បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្នុងឆ្នាំ ២០២០ មក នាង Gao Yu បានប្រឈមនឹងបញ្ហាក្នុងការរកការងារការិយាល័យដ៏ឋិតថេរមួយធ្វើនៅក្នុងទីក្រុង Guangzhou នៃខេត្ត Guangdong នៅភាគខាងត្បូងប្រទេសចិន។
នាង Gao Yu ក៏ដូចជាយុវជនចិននៅតាមទីជនបទជាច្រើនទៀតដែរ បានត្រឡប់ទៅខេត្តកំណើតវិញទាំងស្ទាក់ស្ទើរក្នុងការលះបង់ក្ដីប្រាថ្នារបស់ខ្លួន ក្នុងការរកការងារការិយាល័យធ្វើនៅតាមទីក្រុងធំៗ។ នាងបានត្រឡប់ទៅខេត្ត Yunnan វិញ ដើម្បីជួយដល់អាជីវកម្មលក់កសិផលស្រស់តាមអនឡាញរបស់គ្រួសារនាង។
ឈ្មោះ Gao Yu នេះគឺជាឈ្មោះដែលអ្នកយកព័ត៌មានបានដាក់ឱ្យ ដោយសារនាងបានសុំមិនបញ្ចេញឈ្មោះពិតសម្រាប់បទសម្ភាសន៍នេះ ដោយសារខ្លាចមានការសងសឹកពីអាជ្ញាធរចិន។
នាងបានប្រាប់ VOA ថា៖ «ដំបូងខ្ញុំស្ទាក់ស្ទើរក្នុងការត្រឡប់ទៅខេត្តវិញ។ ខ្ញុំពិតជាមិនចង់ធ្វើការលក់កសិផលតាមអនឡាញនោះទេ ពីព្រោះខ្ញុំមិនដែលធ្លាប់ធ្វើការងារដូចនេះ ហើយតាមពិតទៅ ខ្ញុំមិនសូវចាប់អារម្មណ៍លើផ្នែកនេះទេ»។
នៅខេត្ត Yunnan គ្រួសាររបស់នាងបានប្រថុយលក់កសិផលដែលដាំនៅក្នុងចម្ការរបស់ពួកគេតាមអនឡាញ។ ក្នុងនាមជានិស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យតែមួយរូបគត់នៅក្នុងគ្រួសារដ៏ធំរបស់នាង នាង Gao Yu បានក្លាយជាមនុស្សដ៏សំខាន់នៃហាងអនឡាញនេះ ដោយទទួលបន្ទុកផ្សេងៗតាំងពីការបង្កើតវិធីទាក់ទាញអតិថិជនរហូតដល់ការផ្សព្វផ្សាយទំនិញ។
ទៅតំបន់ភ្នំ ទៅតំបន់ជនបទ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានលើកទឹកចិត្តយុវជនឱ្យធ្វើការនៅតាមតំបន់ជនបទ ដែលនេះមានភាពស្រដៀងគ្នាទៅនឹងគំនិតផ្តួចផ្តើមកាលពីអំឡុងបដិវត្តន៍វប្បធម៌នៅទសវត្សរ៍ ១៩៦០។
កាលពីខែមេសាឆ្នាំ ២០២៣ ខេត្ត Guangdong បានដាក់ចេញនូវផែនការសកម្មភាពមួយដោយធ្វើការកៀរគរយុវជនចំនួន ១០០.០០០ នាក់ ឱ្យជួយនៅក្នុងការអភិវឌ្ឍជនបទនៅត្រឹមចុងឆ្នាំ ២០២៥។
ទោះជាយ៉ាងនេះក្តី លោក Benn Steil ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់និងជាប្រធានផ្នែកសេដ្ឋកិច្ចអន្តរជាតិនៅអង្គការ Council on Foreign Relations ដែលជាអង្គការស្រាវជ្រាវគោលនយោបាយមួយនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា និស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនៅប្រទេសចិនទំនងជាមិនពេញចិត្តក្នុងការវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញនៅតាមទីក្រុងតូចៗឬតំបន់ជនបទនោះទេ។
