ចិន​ថា ខ្លួន​នឹង​ជ្រើសរើស​អ្នក​តាក់តែង​ច្បាប់​សម្រាប់​ទីក្រុង​ហុងកុង

កញ្ចក់​ទូរទស្សន៍​មួយ​ចាក់​ផ្សាយ​ព័ត៌មាន​អំពី​ការ​បើក​សមាជប្រជុំ​​របស់​សភា​ប្រជាជន​ចិន​ ទីក្រុង​ហុងកុង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។

មន្រ្តី​ជាន់ខ្ពស់​ចិន​មួយ​រូប​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ ទី០៥ ខែ​មីនា​ថា គណៈកម្មាធិការ​មួយ​ដែលមាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នឹង​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ច្បាប់​សម្រាប់​ទីក្រុង​ហុងកុង ដើម្បី​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ពង្រឹង​ការ​គ្រប់គ្រង​របស់​ចិន​មក​លើ​ទីក្រុង​មួយ​នេះ។

អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន ​លោក Wang Chen បាន​លើកឡើង​ថា នៅក្នុង​ទីក្រុង​ប៉េកាំង គណៈកម្មាធិការ​នេះ​នឹង​ចូលរួម​នៅ​ក្នុង​ការ​ចាត់តាំង​បេក្ខភាព និង​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ច្បាប់​ «មួយ​ភាគ​ធំ» សម្រាប់​ទីក្រុង​ហុងកុង​។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក​មិន​បាន​បញ្ជាក់​ថា អ្នក​តាក់តែង​ច្បាប់​ប៉ុន្មាន​នាក់​នោះ​ទេ​ដែល​គណៈកម្មាធិការ​នេះ​នឹង​ជ្រើសរើស។ ប៉ុន្តែ​សារព័ត៌មាន South China Morning Post របស់​ហុងកុង បាន​រាយការណ៍​ថា ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា សមាជិក​ក្រុមប្រឹក្សា​ទាំង​នោះ​នឹង​បំពេញ​អាសនៈ​ចំនួន ៣០ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​អាសនៈ​សរុប​សម្រាប់​ក្រុមប្រឹក្សា​ច្បាប់​ទីក្រុង​ហុងកុង​កើន​ដល់ ៩០។

ចំណាត់ការ​ខាង​លើ​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​ប៉ះពាល់​យ៉ាង​ធំ​មួយ​មក​លើ​លទ្ធិប្រជាធិបតេយ្យ ដោយ​ក្រុម​អ្នក​សង្កេតការណ៍ និង​ពលរដ្ឋ​មួយ​ចំនួន​នៅ​ទីក្រុង​ហុងកុង ដែល​ធ្លាប់តែ​ទទួល​បាន​សេរីភាព​ច្រើន​ជាង​នៅ​ចិន​ដី​គោក ប៉ុន្តែ​សិទ្ធិ​របស់​ពួកគេ​ថមថយ​យ៉ាងខ្លាំង​កាល​ពី​ឆ្នាំ​មុន​នេះ។

ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​និយាយ​ថា ការ​ពង្រឹង​ការ​គ្រប់គ្រង​របស់​ចិន​មក​លើ​ប្រព័ន្ធ​នយោបាយ​របស់​ទីក្រុង​ហុងកុង​បំពាន​នូវ​ការ​សន្យា​របស់​ខ្លួន​ដែល​ថា នឹង​ផ្តល់​ស្វ័យភាព​រយៈពេល ៥០​ឆ្នាំ​មក​ដល់​ទីក្រុង​ហុងកុង​ក្រោម​រចនាសម្ព័ន្ធ​ «ប្រទេស​មួយ​ ប្រព័ន្ធពីរ» ដែល​រចនាសម្ព័ន្ធ​នេះ​ត្រូវ​បាន​អនុវត្ត​ឡើង​កាល​ពីឆ្នាំ ១៩៩៧ នៅ​ពេល​ដែល​អង់គ្លេស​បាន​ផ្តល់​ការ​គ្រប់គ្រង​លើ​ទីក្រុង​ហុងកុង​ទៅ​ឲ្យ​ចិន។

ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង​ជនជាតិ​អង់គ្លេស​ចុង​ក្រោយ​បង្អស់ ​លោក Chris Patten បាន​និយាយ​ថា ប្រព័ន្ធ​បោះឆ្នោត​របស់​ក្រុង​នេះ «បំផ្លាញ​ទាំងស្រុង​នូវ​ការ​ប្តេជ្ញា​ចំពោះ​រចនាសម្ព័ន្ធ​ប្រទេស​មួយ ប្រព័ន្ធ​ពីរ»។

ការ​ប្រកាស​របស់​លោក Wang Chen អនុប្រធាន​គណៈកម្មាធិការអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន ត្រូវ​បាន​ធ្វើឡើង​ ក្នុង​រយៈពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​ចៅក្រម​ទីក្រុង​ហុងកុង​មួយ​រូប​បាន​បញ្ជា​ឲ្យ​មាន​ការ​បន្ត​ឃុំខ្លួន​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន ៤៧​ នាក់៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា