ចិន​ច្រានចោល​ការ​រិះគន់​របស់​សហរដ្ឋ​អាមេរិក​អំពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​អាហ្វហ្គានីស្ថាន

រូបភាព​ឯកសារ៖ លោក Yao Jing ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ប៉ាគីស្ថាន (រូប​ស្តាំ) ចូលរួម​ក្នុង​កម្មវិធី​សម្ភោធ​ផែនការ​សហប្រតិបត្តិការ​រយៈពេល​វែង CPEC នៅ​ក្នុង​ក្រុង Islamabad ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។

មន្ត្រី​ការទូត​ចិន​ក្នុង​តំបន់​ម្នាក់​បាន​រិះគន់​សហរដ្ឋ​អាមេរិក​ថា​បាន «ធ្វើ​ព្រងើយ​កន្តើយ» អំពី​ការ​រួម​ចំណែក​ដ៏​សំខាន់ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​កំពុង​បន្ត​របស់​ប្រទេស​ចិន​ជាមួយ​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក Yao Jing ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ប៉ាគីស្ថាន បាន​និយាយ​ថា ការ​រៀបចំ​កំពុង​ធ្វើ​ឡើង​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន សូម្បីតែ​នៅ​ក្រោម​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ចិន​ក៏​ដោយ។

លោក Yao Jing បាន​សរសើរ​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដ៏​ជោគជ័យ​កាល​ពី​ថ្ងៃ​សៅរ៍​របស់​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​បញ្ជាក់​ថា ប្រទេស​ចិន​សង្ឃឹម​ថា ការ​បោះ​ឆ្នោត​នឹង​នឹង​ជួយ​ជំរុញ​នូវ​កិច្ច​ប្រឹងប្រែង​កសាង​សន្តិភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ញាំញី​ដោយសារ​សង្គ្រាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។

លោក Yao Jing ដែល​ធ្លាប់​ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ផង​ដែរ​នោះ បញ្ជាក់​ដូច្នេះ​ថា៖ «យើង​សង្ឃឹម​ថា ដោយ​មាន​ការ​បោះ​ឆ្នោត និង​ការ​ចរចា​សន្តិភាព​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ប្រទេស​នេះ​នៅ​ទី​បំផុត​នឹង​ទទួល​បាន​សន្តិភាព និង​ស្ថិរភាព»។

កាល​ពី​ដើម​ខែ​នេះ នៅ​ក្នុង​អំឡុង​ពេល​សវនាការ​សភា​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន មន្ត្រី និង​សមាជិក​សភា​អាមេរិកាំង​បាន​រិះគន់​ខ្លាំងៗ​លើ​ប្រទេស​ចិន​ថា​មិន​សូវ​បាន​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច​ដើម្បី​ជួយ​ដល់​កិច្ច​ប្រឹងប្រែង​កសាង​ប្រទេស​អាហ្វហ្គានីស្ថាន​ឡើង​វិញ៕