ចិន​ស្វែងរក​ក្រុមហ៊ុន​បរទេស​ឲ្យ​ជួយ​រុករក​ប្រេង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

ឆ្មាំ​សមុទ្រ​របស់​ចិន​ធ្វើ​ដំណើរ​ទៅ​កាន់​អ្នក​នេសាទ​ហ្វីលីពីន នៅ​ពេល​ពួកគេ​ប្រឈម​មុខ​គ្នា​នៅ​កោះ Scarborough Shoal នៅ​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី២៣ ខែកញ្ញា​ឆ្នាំ២០១៥។

រដ្ឋាភិបាល​ចិន​កំពុង​ស្វែងរក​ក្រុមហ៊ុន​ម៉ៅ​ការ​នានា ដើម្បី​ចុះ​កុងត្រា​ស្វែង​រក​ប្រេង និង​ឧស្ម័ន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ស្រប​ពេល​នោះ​ដែរ រដ្ឋាភិបាល​ចិន​ក៏​រំពឹង​ថា ​នឹង​ប្រឈម​ជាមួយ​នឹង​ការ​តវ៉ា​ផង​ដែរ ដោយសារ​តែ​រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ​ទៀត បាន​តវ៉ា​ការ​ទាមទារ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​មាន​ជម្លោះ​នេះ។

ក្រុមហ៊ុន China National Offshore Oil Corporation ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ នៅ​ក្នុង​ប្រទេស​ចិន បាន​ចេញ​នូវ​សំណើ​មួយ កាល​ពី​សប្ដាហ៍​មុន ដើម្បី​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បរទេស​នានា ចូលរួម​ជាមួយ​ខ្លួន នៅ​ក្នុង​ការ​រុករក​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​តំបន់​ចំនួន ២២ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ឆ្នេរ​សមុទ្រ​ចិន។ តំបន់​ដែល​មាន​ទំហំ ៤ ម៉ឺន ៧ ពាន់ ២៧០ គីឡូម៉ែត្រ​ការ៉េ​នេះ គ្រប​ដណ្ដប់​ដែនទឹក​ដែល​តវ៉ា​ទាមទារ​ដោយ​កោះ​តៃវ៉ាន់ និង​ប្រទេស​វៀតណាម។

ក្រុមហ៊ុន​ប្រេង​បរទេស​នានា ដែល​កំពុង​ផ្ដោត​លើ​ការ​ដេញ​ថ្លៃ ដែល​នឹង​បិទ​បញ្ចប់​នៅ​ខែ​កញ្ញា ខាង​មុខ​នេះ ប្រហែល​ជា​បារម្ភ​ថា ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ការ​ទាមទារ​ដែន​ទឹក​របស់​ចិន អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​របស់​ពួកគេ ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត ដែល​ប្រជែង​ទាមទារ​កាន់កាប់​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែរ​នោះ។ ក្រុមហ៊ុន​ទាំង​នោះ ក៏​បារម្ភ​ដែរ​ថា ប្រេង​ដែល​នឹង​រក​បាន​ណា​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នឹង​ក្លាយ​ជា​ប្រេង​ដែល​ភាគី​ជម្លោះ​នីមួយៗ​ទាមទារ​ចង់​បាន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

លោក Thomas Pugh សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន Capital Economics នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បាន​និយាយ​ថា៖ «ប្រសិន​បើ​ក្រុមហ៊ុន​ទាំង​នោះ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ចិន ពួកគេ​អាច​ប្រឈម​នឹង​បញ្ហា ដែល​ថា ប្រទេស​ផ្សេងៗ​ទៀត ដែល​ទាមទារ​កាន់កាប់​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នឹង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ការ​ជាមួយ​នោះ​ទេ‍»។

លោក Raymond Wu ប្រធាន​គ្រប់គ្រង​នៃ​ក្រុមហ៊ុន e-telligence ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ បាន​បញ្ជាក់​ថា ការ​រក​ឃើញ​ប្រេង ឬ​ឧស្ម័ន​ណា​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង អាច​ត្រូវ​ប្រទេស​ផ្សេង​ទៀត​តវ៉ា​ផង​ដែរ៕