ទីក្រុង Zhengzhou គឺជាផ្នែកមួយនៃគម្រោងផ្ដួចផ្ដើមរបស់រដ្ឋាភិបាលចិនក្នុងការសាងសង់ប្រព័ន្ធស្រូបយកទឹកភ្លៀង ហៅថាទីក្រុងនៃដែនចរន្តធម្មជាតិ ឬ «sponge city» ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃគ្រោះទឹកជំនន់ដែលចេះតែកើនឡើងនៅតាមទីក្រុងនានានៅទូទាំងប្រទេសចិន។
ទីក្រុងដែលមានប្រព័ន្ធស្រូបយកទឹកភ្លៀងទាំងនេះបង្កើតឡើងក្នុងគោលបំណងស្រូបយកទឹកភ្លៀង ដើម្បីប្រើប្រាស់ ជាជាងបង្ហូរទឹកភ្លៀងចេញតាមបំពង់បង្ហូរទឹកធ្វើពីស៊ីម៉ង់ត៍ និងប្រព័ន្ធបង្ហូរទឹកនានាដែលអាចកកស្ទះ ឬបង្កជាបញ្ហាផ្សេងៗទៀត។
ប្រព័ន្ធអភិវឌ្ឍទីក្រុងបែបនេះកំពុងមានភាពល្បីល្បាញនៅជុំវិញពិភពលោក ដោយសារតែអ្នករៀបចំផែនការអភិវឌ្ឍក្រុងទទួលស្គាល់នូវអត្ថប្រយោជន៍ពីប្រព័ន្ធស្រូបយកទឹកភ្លៀងនេះ ដូចជាការគ្រប់គ្រងទឹកជំនន់បង្កឡើងដោយព្យុះ ការធ្វើឲ្យទីក្រុងមានភាពត្រជាក់និងមានសោភ័ណភាពគួរឲ្យទាក់ទាញ។
ក៏ប៉ុន្តែ ក្រុមអ្នកជំនាញនិយាយថា ទឹកជំនន់ដែលជន់លិចទីក្រុង Zhengzhou កាលពីពេលថ្មីៗនេះ គឺជាកម្រិតទឹកជំនន់មួយ ដែលគ្មានប្រព័ន្ធបង្ហូរទឹកនៅក្នុងទីក្រុងណាមួយអាចរំដោះបាននោះទេ។ ដោយសារតែបម្រែបម្រួលអាកាសធាតុ ព្យុះធំៗប្រភេទនេះកំពុងតែកើនឡើងហើយក្លាយជាបាតុភូតធម្មជាតិទូទៅសម្រាប់ប្រទេសនានានៅជុំវិញពិភពលោក។
លោក Neil Weinstein គឺជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌល Low Impact Development Center ដែលជាអង្គការមិនរកប្រាក់កម្រៃផ្ដោតលើបច្ចេកទេសប្រកបដោយនិរន្តរភាពលើការគ្រប់គ្រងទឹកជំនន់បង្កឡើងដោយព្យុះ។ លោកបានថ្លែងដូច្នេះថា៖ «អាំងតង់ស៊ីតេនិងហ្វ្រេកង់នៃព្យុះគឺកាន់តែច្រើនជាងអ្វីដែលយើងធ្លាប់បានជួបកាលពីមុន»។
លោក David Sedlak គឺជាសាស្ត្រាចារ្យផ្នែកវិស្វកម្មសំណង់ស៊ីវិលនិងបរិស្ថាន នៅសាកលវិទ្យាល័យ California, Berkeley។ លោកមានប្រសាសន៍ថា៖ «គម្រោងអភិវឌ្ឍទីក្រុងដែលមានប្រព័ន្ធស្រូបយកទឹកភ្លៀងពិតជាគំនិតដ៏ល្អប្រសើរមួយសម្រាប់បន្ថយល្បឿនព្យុះនានាដែលមានកម្លាំងបោកបក់តិចតួច។ ប៉ុន្តែវាមិនអាចជំនួសហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកជំនន់ដែលទីក្រុងជាច្រើនត្រូវមានដើម្បីការពារពលរដ្ឋខ្លួនកុំឲ្យរងគ្រោះពីទឹកជំនន់ដ៏ធំនិងព្យុះនានាដែលកើតឡើងភ្លាមៗតែក្នុងរយៈពេលខ្លីបាននោះទេ»។
