ប្រទេសចិនបានព្រលះដាក់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានហៅទង្វើរបស់រដ្ឋាភិបាលចិនលើជាតិសាសន៍អ៊ុយហ្គ័រថាជា «ទង្វើដ៏អាក្រក់បំផុតមួយនៅលើពិភពលោក»។
ដោយថ្លែងនៅឯសាកលវិទ្យាល័យ Kansas State កាលពីសប្ដាហ៍មុន លោក Pompeo បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងប្រើការប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងខែនេះ ដើម្បីកៀរគរការគាំទ្រសម្រាប់ជាតិសាសន៍អ៊ុយហ្គ័រ ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាម ដែលត្រូវរដ្ឋាភិបាលចិនចាប់ដាក់ឃុំទ្រង់ទ្រាយធំ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying និយាយថា៖ «ពាក្យកុហករបស់អ្នកនយោបាយអាមេរិកាំងមិនអាចបោកប្រាស់មនុស្សនៅទូទាំងពិភពលោកបានទេ គឺមានតែបង្ហាញឲ្យឃើញពីគោលបំណងនៃហេតុផលនយោបាយដែលលាក់បាំងរបស់ខ្លួនតែប៉ុណ្ណោះ»។
អ្នកស្រីបានប្រាប់អ្នកកាសែតនៅឯសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំងដូច្នេះថា៖ «រដ្ឋាភិបាលចិនមិនពេញចិត្ត និងជំទាស់យ៉ាងដាច់អហង្ការចំពោះមន្ត្រីអាមេរិកាំងទាំងនេះ ដែលទាត់ចោលការពិត...ហើយការធ្វើដូច្នេះគឺជាការជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»។
ប្រទេសចិនត្រូវបានអន្តរជាតិតាមដានពាក់ព័ន្ធនឹងគោលនយោបាយរបស់ខ្លួននៅក្នុងតំបន់ Xinjiang ភាគពាយ័ព្យប្រទេស ដែលនៅទីនោះជាតិសាសន៍អ៊ុយហ្គ័ររហូតដល់ទៅ ១ លាននាក់ និងជាតិសាសន៍ភាគតិចកាន់សាសនាឥស្លាមភាគច្រើនផ្សេងទៀត ត្រូវបានគេដាក់ឃុំនៅក្នុងជំរំអប់រំឡើងវិញ។ នេះបើយោងតាមការរកឃើញឆ្នាំ ២០១៨ របស់គណៈកម្មាធិការឯករាជ្យមួយរបស់អង្គការសហប្រជាជាតិ៕