គណៈកម្មការ​ទន្លេមេគង្គ​ថា​ចិន​ព្រម​ចែក​រំលែក​ទិន្នន័យ​ជលសាស្ត្រ​ពេញ​មួយ​ឆ្នាំ​ជាមួយ​ខ្លួន

រូប​ឯកសារ៖ ប្រជាជនដើរលេងក្នុងទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង នាពេលថ្ងៃលិច កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍​នេះ បាន​ព្រម​ចុះកិច្ច​ព្រមព្រៀង​ផ្តល់​ទិន្នន័យ​ផ្នែក​ជលសាស្ត្រ​ពេញ​មួយ​ឆ្នាំ​ដល់​គណៈកម្មការ​ទន្លេ​មេគង្គ (Mekong River Commission) ដើម្បី​ចែក​រំលែក​ព័ត៌មាន​ដែល​ជួយ​ដល់​ការ​ព្យាករណ៍​ទឹកជំនន់​និង​គ្រោះ​រាំងស្ងួត​ឲ្យ​បាន​កាន់​តែ​ប្រសើរ​នៅ​តាម​បណ្តា​ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ។ នេះ​បើ​យោង​តាម​គណៈកម្មការ​ទន្លេមេគង្គ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​វៀងច័ន្ទន៍​ប្រទេស​ឡាវ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​នេះ​ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​តុលា បាន​ឲ្យ​ដឹង​ថា​កិច្ចព្រមព្រៀងនេះ ត្រូវបាន​ចុះ​ហត្ថលេខា​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​បាន​ធ្វើ​ឡើង​តាម​បណ្តាញ​អ៊ីនធឺណិត​រវាង​ក្រសួង​ធនធាន​ទឹក​របស់​ចិន​និង​គណៈកម្មការ​ទន្លេមេគង្គ​ដែល​មាន​សមាជិក​៤​ប្រទេស។

ការ​ចុះ​កិច្ច​ព្រមព្រៀង​រវាង​ចិន​និង​គណៈកម្មការ​ទន្លេមេគង្គ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​រិះគន់​លើ​ប្រទេស​ចិន​ថា ប្រទេស​កម្មុយនីស្ត​មួយ​នេះ​ដែល​ជា​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​ខ្សែ​ទឹក​ខាង​លើ​បាន​គ្រប់គ្រង​លំហូរ​ទឹក​ទន្លេមេគង្គ​រួម​នេះ​ដោយ​គ្មាន​តម្លាភាព​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​ជាប់​ដងទន្លេ​មេគង្គ​ខ្សែ​ទឹក​ខាង​ក្រោម​រួម​មាន​កម្ពុជា ថៃ​ឡាវ​និង​វៀតណាម៕