នគរូបនីយកម្មរហ័ស
ប្រទេសចិនបានចាប់ផ្ដើមគម្រោងទីក្រុងដែលមានប្រព័ន្ធស្រូបយកទឹកភ្លៀងកាលពីឆ្នាំ ២០១៥ ដោយមានគម្រោងសាកល្បងចំនួន ១៦។ នៅឆ្នាំក្រោយនេះ ចិននឹងអនុវត្តគម្រោងបែបនេះចំនួន ១៤ ទៀត។
កិច្ចប្រឹងប្រែងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើតឡើងនៃគ្រោះទឹកជំនន់នៅតាមទីក្រុងនានារបស់ចិន ដែលកើតមានជាបន្តបន្ទាប់ក្រោយពីការធ្វើនគរូបនីយកម្មយ៉ាងលឿននៅក្នុងប្រទេសនេះ។
កាលពីឆ្នាំ ២០០០ មានពលរដ្ឋចិនតែជាង១ភាគ៣ ប៉ុណ្ណោះ ដែលរស់នៅក្នុងទីក្រុង។ នៅឆ្នាំ ២០១៩ ចំនួនពលរដ្ឋចិនរស់នៅក្នុងទីក្រុងបានកើនដល់ទៅ ៦០ ភាគរយ។ នេះបើតាមទិន្នន័យផ្លូវការរបស់ចិន។
ការសាងសង់ទីក្រុងធំៗបានតម្រូវឲ្យមានការកាប់រានទន្ទ្រានព្រៃឈើ ទីវាល និងដីសម្រាប់ធ្វើកសិកម្ម។ ប៉ុន្តែ ទីធ្លានិងដំបូលនៃទីក្រុងទាំងនោះមិនអាចស្រូបយកទឹកភ្លៀងដូចទីវាលបៃតង ដែលមានមុនពេលសាងសង់ទីក្រុងទាំងអស់នេះទេ។
នៅពេលតំបន់ទាំងនោះត្រូវបានគ្របដណ្ដប់ដោយសំណង់ផ្ទៃរឹង និងមិនជ្រាបទឹកកាន់តែច្រើន នោះកម្រិតនៃទឹកដែលហូរចុះពីតំបន់ទាំងនោះក្នុងពេលមានព្យុះភ្លៀងក៏កើនឡើងដូចគ្នាដែរ។
អ្នកស្រី Colleen Chiu-Shee គឺជានិស្សិតបញ្ចប់ការសិក្សាពីដេប៉ាតឺម៉ង់សម្រាប់ការសិក្សានិងការរៀបចំផែនការអភិវឌ្ឍទីក្រុងនៃវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋម៉ាឆាឈូសេត (MIT) សហរដ្ឋអាមេរិ។ អ្នកស្រីថ្លែងដូច្នេះថា៖ «ទឹកហូរបុកលឿនខ្លាំងភ្លាមៗ ធ្វើឲ្យទឹកគ្មានកន្លែងហូរជ្រាបគ្រប់គ្រាន់។ ព្យុះធំៗអាចធ្វើឲ្យជន់ហៀរប្រព័ន្ធរំដោះទឹក ហើយឈានទៅដល់ការកើតមានជាគ្រោះទឹកជំនន់»។
ស្របពេលជាមួយគ្នានេះ ការធ្វើនគរូបនីយកម្មក៏បង្កឲ្យមានកង្វះទឹកនៅក្នុងទីក្រុងមួយចំនួន។ ប្រព័ន្ធបង្ហូរទឹកដែលរៀបចំឡើងដើម្បីរំដោះទឹកចេញពីផ្លូវនានានៅក្នុងទីក្រុងមិនបានផ្ដល់ឱកាសឲ្យទឹកភ្លៀងនោះជ្រាបចូលទៅក្នុងដីបានទេ។ ជាលទ្ធផល វាធ្វើឲ្យប្រភពទឹកក្រោមដីមិនអាចស្រូបយកទឹកគ្រប់គ្រាន់ដើម្បីទៅបំពេញប្រភពទឹកក្រោមដីបាន។
