យោធាចិនថ្លែងកាលពីថ្ងៃអង្គារថាខ្លួនបានពង្រាយកងកម្លាំងជើងទឹកនិងអាកាសទៅត្រួតពិនិត្យនិងព្រមានយន្តហោះត្បាតរបស់អាមេរិកដែលហោះកាត់តាមច្រកសមុទ្រតៃវ៉ាន់ដ៏ចម្រូងចម្រាស ដោយបានថ្កោលទោសអាមេរិកថាព្យាយាមធ្វើឱ្យសហគមន៍អន្តរជាតិ«យល់ច្រឡំ»។
ប្រមាណមួយខែម្តង កប៉ាល់ឬយន្តហោះយោធាអាមេរិកឆ្លងកាត់ឬហោះលើផ្លូវទឹកដែលបែងចែកតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យចេញពីចិន។ នេះជាបេសកកម្មដែលតែងធ្វើឱ្យចិនខឹងសម្បារ។
ចិនទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់និងថាខ្លួនមានយុត្តាធិការលើច្រកសមុទ្រនេះ។ តៃវ៉ាន់និងសហរដ្ឋអាមេរិកប្រកែកថាច្រកសមុទ្រនេះគឺជាផ្លូវទឹកអន្តរជាតិ។
កងនាវាទី៧នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកថ្លែងថា យន្តហោះល្បាតដែនសមុទ្រប្រភេទ P-8A Poseidon មួយគ្រឿងបានហោះកាត់តាមច្រកសមុទ្រដែលស្ថិតនៅក្នុង«ផ្លូវអាកាសអន្តរជាតិ» ដោយបានបន្ថែមថាការហោះហើរនោះបង្ហាញពីការប្តេជ្ញារបស់អាមេរិកទៅលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហ។
កងនាវាទី៧បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖«ដោយប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ស្របតាមច្បាប់អន្តរជាតិ អាមេរិកគោរពទៅតាមសិទ្ធិនិងសេរីភាពក្នុងការធ្វើនាវាចរណ៍របស់គ្រប់ប្រទេសទាំងអស់»។
យោធាចិនបានរិះគន់ការហោះហើរនោះថាជា«ការឃោសនាបំផ្លើសជាសាធារណៈ» ដោយបន្ថែមថាខ្លួនបានតាមដានយន្តហោះអាមេរិកនិងបានឆ្លើយតប«យ៉ាងមានប្រសិទ្ធភាព»ទៅលើស្ថានការណ៍នោះ។
បញ្ជាការដ្ឋានទិសខាងកើតរបស់យោធាចិនថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖«អត្ថាធិប្បាយរបស់អាមេរិកបំភ្លៃគោលការណ៍ច្បាប់ បំភ័ន្តមតិសាធារណៈ និងធ្វើឱ្យអន្តរជាតិយល់ច្រឡំ»។
សេចក្តីថ្លែងការណ៍បន្ថែមថា៖
«យើងជំរុញឱ្យអាមេរិកបញ្ឈប់ការបំភ្លៃនិងបំភ័ន្ត ហើយរួមគ្នាការពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់»៕