ប្រទេស​ចិន​កាត់​ទោស​សកម្មជន​៣​នាក់​ដាក់​ពន្ធនាគារ

នៅ​ក្នុង​រូបភាព​នេះ​ដែល​ថត​កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ និង​ចេញ​ផ្សាយ​ដោយ​លោកស្រី Wang Yanfang ភរិយា​របស់​លោក​មេធាវី Tang Jingling លោក​បាន​កាន់​បដា​មួយ​ដោយ​សរសេរ​ជា​ភាសា​ចិន​ថា «ខួប​ទី៧​នៃ​ទិវា​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃទី៤​ខែ​មិថុនា» នៅ​កន្លែង​ដែល​គេ​មិន​ដឹង​ទីតាំង​មួយ​ក្នុង​ប្រទេស​ចិន។

តុលាការ​ចិន​មួយ​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​កាត់​ទោស​សកម្មជន​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ រហូត​ដល់​ទៅ​៥​ឆ្នាំ ក្នុង​បទ​ចោទថា​ជំរុញ​ឲ្យ​មាន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តា​អង្គការ​សិទ្ធិ​មនុស្ស។

សកម្មជន​សិទ្ធិ​មនុស្ស​ និង​ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ហៅ​ការ​ដាក់​ទោស​នេះថា​ ជា​ការ​បង្ក្រាប​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​លើ​ក្រុម​សកម្មជន ចាប់​តាំង​ពី​ការ​បង្រ្កាប​ដែល​មាន​ការ​បង្ហូរ​ឈាម​លើ​បាតុកម្ម​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​១៩៨៩ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់រាប់​រយ​នាក់ ឬ​អាច​ឈាន​ដល់​ទៅ​រាប់​ពាន់​នាក់​ផង​នោះ។

តុលាការ​ប្រជាជន​មួយ​នៅ​ទីក្រុង Guangzhou ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ខេត្ត Guangzhou ​នៅ​ថ្ងៃ​សុក្រ​នេះ បាន​កាត់​ទោស​ឲ្យ​មេធាវី Tang Jingling ​អាយុ ៤៤​ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​យូរ​ជាង​គេ បន្ទាប់​ពី​សវនាការ​សម្ងាត់​មួយ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស Amnesty International និង​អង្គការ Human Rights Watch ព្រម​ទាំង​អង្គការ​សិទ្ធិមនុស្ស​ឯ​ទៀត​ដែល​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ។

សកម្មជន Wang Qingying អាយុ ៣១​ឆ្នាំ បាន​ជាប់​ទោស ២​ឆ្នាំ​កន្លះ និង Yuan Xinting ​អាយុ ៤៤​ឆ្នាំ ជាប់​ទោស៣​ឆ្នាំ​កន្លះ។ គេ​ពុំ​ឃើញ​មាន​ការ​ផ្សាយ​ជា​ផ្លូវ​ការ​ណា​មួយ​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត អំពី​ការ​កាត់​ទោស​នេះ​ទេ៕