ការអភិវឌ្ឍដែលមានផលប៉ះពាល់តិច
ទីក្រុងធំៗជាច្រើនទៀតនៅជុំវិញពិភពលោក បានប្រឈមនិងកំពុងដោះស្រាយបញ្ហាដូចគ្នានេះ។ ឧទាហរណ៍ នៅរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងផ្សេងទៀតនៅសហរដ្ឋអាមេរិក កំណើននៃការអភិវឌ្ឍបាននាំឲ្យទឹកកខ្វក់ដែលមិនបានច្រោះសម្អាតហូរចូលទៅក្នុងស្ទឹងនៅពេលមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឲ្យលើសចំណុះប្រព័ន្ធបង្ហូរលូទឹកស្អុយ។
កាលពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មក ក្រុមអ្នករៀបចំផែនការអភិវឌ្ឍទីក្រុងនៅជាយរដ្ឋធានីវ៉ាស៊ីនតោនក្នុងស្រុក Prince George រដ្ឋ Maryland បានចាប់ផ្ដើមពិនិត្យប្រព័ន្ធតាមបែបធម្មជាតិដើម្បីគ្រប់គ្រងបញ្ហានានាពាក់ព័ន្ធនឹងគ្រោះទឹកជំនន់បង្កឡើងដោយព្យុះ។ គម្រោងទាំងនោះដែលពីដំបូងត្រូវគេស្គាល់ថា ការអភិវឌ្ឍមានផលប៉ះពាល់តិចនោះ បានសាយភាពទៅទូទាំងពិភពលោក ដោយមានឈ្មោះផ្សេងៗគ្នា។
គំនិតជាមូលដ្ឋាននោះគឺធ្វើយ៉ាងណាឲ្យការរៀបចំអភិវឌ្ឍទីក្រុងគេចឲ្យផុតពីការប្រើប្រាស់លូធ្វើពីស៊ីម៉ង់ត៍ និងប្រព័្ធបង្ហូរទឹកដែលបង្កឲ្យទឹកហូរបុកចេញពីទីក្រុងក្នុងល្បឿនលឿនពេក។ ប៉ុន្តែផ្ទុយទៅវិញ គោលបំណងពិតប្រាកដនោះគឺពន្យារចរន្តទឹកហូរដើម្បីឲ្យទឹកអាចជ្រាបចូលទៅក្នុងដីបាន។
គម្រោងទាំងនេះរួមមានការសាងសង់ប្រឡាយភ្លោះដោយមានដាំស្មៅដែលគេហៅថាប្រឡាយបង្ហូរនិងសម្អាតទឹកនៅសងខាងផ្លូវឬជុំវិញកន្លែងចតឡាន។ ហើយនៅជាយប្រឡាយនេះ វាមានបឹងដែលគេរចនាឡើងដើម្បីស្រូបយកទឹកនិងអាចសម្អាតកាកសំណល់ជាតិពុលបាន។
រុក្ខជាតិគឺជាសមាសភាពរួមផ្សំដ៏សំខាន់មួយសម្រាប់ប្រព័ន្ធទាំងនេះ។ ឬសរបស់វាស្រូបយកទឹក ហើយបញ្ចេញទឹកទាំងនោះទៅក្នុងខ្យល់តាមរយៈស្លឹករបស់វា។ ឬសឈើទាំងនោះអាចជួយធ្វើប្រតិកម្មគីមីដីដែលធ្វើឲ្យទឹកកាន់តែច្រើនអាចហូរចូលទៅក្នុងដី។
ទីវាលរុក្ខជាតិបៃតង់ និងទីវាលសំណង់ស៊ីម៉ងត៍
វត្តមានរុក្ខជាតិទាំងនោះគឺជាមូលហេតុដែលប្រព័ន្ធអភិវឌ្ឍទីក្រុងស្រូបយកទឹក ត្រូវបានគេហៅម្យ៉ាងទៀតថា ហេដ្ឋារចនាសម្ព័ន្ធរុក្ខជាតិបៃតង ហើយវាមានភាពខុសប្លែកពីហេដ្ឋរចនាសម្ព័ន្ធប្រផេះដែលពឹងផ្អែកលើស៊ីម៉ងត៍ និងលូបង្ហូរទឹក។
