ក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រ ទី ៦ ខែមករា បានច្រានចោលប្រតិកម្មនិងការរិះគន់នានាពាក់ព័ន្ធទៅនឹងការកើនឡើងនូវចំនួនករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន ដោយថ្លែងថា ស្ថានការណ៍នៅប្រទេសចិនអាចព្យាករណ៍បាន និងកំពុងស្ថិតក្រោមការគ្រប់គ្រងបាន។
មានការព្រួយបារម្ភកាន់តែខ្លាំងអំពីការហក់ឡើងនៃចំនួនករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន បន្ទាប់រដ្ឋាភិបាលបានលើកលែងការរឹតបន្តឹងវិធានការគ្រប់គ្រងកូវីដ១៩ កាលពីខែមុន។ ចិនធ្លាប់បានអនុវត្តវិធានការបង្ការកូវីដ១៩ ដ៏តឹងរ៉ឹងបំផុតនៅលើពិភពលោក។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង កាណាដា កូរ៉េខាងត្បូង អេស្ប៉ាញ និងកាតា កាលពីពេលថ្មីៗនេះបានប្រកាសដាក់លក្ខខណ្ឌរឹតបន្ដឹងលើការធ្វើដំណើរសម្រាប់អ្នកដំណើរមកពីប្រទេសចិន ដោយតម្រូវឲ្យពួកគេបង្ហាញប័ណ្ណបញ្ជាក់ពីភាពអវិជ្ជមានជំងឺកូវីដ១៩ មុនពេលអនុញ្ញាតឱ្យចូលក្នុងប្រទេសរបស់ពួកគេ។ មន្ត្រីសហភាពអឺរ៉ុប ក៏កំពុងពិចារណាទៅលើវិធានការស្រដៀងគ្នានេះផងដែរ។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានដែលធ្វើឡើងនៅរៀងរាល់ថ្ងៃសុក្រ អ្នកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចំណាត់ការថ្មីនេះគឺជារឿង«មិនសមហេតុផល»។
អ្នកស្រីថ្លែងថា ប្រទេសនៅទ្វីបអឺរ៉ុបមួយចំនួនបានសម្រេចចិត្តមិនដាក់លក្ខខណ្ឌតម្រូវក្នុងការធ្វើដំណើរសម្រាប់ទេសចរចិន។ អ្នកស្រីបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុបគួរតែមានការវិនិច្ឆ័យផ្អែកលើហេតុផល និងគួរតែមើលឃើញពីការឆ្លើយតបរបស់ចិនទៅលើជំងឺកូវីដ១៩ ដោយភាពមិនលម្អៀង និងយុត្តិធម៌។
ក្រុមមន្ត្រីរបស់អង្គការសុខភាពពិភពលោក បានរិះគន់ការឱ្យនិយមន័យដ៏ចង្អៀតចង្អល់របស់ចិនទៅលើករណីស្លាប់ដោយសារជំងឺកូវីដ១៩ និងបានព្រមានថា ស្ថិតិផ្លូវការអំពីករណីជំងឺកូវីដ១៩ មិនឆ្លុះបញ្ចាំងពីការផ្ទុះឡើងជាក់ស្ដែងនោះទេ។
លោក Michael Ryan នាយកកម្មវិធីគ្រាអាសន្ននៃអង្គការសុខភាពពិភពលោក បានថ្លែងថា អង្គការសុខភាពពិភពលោកជឿថា៖ «តួលេខបច្ចុប្បន្នដែលចិនបានផ្សព្វផ្សាយ មិនឆ្លើយតបទៅនឹងចំនួនករណីឆ្លងជំងឺកូវីដ៩ ជាក់ស្ដែងនោះទេ ដូចជាចំនួនអ្នកចូលព្យាបាលនៅមន្ទីរពេទ្យ និងចំនួនអ្នកដែលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ICU ជាពិសេសទៀតនោះគឺចំនួនអ្នកស្លាប់»។