លោក Steil បានប្រាប់ VOA ថា៖ «ដោយសារតែពួកគេចង់បានបទពិសោធន៍ដូចនឹងជំនាន់ឪពុកម្តាយរបស់ពួកគេ គឺឱកាសដើម្បីផ្លាស់ប្តូរស្ថានភាពគ្រួសារឱ្យទៅជាវណ្ណៈកណ្តាលនិងការមានសមត្ថភាពក្នុងការកសាងនិងផ្គត់ផ្គង់គ្រួសាររបស់ខ្លួន»។
ឥឡូវនេះ ដោយប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណេញពីអាជីវកម្មតាមអនឡាញរបស់នាង និងខណៈពេលដែលនាងនៅតែមានក្តីប្រាថ្នាក្នុងការបន្តជីវិតតាមក្តីស្រមៃរបស់ខ្លួន នាង Gao Yu បានពិចារណាអំពីការវិលត្រឡប់ទៅទីក្រុង Guangzhou វិញសម្រាប់ឱកាសការងារ។
ថ្វីបើយ៉ាងនេះក៏ដោយ ទិន្នន័យផ្លូវការដែលចេញផ្សាយកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ អំពីអត្រាថ្នាក់ជាតិនៃអ្នកអត់ការងារធ្វើក្នុងទីក្រុងរបស់ប្រទេសចិន បានបង្ហាញថា អ្នកអត់ការងារធ្វើមានចំនួន ៥% នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ ២០២១ មក។ អត្រានេះឆ្លុះបញ្ចាំងឱ្យឃើញថា ក្តីសង្ឃឹមរបស់នាង Gao Yu ក្នុងការផ្លាស់ទៅតំបន់ទីក្រុងដើម្បីរកការងារធ្វើគឺមិនទំនងកើតឡើងនោះទេ នៅពេលនេះ។
និន្នាការនៃយុវជនរស់នៅជាមួយឪពុកម្ដាយដោយ «រកការងារធ្វើតាមសម្រួល»
នៅចំពេលដែលមានកង្វះការងារនៅក្នុងប្រទេសចិន ឥឡូវនេះមនុស្សមួយចំនួនកំពុងទទួលយកនូវទស្សនៈនៃ «ការដេកនៅស្ងៀម» ការធ្វើជា «កូនពេញម៉ោង» និងការចូលរួមក្នុង «ក្រុមមនុស្សដែលរកការងារធ្វើតាមសម្រួល»។
ទស្សនៈនៃ «ការដេកនៅស្ងៀម» គឺសំដៅទៅលើរបៀបរស់នៅធម្មតាដែលមិនមានការប្រកួតប្រជែងខ្លាំងនិងមិនខ្វល់ពីការរំពឹងទុកក្នុងសង្គម។ រីឯការធ្វើខ្លួនជា «កូនពេញម៉ោង» វិញគឺសំដៅទៅលើកូនធំពេញវ័យដែលនៅរស់នៅជាមួយឪពុកម្តាយដោយជ្រើសរើសមិនធ្វើការងារពេញម៉ោង។ ចំណែកឯពាក្យថា «ក្រុមមនុស្សដែលរកការងារធ្វើតាមសម្រួល» ក៏កំពុងលេចឡើងនៅក្នុងប្រទេសចិនផងដែរ ដោយការនិយាយបែបនេះ គឺចង់សំដៅទៅលើនិស្សិតដែលបញ្ចប់ការសិក្សា ប៉ុន្តែមិនទាន់មានការងារធ្វើ។
កាលពីខែកក្កដាឆ្នាំមុន អ្នកស្រីសាស្ត្រាចារ្យ Zhang Dandan នៃសាកលវិទ្យាល័យ Peking University បានគូសបញ្ជាក់អំពីការវាយតម្លៃមិនពេញលេញអំពីភាពអត់ការងារធ្វើរបស់យុវជននៅក្នុងប្រទេសចិននៅក្នុងអត្ថបទមួយក្នុងទស្សនាវដ្ដី Caixin ដោយអ្នកស្រីបានលើកឡើងអំពីការដែលមនុស្សជាច្រើនជ្រើសរើសយកការរង់ចាំ ឬការដកខ្លួនចេញពីទីផ្សារការងារ ដោយសារលក្ខខណ្ឌមិនអំណោយផល ហើយសុខចិត្ត «រកការងារធ្វើតាមសម្រួល»។