ហេដ្ឋារចនាសម្ព័ន្ធរុក្ខជាតិបៃតងក៏នាំមកនូវអត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ។ នេះបើតាមលោក Sedlak។ លោកបានថ្លែងថា៖ «កត្តាមួយគឺថា នៅពេលយើងដាំដើមឈើនិងដាំបន្លែកាន់តែច្រើននៅក្នុងទីក្រុង មានន័យថាយើងបានធ្វើឲ្យទីក្រុងមានភាពត្រជាក់ ហើយមនុស្សអាចរស់នៅបានស្រួល។ ម្យ៉ាងទៀត យើងធ្វើឲ្យទឹកជ្រាបចូលក្នុងដីហើយយើងក៏មានឱកាសទទួលយកទឹកនោះទៅប្រើប្រាស់វិញសម្រាប់តម្រូវការផ្គត់ផ្គង់ទឹកប្រចាំថ្ងៃ»។
លោក Shaw Yu គឺជាសាស្ត្រាចារ្យចូលនិវត្តន៍ម្នាក់ផ្នែកសំណង់ស៊ីវិលនិងបរិស្ថាននៃសាកលវិទ្យាល័យ Virginia។ លោកមានប្រសាសន៍ថា៖ «គំនិតរៀបចំទីក្រុងបែបនេះហើយដែលចិនហៅវាថាជា ទីក្រុងនៃដែនចរន្តធម្មជាតិស្រូបយកទឹក ឬ «sponge city»។ ទីក្រុងទាំងនោះស្រូបយកទឹកពេលមានភ្លៀងធ្លាក់ ហើយបន្ទាប់មកទឹកទាំងនោះត្រូវបានគេបូមយកមកប្រើប្រាស់វិញ នៅពេលគេត្រូវការ គឺប្រៀបដូចទៅនឹងទឹកដែលចេញនៅពេលយើងច្របាច់អេប៉ុងអីចឹងដែរ»។
អ្នកស្រី Colleen Chiu-Shee អ្នកស្រាវជ្រាវប្រចាំដេប៉ាតឺម៉ង់សម្រាប់ការសិក្សានិងការរៀបចំផែនការអភិវឌ្ឍទីក្រុងនៃវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋម៉ាឆាឈូសេត (MIT) និយាយថា អ្នកសិក្សាស្រាវជ្រាវជាច្រើនកំពុងពិនិត្យគម្រោងអភិវឌ្ឍទីក្រុងនៃដែនចរន្តធម្មជាតិនេះហើយមកទល់ពេលនេះ លទ្ធផលនៃការសិក្សាទាំងនោះមានភាពចម្រុះគ្នា។ ភាគច្រើនវាអាស្រ័យទៅលើអ្នកដែលរៀបចំផែនការអភិវឌ្ឍទីក្រុងនោះអាទិភាពរបស់អ្នកវិនិយោគនិងអ្នកអភិវឌ្ឍ។
ប៉ុន្តែគ្មានទីក្រុងណាមួយដែលត្រូវបានរៀបចំឡើងមកទល់ពេលនេះអាចដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងដូចដែលបានជន់លិចទីក្រុង Zhengzhou ឬទឹកជំនន់ដែលបានបោកបក់នៅក្នុងប្រទេសអាល្លឺម៉ង់ និងប៊ែលហ្ស៊ិក កាលពីពាក់កណ្ដាលខែកក្កដានោះទេ។
អ្នកស្រី Chiu-Shee បានថ្លែងដូច្នេះថា៖ «ពិភពលោកទាំងមូលកំពុងតែសិក្សាមើលថាតើការប្រែប្រួលអាកាសធាតុអាចធ្វើឲ្យប៉ះពាល់អាក្រក់ដល់ទីក្រុងក្នុងកម្រិតប៉ុណ្ណា នាពេលបច្ចុប្បន្ននេះ»៕