អ្នកស្រី Mao អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រ ទី ៦ ខែមករា បានថ្លែងយ៉ាងទទូចថា ប្រទេសរបស់អ្នកស្រីបានចែករំលែករាល់ទិន្នន័យវិទ្យាសាស្ត្រជាមួយសហគមន៍អន្តរជាតិដែលពាក់ព័ន្ធ «ដោយបើកចំហ និងប្រកបដោយតម្លាភាព»។
លើសពីនេះទៅទៀត ក៏មានការព្រួយបារម្ភអំពីការបដិសេធរបស់ចិន ក្នុងការប្រើប្រាស់វ៉ាក់សាំងកូវីដ ផលិតតាមរូបមន្ត mRNA ដែលជារូបមន្តវ៉ាក់សាំងកូវីដប្រើប្រាស់យ៉ាងទូលំទូលាយដោយប្រទេសលោកខាងលិចភាគច្រើន។ ចិនថែមទាំងបានបដិសេធសំណើផ្ដល់វ៉ាក់សាំងពីសហភាពអឺរ៉ុបផងដែរ។ វ៉ាក់សាំងដែលផលិតដោយរូបមន្ត RNA ត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពខ្ពស់ជាងវ៉ាក់សាំងដែលផលិតក្នុងស្រុករបស់ចិន។
វីអូអេផ្សាយជាភាសាចិនបានរាយការណ៍កាលពីថ្ងៃសុក្រ ទី ៦ ខែមករា ថា ក្រុមអ្នកជំនាញផ្នែកសុខភាពមកពីមហាវិទ្យាល័យជំងឺរាតត្បាតសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Brown និងវិទ្យាស្ថានច្បាប់សុខភាពជាតិនិងសាកលនៃសាកលវិទ្យាល័យ Georgetown នៅក្នុងសហរដ្ឋអាមេរិក បានបង្ហាញព័ត៌មានបន្ថែមទៅលើការហក់ឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន។
ថ្លែងតាមរយៈសំណេរដាច់ដោយឡែកពីគ្នាមកកាន់វីអូអេផ្សាយជាភាសាចិន ក្រុមមន្ត្រីជំនាញបាននិយាយថា ការដាក់លក្ខខណ្ឌឱ្យមានការធ្វើតេស្តមុនការធ្វើដំណើរពីសំណាក់រដ្ឋាភិបាលនានានៅលើពិភពលោកអាចចូលរួមទប់ស្កាត់ការឆ្លងវីរុសដែលបង្កជាជំងឺកូវីដ១៩ បានតិចតួចតែប៉ុណ្ណោះ។ ប៉ុន្តែរដ្ឋាភិបាលទាំងនោះយល់អំពីមហិច្ឆតាផ្នែកនយោបាយដែលតម្រូវឱ្យពួកគេដាក់វិធានការរឹតបន្ដឹងមួយចំនួន។
លើសពីនេះទៀត ពួកគេមានចម្ងល់ទៅលើការសម្រេចចិត្តរបស់ចិនដែលបដិសេធមិនប្រើប្រាស់វ៉ាក់សាំង mRNA ដែលចំណុចនេះពួកគេថ្លែងថា មិនមានអ្វីពាក់ព័ន្ធនឹងវិទ្យាសាស្ត្រនោះទេ ប៉ុន្តែការបដិសេធនេះទំនងជាដោយសារតែចិនមិនចង់សារភាពថា វ៉ាក់សាំងរបស់ខ្លួនមិនមានប្រសិទ្ធភាព៕
អ្នករាយការណ៍ព័ត៌មានរបស់វីអូអេផ្សាយជាភាសាចិន Jessie Jiang និងJie Xi ចូលរួមចំណែកដល់សេចក្ដីរាយការណ៍នេះ។ ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មានThe Associated Press និងទីភ្នាក់ងារព័ត៌មាន Agence France-Presse។