លោក Jacey ដែលរស់នៅជាមួយឪពុកម្តាយរបស់លោកនៅក្នុងទីក្រុងប៉េកាំងគឺជាឧទាហរណ៍មួយនៃនិន្នាការនេះ ដោយលោកកំពុងតែរស់នៅដោយចាយវាយប្រាក់សន្សំនិងទទួលបានការទំនុកបម្រុងពីឪពុកម្តាយ បន្ទាប់ពីលោកបានព្យាយាមបន្តការសិក្សានៅបរទេសមិនបានសម្រេច។ ថ្វីបើលោកកំពុងពិចារណាអំពីការរកការងារធ្វើក៏ដោយ ក៏លោកមានអារម្មណ៍ថា លោក «មានការឃ្លាតឆ្ងាយពីសង្គម»។
លោកបានប្រាប់ VOA ថា៖ «ជាញឹកញាប់ ខ្ញុំបានជួបមនុស្សដូចខ្ញុំនៅលើបណ្តាញសង្គមអនឡាញ Weibo និងបណ្ដាញសង្គមអនឡាញផ្សេងទៀតដែលមិនទៅធ្វើការឬមិនអាចរកការងារធ្វើបាន»។
ក្រោយពីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ លោក Jacey បានធ្វើការមួយឆ្នាំហើយបានសន្សំប្រាក់ដែលបានពីការងារនោះសម្រាប់ការសិក្សានៅសាលាភាសានៅប្រទេសជប៉ុន។ បន្ទាប់ពីបានត្រៀមខ្លួនរយៈពេលពីរឆ្នាំនិងប្រឡងធ្លាក់ម្តងហើយម្តងទៀតមក លោកបានត្រឡប់ទៅទីក្រុងប៉េកាំងវិញកាលពីខែកុម្ភៈ ឆ្នាំ ២០២៣។
លោក Jacey ដែលជាផ្នែកមួយនៃនិន្នាការ «រកការងារធ្វើតាមសម្រួល» ដែលជានិន្នាការកំពុងកើតឡើងនៅក្នុងប្រទេសចិននេះ បាននិយាយថា៖ «ប្រសិនបើខ្ញុំឃើញការប្រកាសរកបុគ្គលិកធ្វើការនៅក្នុងភោជនីយដ្ឋាន ខ្ញុំនឹងមិនទៅទេ ពីព្រោះខ្ញុំខ្ជិល»។
លោក Jacey បានទទួលស្គាល់ថា ក្នុងពេលបច្ចុប្បន្ននេះ លោកបានផ្តាច់ទំនាក់ទំនងពីសង្គមដោយមិនខ្វល់អំពីការរកការងារធ្វើ។ ថ្វីបើលោកនិយាយថា លោកមិនចូលចិត្តទីក្រុងប៉េកាំងក៏ដោយ ក៏លោកមិនមានគម្រោងស្វែងរកការងារធ្វើនៅទីក្រុងផ្សេងនោះដែរ។ លោកបាននិយាយថា ការរស់នៅជាមួយឪពុកម្ដាយរបស់លោកនៅក្នុងទីក្រុងប៉េកាំងគឺលោក «មិនចាំបាច់បង់ថ្លៃឈ្នួលផ្ទះនោះទេ»។
ការស្ទង់មតិកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញអំពីការកើនឡើងនូវចំនួនប្រជាពលរដ្ឋដែលសុខចិត្ត «រកការងារធ្វើតាមសម្រួល» នៅក្នុងប្រទេសចិន។ កាលពីខែកញ្ញា ឆ្នាំ ២០២៣ ការស្ទង់មតិមួយដែលធ្វើឡើងដោយសារព័ត៌មាន China Youth Daily ដែលមានអ្នកចូលរួមឆ្លើយសំណួរចំនួន ២.០០៩ នាក់ បានបង្ហាញថា ៧២,៩% នៃអ្នកទាំងនេះមានមិត្តភក្តិឬសាច់ញាតិដែលជានិស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យស្ថិតក្នុងចំណោមមនុស្សដែលសុខចិត្ត «រកការងារធ្វើតាមសម្រួល»។
ការជ្រើសរើសមន្ត្រីរដ្ឋការនិងនិស្សិតថ្នាក់ក្រោយឧត្តមសិក្សាកើនឡើង
កាលពីខែតុលា ឆ្នាំ ២០២៣ សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន China News Service បានបង្ហាញអំពីផែនការរបស់រដ្ឋាភិបាលចិនក្នុងការជ្រើសរើសមន្ត្រីរដ្ឋការថ្នាក់ជាតិឆ្នាំ ២០២៤ ចំនួន ៣៩.៦០០ នាក់ ដែលជាការកើនឡើងចំនួន ៦,៧% ដោយកើនពីចំនួន ២៤.១០០ នាក់ក្នុងឆ្នាំ ២០២០។
