កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំចិនលោក Xi Jinping បានធ្វើអត្ថាធិប្បាយសាធារណៈលើកដំបូងរបស់លោកអំពីជម្លោះរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ ដោយបានអំពាវនាវឱ្យមានការឈប់បាញ់គ្នានិងបានថ្លែងជាថ្មីទៀតអំពីការបង្កើត«រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ»តាមរយៈដំណោះស្រាយរដ្ឋពីរជា«មធ្យោបាយជាមូលដ្ឋានដើម្បីចាកចេញ»ពីជម្លោះនេះ។
លោក Xi បាននិយាយនៅក្នុងជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក Mostafa Madbouly នៅទីក្រុងប៉េកាំងថា៖ «អាទិភាពខ្ពស់បំផុតគឺបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់រហ័សតាមអាចធ្វើបាន បញ្ចៀសកុំឱ្យជម្លោះនេះរាលដាលឬគ្រប់គ្រងមិនបាននិងបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ»។
អ្នកវិភាគខ្លះនិយាយថា កំណត់សម្គាល់ទាំងនេះរបស់លោក Xi មិនផ្លាស់ប្តូរពីគោលជំហរច្រើនទសវត្សរ៍មកហើយរបស់រដ្ឋាភិបាលប៉េកាំងអំពីបញ្ហាទាក់ទិននឹងជនជាតិប៉ាឡេស្ទីន។
ប្រទេសចិនរារែកមិនថ្កោលទោសជាសាធារណៈដល់ការវាយប្រហារលើអ៊ីស្រាអែល ដែលនាំឱ្យមានការរិះគន់ពីរដ្ឋាភិបាលអ៊ីស្រាអែលនិងរដ្ឋាភិបាលអាមេរិក។ នៅពេលដែលកងយោធាអ៊ីស្រាអែលបង្កើនការវាយប្រហារតាមអាកាសប្រឆាំងតំបន់ហ្កាហ្សា (Gaza) រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កើនការរិះគន់អ៊ីស្រាអែល ដោយនិយាយថាសកម្មភាពរបស់អ៊ីស្រាអែលមានធ្វើលើសពីទំហំនៃការការពារខ្លួនទៅទៀត។
ក្រៅពីប្រសាសន៍ជាសាធារណៈដំបូងរបស់លោកប្រធានាធិបតី Xi អំពីជម្លោះនេះ ប្រេសិតពិសេសរបស់ចិនទៅកាន់តំបន់មជ្ឈិមបូព៌ា លោក Zhai Jun ដែលបានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកទៅទីកាន់តំបន់នេះកាលពីថ្ងៃព្រហស្បតិ៍ ថ្លែងថា ចិនប្រាថ្នាចង់រក្សាទំនាក់ទំនងនិងការសម្របសម្រួលជាមួយរុស្ស៊ីដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹងនៅតំបន់នេះឱ្យឆាប់បំផុតតាមដែលអាចធ្វើបាន។
ដំណើរទស្សនកិច្ចនេះ កើតមានឡើងមួយថ្ងៃក្រោយពីលោក Xi បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅខាងក្រៅវេទិកាខ្សែក្រវាត់និងផ្លូវ (BRI) សម្រាប់សហប្រតិបត្តិការអន្តរជាតិនៅក្នុងទីក្រុងប៉េកាំង៕