ​និង​កំណត់​ផ្លូវ​សមុទ្រ​និង​ផ្លូវ​អាកាស គឺជា​ការ​បង្ហាញ​អំពី​ការ​តាំងចិត្ត​ប្រកាន់​ខ្ជាប់​នូវ​របៀប​រៀបរយ​ដែល​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​ការ​តាំងចិត្ត​ការពារ​សិទ្ធិ​របស់​ហ្វីលីពីន​ក្នុង​ការ​ទាញ​យក​ធនធាន​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ខ្លួន​ដោយ​សន្តិវិធី។

តែ​ចិន​ថា​ច្បាប់​ទាំង​ពីរ​នោះ​គឺជា «ការ​រំលោភ​ធ្ងន់ធ្ងរ» ដល់​សិទ្ធិ​ទាមទារ​របស់​ចិន​លើ​តំបន់​ដែល​ភាគី​ទាំង​ពីរ​ដណ្តើម​គ្នា​កាន់កាប់៕