ការចុះឈ្មោះប្រឡងក្របខណ្ឌមន្ត្រីរដ្ឋការថ្នាក់ជាតិបានកើនឡើងជាង ៦០% ការចុះឈ្មោះប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋការថ្នាក់ខេត្តបានកើនឡើង ១៧% ហើយការចុះឈ្មោះចូលរៀនថ្នាក់ក្រោយឧត្តមសិក្សានៅតាមសាកលវិទ្យាល័យនានាបានកើនឡើងចំនួន ៥,៦១% សម្រាប់ឆ្នាំសិក្សា ២០២៤ នេះ។ នេះបើយោងតាមក្រសួងអប់រំរបស់ប្រទេសចិន។
លោក Steil អះអាងថា ការផ្ដោតរបស់រដ្ឋាភិបាលចិនលើការជ្រើសរើសមន្ត្រីរដ្ឋការនិងនិស្សិតបញ្ចប់ការសិក្សានេះគឺគ្រាន់តែជាការដោះស្រាយរោគសញ្ញានៃបញ្ហាអត្រាយុវជនគ្មានការងារធ្វើខ្ពស់នៅក្នុងប្រទេសចិននេះតែប៉ុណ្ណោះ មិនមែនជាការដោះស្រាយឫសគល់ពិតប្រាកដនៃបញ្ហានេះទេ។
លោកបានបន្ថែមថា៖ «បញ្ហានេះអាចបង្កើតឱ្យមានភាពចលាចលខាងនយោបាយច្រើនគួរសមនៅក្នុងប្រទេសចិន ហើយពិតជានឹងធ្វើឱ្យមានភាពប្រេះស្រាំនៅក្នុងសង្គម»។
និរទេសខ្លួនដោយសារភាពអត់ការងារធ្វើ
នាង Fu Zijin ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកការអប់រំភាសាអង់គ្លេសថ្នាក់បឋមសិក្សាពីសាកលវិទ្យាល័យ Bozhou នៅឆ្នាំ ២០១៩ បានលើកឡើងថា បញ្ហាប្រឈមនៅក្នុងការរកការងារធ្វើគឺបណ្តាលមកពីការបង្ក្រាបរបស់រដ្ឋាភិបាលចិនលើវិស័យអប់រំនិងការបណ្តុះបណ្តាលកាលពីឆ្នាំ ២០២១។
មិត្តរួមថ្នាក់របស់នាង ២ នាក់ដែលបានបញ្ចប់ការសិក្សានៅឆ្នាំ ២០២០ នៅតែមិនទាន់មានការងារធ្វើ។ ពួកគេព្យាយាមរកការងាររដ្ឋការនិងត្រៀមប្រឡងចូលធ្វើគ្រូបង្រៀននៅចំពេលដែលមានការប្រកួតប្រជែងខ្លាំង។
តាមរយៈការសង្កេតមើលនិន្នាការនៅក្នុងស្រុកកំណើតរបស់នាង នាង Fu បានកត់សម្គាល់ថា «អ្នកខ្លះចាប់ផ្តើមអាជីវកម្ម ហើយអ្នកខ្លះទៀតគ្រាន់តែនៅផ្ទះធ្វើជា «កូនពេញម៉ោង»។
បន្ទាប់ពីបាត់បង់ការងារជាគ្រូបង្រៀនភាសាអង់គ្លេសក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ នាង Fu បានតស៊ូត្រៀមប្រឡងចូលធ្វើគ្រូបង្រៀននិងសិក្សាថ្នាក់បណ្តុះបណ្តាលក្នុងស្រុក។
កាលពីខែតុលា ឆ្នាំ ២០២០ នាងបានទទួលការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សារដ្ឋ ក៏ប៉ុន្តែនាងប្រឈមនឹងបញ្ហាខាងមនោគមវិជ្ជាដែលបណ្តាលឱ្យនាងលាឈប់ពីការបង្រៀននៅខែកញ្ញា ឆ្នាំ ២០២២។
នាងបានជ្រើសរើសផ្លូវថ្មី ដោយនាងនិងមិត្តប្រុសរបស់នាងបានទៅធ្វើការនៅប្រទេសសិង្ហបុរី ហើយក្រោយមកបានជ្រើសរើសយកវិធី «ឆ្លងដែនដោយខុសច្បាប់» ចូលក្នុងសហរដ្ឋអាមេរិក។ បច្ចុប្បន្ននាងធ្វើការនៅភោជនីយដ្ឋានមួយកន្លែងនៅក្នុងទីក្រុង Los Angeles រដ្ឋ California៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់